១០ វិធី ជួយកាត់បន្ថយកម្តៅកូនតូច ពេលគ្រុនក្តៅ

អាការៈគ្រុនក្តៅ គឺជាជំងឺមួយដែលតែងកើតមានទៅលើមនុស្សគ្រប់វ័យ ហើយវាក៏មិនបង្កនូវក្តីបារម្ភអ្វីខ្លាំងនិង ធ្ងន់ធ្ងរនោះដែរ ។ ប៉ុន្តែបើវាកើតទៅលើកុមារតូចៗវិញនោះ វាជារឿងមួយផ្សេង ដែលអ្នកម្តាយពិតជាមានក្តីបារម្ភខ្លាំងជាក់ជាមិនខាន ។

បញ្ហាគ្រុនទៅលើកុមារ និង ក្មេងតូចៗ បើនៅមិនបានធូរស្រាលក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃទេនោះ អ្នកត្រូវ នាំកុមារទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះកុមារអាចឆ្លងមេរោគ ដូចជាពពួកបាក់តេរី និង វិរុស្សផ្សេងៗ ដែលអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើមិនបានទៅព្យាបាលទាន់ពេលវេលាទេនោះ ព្រោះប្រព័ន្ធការពាររាងកាយរបស់កុមារនៅទន់ខ្សោយនៅឡើយ មិនអាចស៊ូទ្រាំនឹងវិរុស្សបាន ។

ជាទូទៅ បើតាមគោលការណ៍កំណត់ដោយ American Academy of Pediatrics បានឱ្យដឹងថា ៖

• កុមារទើបកើតដល់អាយុ ៣ ខែ បើកំដៅលើសពី ៣៨ អង្សា គឺជាសញ្ញាបង្ហាញថាធ្ងន់ធ្ងរ ។
• កុមារអាយុចន្លោះពី ៣ ទៅ ៦ ខែ បើកំដៅលើសពី ៣៨,៣ អង្សា គួរនាំកុមារទៅពេទ្យជាបន្ទាន់ ។
• កុមារអាយុពី ៦ ខែឡើងទៅ បើកំដៅ ៣៩,៤ អង្សា ចាំបាច់ត្រូវនាំទៅពេទ្យជាបន្ទាន់ ។
ក្រៅពីនេះ នៅមានអាការៈបន្ទាប់សន្សំផ្សេងៗ ដូចជា ផ្តាសសាយ ក្អក ក្អួត និង រាគ ក៏ត្រូវនាំទៅជួបគ្រូពេទ្យ ជាបន្ទាន់ផងដែរ ។ បើទោះជាអ្នកទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញហើយក្តី អ្នកក៏អាចអនុវត្តនូវវិធីសាស្ត្រខាងក្រោមនេះបាន ដើម្បីជួយកាត់បន្ថយកំដៅ ៖

១ – ប្រើក្រណាត់ត្រជាក់
សាច់កំណាត់ត្រជាក់កំប្រេះ អ្នកអាចទិញបាននៅតាមហាងឱសថ រួចត្រូវទុកឱ្យត្រជាក់ក្នុងទូរទឹកកក ឬ ធុងក្លាសេក៏បាន មុននឹងយកទៅស្អំដាក់លើថ្ងាសកុមារ ។ បើមិនអាចរកទិញបានអ្នកក៏អាចប្រើក្រណាត់ស្អាត ធម្មតាទៅជ្រក់ទឹករួចយកទៅស្អំក៏បាន ។ ត្រូវអនុវត្ត និងផ្លាស់ប្តូរឱ្យបានច្រើនដងដើម្បីកាត់បន្ថយកំដៅ ។

២ – ប្រើទឹកក្តៅឧណ្ហៗ
អ្នកអាចយកកុមារតូចទៅងូតទឹកជាមួយទឹកក្តៅឧណ្ណៗ ដើម្បីរក្សាលំនឹងតុល្យភាពកំដៅក្នុងខ្លួនកុមារ ។ បើកុមារមានអាយុក្រោម ៦ ខែ អាចអនុវត្តបាន ពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ ។ កុមារអាយុ លើសពី ៦ ខែ អាចងូតបានច្រើនជាងនេះ ។

៣ – បំបៅកូនដោយទឹកដោះម្តាយ
សម្រាប់ទារកក្រោមអាយុ ៦ ខែ បើកើតមានបញ្ហាគ្រុន អ្នកត្រូវបំបៅកូនតែជាមួយទឹកដោះម្តាយមួយមុខ គត់ទើបប្រសើរ ។ ព្រោះវានឹងជួយរក្សាតុល្យភាពអាហារូបត្ថម្ភនិងជួយពង្រឹងប្រព័ន្ធការពាររាងកាយកុមារប្រឆាំងនឹងជំងឺផ្សេងៗ ។ ត្រូវព្យាយាមបំបៅទារកឱ្យបានកាន់តែឆាប់កាន់តែល្អ ហើយបើកុមារមិនព្រមបៅ អ្នកអាចច្របាក់យកទឹកដោះច្រកដបបំបៅក៏បាន ដែរ ។

៤ – ផ្តល់ទឹកឱ្យបានច្រើន
នៅពេលកុមារឈឺ រាងកាយត្រូវការជាតិទឹកច្រើន ដូច្នេះអ្នកម្តាយត្រូវឧស្សាហ៍ផ្តល់ទឹកឱ្យទារកឱ្យបាន ញឹកញាប់ តែបើទារកមានការពិបាកបញ្ចុកទឹក អ្នកត្រូវព្យាយាមផ្តល់ក្នុងបរិមាណបន្តិចម្តងៗ ក្រៅពីទឹក អ្នកម្តាយក៏អាចផ្តល់ទឹកអេឡិចត្រូលីត្រក៏បាន ។

៥ – រក្សាកុមារឱ្យនៅក្នុងម្លប់ និង កន្លែងត្រជាក់
ត្រូវរក្សាកុមារឱ្យនៅកន្លែងដែលស្អាត មានអនាម័យ កម្រិតសីតុណ្ហភាពសមល្មម មិនក្តៅពេក និង ត្រជាក់ពេក ។ ប្រសិនបើប្រើកង្ហា ត្រូវកំណត់ល្បឿនខ្យល់បក់ទាប និង កុំបាញ់ឱ្យត្រូវផ្ទាល់លើកុមារពេលកំពុងគេង ។ បើប្រើម៉ាសីុនត្រជាក់ អ្នកម្តាយត្រូវកំណត់សីតុណ្ហភាពសមល្មមទៅតាមបរិយាកាសនៅខាងក្រៅ និង មិនត្រូវពកុមារចេញក្រៅឱ្យត្រូវខ្យល់ និងកំដៅថ្ងៃនោះទេ ។

៦ – ស្លៀកសម្លៀកបំពាក់ឱ្យបានសមរម្យ
អ្នកម្តាយត្រូវប្រើសាច់កំណាត់ ឬ សម្លៀកបំពាក់ណាដែលទន់ និង មានខ្យល់ចេញចូលជ្រាបដល់ស្បែកបានល្អ ហើយត្រូវជៀសវាងប្រើភួយក្រាស់ៗមកគ្របលើកុមារ ព្រោះវានឹងធ្វើឱ្យកុមារឡើងកំដៅខ្លួនថែមទៀត ។ ត្រូវប្រើសាច់កំណាត់ និង សម្លៀកបំពាក់ស្រាលៗ និង ភួយស្រាលៗក៏បាន ហើយចាំបាច់ត្រូវរក្សាកុមារឱ្យគេងនៅកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ។

៧ – ម៉ាស្សាបាតជើង
អ្នកម្តាយអាចធ្វើការម៉ាស្សាបាតជើងកុមារថ្មមៗដោយប្រើប្រេងបន្តិចបន្តួចក៏បាន ព្រោះវានឹងជួយសម្រួលចលនាឈាមរត់ ជួយឱ្យកុមារគេងលក់ស្រួល និង ឆាប់ធូរស្រាលពីជំងឺ ។ នៅពេលម៉ាស្សា ត្រូវប្រើម្រាមដៃចុចថ្មមៗ នៅត្រង់ចំណុចកណ្តាលបាតជើង និង ឈ្លីតិចៗឱ្យសព្វបាតជើង ក្នុងរយៈពេល ២ ទៅ ៣ នាទី ឱ្យបានច្រើនដងក្នុងមួយថ្ងៃ ។

៨ – ប្រើទឹកខ្មេះចម្រាញ់ចេញពីផ្លែប៉ោម
សម្រាប់កុមារមានអាយុលើសពី ១ ឆ្នាំ អ្នកអាចប្រើទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម ទៅលាយជាមួយទឹកក្តៅឧណ្ហៗ ហើយយកទៅងូតឱ្យកុមារក៏បាន ឫក៏អាចយកសាច់កំណាត់ល្អទៅជ្រលក់ទឹកមកជូតខ្លួនឱ្យកុមារក៏បាន ។ អនុវត្តវិធីនេះឱ្យបាន ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ វាក៏អាចជួយកាត់បន្ថយកំដៅខ្លួនកុមារបានផងដែរ ។

៩ – ប្រើស្លឹកម្រះព្រៅ
វិធីនេះ គឺប្រើចំពោះកុមារមានអាយុលើសពី ១ ឆ្នាំ ព្រោះស្លឹកម្រះព្រៅអាចជួយបញ្ចុះកំដៅបានសារធាតុដែលមាននៅក្នុងស្លឹកម្រះព្រៅដើរតួជាថ្នាំអង់ទីប៊ីយ៉ូទីក និង ជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់កុមារ ។ វិធីធ្វើគឺត្រូវយកស្លឹកម្រះព្រៅមួយក្តាប់ដៃ ទៅដាំទឹកពុះក្នុងចំណុះទឹក ២ ពែង ។ ដាំរហូតហួតសល់ទឹកចំណុះ ១ ពែង លាយស្ករបន្តិច រួចយកឱ្យកុមារពិសា ពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ។ ប៉ុន្តែបើកុមារធំ អាចទំពារស្លឹកនេះបានអ្នកអាចឱ្យកុមារធ្វើដូច្នេះបាន តែត្រូវលាងសំអាតស្លឹកឱ្យស្អាតជាមុនសិន ។

១០ – តាមដានសីតុណ្ហភាពកំដៅកុមារឱ្យបានទៀងទាត់
អ្នកត្រូវធ្វើការតាមដានកំដៅកូនរបស់អ្នកឱ្យបានញឹកញាប់ នៅពេលកុមារមានបញ្ហាគ្រុន និង ក្តៅខ្លួន ។ អ្នកអាចស្ទង់កំដៅតាមមាត់ ឃ្លៀក ក្រោមពោះ និង ក្នុងត្រចៀក ហើយត្រូវកត់ត្រាកំដៅឱ្យបានទៀងទាត់ ។ អ្នកអាចប្រាប់ពីបម្រែបម្រួលនៃកំដៅទៅកាន់គ្រូពេទ្យបន្ថែម បើកុមារនៅមិនទាន់ធូរស្រាល ហើយត្រូវទៅជួយគ្រូពេទ្យជាថ្មីម្តងទៀតនោះ ។

ក្រៅពីចំណុចខាងលើនេះ អ្នកម្តាយត្រូវ ៖

• តាមដានកំដៅកុមារនៅពេលយប់
• តាមដានពិនិត្យស្បែក ថាតើមានឡើងកន្ទួលឫក៏អត់
• ពិនិត្យពណ៌ទឹកនោមរបស់កុមារប្រសិនបើប្រែពណ៌ខុសសភាពធម្មតានៅរៀងរាល់ ៤ ម៉ោងម្តង
• បើកុមារយំមិនបាត់ ត្រូវនាំទៅជួបគ្រូពេទ្យជាបន្ទាន់
• ត្រូវនិយាយលេង និង ធ្វើចលនាលេងជាមួយកុមារខ្លះៗដើម្បីកាត់បន្ថយបញ្ហាតានតឹងពេលកុមារកំពុងឈឺ
• កុំទុកកុមារចោលតែឯងឆ្ងាយពីភ្នែកមនុស្សធំ នៅពេលកុមារឈឺ
• អ្នកអាចបន្តផ្តល់អាហារដូចធម្មតាទៅដល់កុមារ
• ត្រូវផ្តល់ថ្នាំទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ កុំចេះបន្ថែមដូសថ្នាំតាមតែចិត្ត
• កុំផ្តល់ថ្នាំអាស្ពីរីន (Aspirin) ព្យាបាលកុមារ វាអាចផ្តល់ផលអាក្រក់មួយចំនួនចំពោះសុខភាព
• អ្នកម្តាយត្រូវប្រាកដថា កូនតូចរបស់អ្នកបានចាក់ថ្នាំបង្កាគ្រប់គ្រាន់ ៕  សុផល

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច