ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញើសឈាមនោះ ដូច្នេះកុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។ ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន និង មិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទី ៣ ចូលជ្រៀតជ្រែកនាំឲ្យចំណងស្នេហារង្គោះរង្គើ ។

ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ។ ម្យ៉ាងទៀតបើសម្រេចចិត្តថាធ្វើហើយ ត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវឲ្យគេជំពាក់បំណុល ឬ ឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ក្រៅពីនោះពិតមែនតែមានសុខភាពល្អជាក្តី ។ តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះ ពោះវៀន ។ ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំខាល
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នភ្លាត់ស្នៀតវិនាសអន្តរាយទ្រព្យ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទ មិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ប្រយ័ត្នជួបគ្រោះអាក្រក់បង់ទាំទ្រព្យបង់ទាំងកាយ ។ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់មានគ្រប់វិនាទី ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំថោះ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកវង្វេងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ ។ ក្រៅពីនោះលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ និងត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង ។ ចំពោះ គូស្វាមីភរិយា មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំរោង
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការរហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងរយៈពេលនេះដែរមុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ក្រៅពីនោះបើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្នែហ៍ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំម្សាញ់
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញ ។ តែប្រសិនបើបានជួបឱកាសល្អខ្លះៗដាច់ខាតមិនត្រូវ អន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ ដើម្បីចៀសវាងការថ្លោះធ្លោយនាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារ ឬ បបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំមមី
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរលោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញ ។ ក្រៅពីនោះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ។ ប្រយ័ត្នធ្វើគុណបានទោស និង អាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង។ បើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្នេហ៍ មានភាពស្និទ្ធស្នាលដូចប្រក្រតី ។

ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ ។ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តិស្កាត់មកបបួលរកស៊ីចូលហ៊ុន ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក ។ លៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះមានសុភមង្គល និង ភាពសុខដុមរមនានៅក្នុងគ្រួសារ ។

ឆ្នាំវក
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះ បុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរម្ងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ។ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការ ។ ចំពោះបុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានការនិយាយស្តីអ្វី តោងចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធិអ្នកដទៃតែបន្តិច អាចបង្កជារឿងជម្លោះ ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ។

ឆ្នាំរកា
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះ អ្នកជំនួញជួញដូរមុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបរឹកមារយាទឲ្យបានសមរម្យ និងសម្តីសំដៅឲ្យបានពីរោះពិសារ ទើបមិនអាប់ឱនកិត្តិយស ។ ក្រៅពីនោះលោកអ្នកមិនត្រូវមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេ ប្រយ័ត្ន បែរជាកើតរឿងរ៉ាវ ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួលផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានានឹងបានទទួលការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយ ឬ ថៅកែ ព្រមទាំងបានប្រគល់តួនាទី និង កិច្ចការសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្នុងរយៈពេលនេះដែរ លោកអ្នកមិនត្រូវមានអំនួតអួតក្អេងក្អាងឡើយ ។ ប្រយ័ត្ន អាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំកុរ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យ ។ ក្រៅពីនោះពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសម តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំណូល ។ ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនា ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច