ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១៦ ដល់ ៣១ ខែតុលា ឆ្នាំ ២០១៦

ឆ្នាំជូត

រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរមុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារ ឬ រកស៊ីចូលហ៊ុនជាមួយអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបានទោស និង អាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង ។ ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនានៅក្នុងគ្រួសារ ។

ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិក កម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា នឹងបានទទួល ការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់ ។ ចំពោះគូស្នេហ៍ ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ។

ឆ្នាំខាល
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យត្រជាក់ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយ ឬ ថៅកែឡើយ ពុំនោះទេអាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះបុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយចូរកុំសប្បាយជ្រុលភ្លេចខ្លួន ។ ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបនៅក្នុងគ្រួសារមានភាពសុខដុមរមនា ។

ឆ្នាំថោះ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូររីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយនាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរលោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ធ្វើជំនួសឡើយ ប្រយ័ត្ន គេកិបកេងយកផលចំណេញអស់ ។ ចំពោះគូស្នេហ៍ ក្នុងរយៈពេលនេះ ទាល់តែឆាប់បញ្ចប់រឿងរកាំរកូស ទើបចំណងស្នេហាមិនបែកបាក់ ។

ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែអ្វីៗដំណើរការបានស្រួលក្តី តែចូរកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវ ។ ក្រៅពីនោះពិតមែនតែមានសុខភាពល្អជាក្តី ។ តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះ និង ពោះវៀន ។ ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំម្សាញ់
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបកិច្ចការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។ ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន និង មិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ។

ឆ្នាំមមី
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបតែទាំងអស់ ។ តែនៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វែងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ ។ ក្នុងរយៈពេលនេះដែរ បើមានបងប្អូនញាតិមិត្តិស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយ ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំមមែ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបរងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបឫកមារយាទឲ្យបានសមរម្យ និង សម្តីសំដៅឲ្យបានពីរោះពិសា ទើបមិនអាប់ឱនកិត្តិយស ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រទន្លេបឹងបួរ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្នេហ៍ មានភាពស្និទ្ធស្នាលដូចប្រក្រតី ។

ឆ្នាំវក
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញើសឈាមនោះ ។ ដូច្នេះកុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ។ ប្រយ័ត្ន អាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារជាក់ជាមិនខាន ។ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ។ ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ។

ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ ។ ដូច្នេះលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន ។ តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរ អ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺមិនត្រូវឲ្យគេជំពាក់បំណុលឬ ឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ក្រៅពីនោះលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារម្នាក់ដែរ ព្រោះទោះជានិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ច្រើនដែរ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំច
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរ រីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេ ប្រយ័ត្ន ការលោភលន់អាចនាំមកនូវក្តីវិនាសអន្តរាយ ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំកុរ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយ ឬ ផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ ប្រយ័ត្នអាចជួបគ្រោះអាក្រក់ បង់ទាំទ្រព្យ បង់ទាំងកាយ ។ ក្រៅពីនោះមុននឹងហាមាត់និយាយស្តីអ្វី តោងចេះប្រយ័ត្នមាត់កបន្តិច ទើបមិនមានរឿងជម្លោះកើតឡើង ។ ចំពោះគូស្នេហ៍ បើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺរឿងរ៉ាវអាចរីករាលដាលកាន់តែធំឡើង រហូតអាចបែកបាក់គ្នាទៀតផង ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច