ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១ ដល់ ១៥ ខែតុលា ឆ្នាំ ២០១៦

ឆ្នាំជូត
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន ។ តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែអ្វីៗដំណើរការបានស្រួលក្តី ។ តែចូរកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និង ត្រឡប់ ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ៕

ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំណូល ។ ក្រៅពីនោះ លោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបានទោស និង អាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាលបង្កឲ្យមានរឿងទំនាស់នៅក្នុងគ្រួសារ ៕

ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តមកបបួលរកស៊ីចូលហ៊ុនចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះមានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំថោះ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ ដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និងរកបានមកដោយកម្លាំងញើសឈាម កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្នអាជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារជាក់ជាមិនខាន ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំពោះគូស្វាមីភរិយា ត្រូវឆាប់បញ្ចប់រឿងរកាំរកូស ទើបមិនមានការប្រេះឆាកាន់តែធំឡើង ៕

ឆ្នាំរោង
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ តែនៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរ អ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវឲ្យគេជំពាក់បំណុល ឬ ឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំម្សាញ់
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយ ឬ ផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ប្រយ័ត្នអាចជួបគ្រោះអាក្រក់បង់ទាំទ្រព្យបង់ទាំងកាយ ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបនៅក្នុងគ្រួសារមានភាពសុខដុមរមនា ៕

ឆ្នាំមមី
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ក្នុងរយៈពេលនេះដែរបើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបូណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបប្ញកមារយាទឲ្យបានសមរម្យ និងសម្តីសម្តៅឲ្យបានពីរោះពិសារ ទើបមិនអាប់ឱនកិត្តិយស ។ ចំពោះគូស្នេហ៍មានភាពស្និទ្ធស្នាលដូចប្រក្រតី ៕

ឆ្នាំមមែ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែជួបនឹងឧបស័គ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ដូច្នេះលោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយចូរកុំសប្បាយជ្រុលភ្លេចខ្លួនប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន និងមិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតមាននៅគ្រប់វិនាទី ។ចំពោះ គូស្នេហ៍ ប្រយ័ត្នមានជនទី៣ចូលជ្រៀតជ្រែក ៕

ឆ្នាំវក
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះ អ្នកជំនួញជួញដូរ មុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាពនិងរាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនធ្លាក់ចូលក្នុងល្បិចកលគេ ។ក្រៅពីនោះ បើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួរតោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្ន មានអ្នកក្រៅនាំរឿងមកអុជអាល ៕

ឆ្នាំរកា
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយបើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និងនាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ លោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ជំនួសឡើយ ប្រយ័ត្ន គេកិបកេងយកផលចំណេញអស់ ។ ចំពោះគូស្នេហ៍ ទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាគង់វង្សបានយូរអង្វែង ៕

ឆ្នាំច
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរម្ងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និងអាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។ចំពោះគូស្វាមីភរិយា ជួបរឿងរកាំរកូសច្រើន ៕

ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់។ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចបានទទួលផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមបណ្តាក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងទទួលបានការកោតសរសើរនិងជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទី និង កិច្ចការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្រៅពីនោះ ពិតមែនតែមានសុខភាពល្អជាក្តី តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់សុខភាព ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច