ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១៦ ដល់ ៣០ ខែកញ្ញា ឆ្នាំ ២០១៦

ឆ្នាំជូត

រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរ មុនពេលប្រគល់ ឬ ទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោងចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេនាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះលោកអ្នកមិនត្រូវមានចិត្តលោភលន់ដោយចង់មានចង់បានឲ្យហួសប្រមាណពេកទេ ប្រយ័ត្នការលោភលន់អាចនាំមកនូវក្តីវិនាសអន្តរាយ ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕

ឆ្នាំឆ្លូវ
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះ ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាមន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរម្ងាប់ចិត្តឲ្យបានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយ ឬ ថៅកែឡើយ ពុំនោះទេអាចបាត់បង់តួនាទី និង កន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះបុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសគ្រោះថ្នាក់ច្រើនកើតមានឡើងក្នុងពេលបើកបរពេលយប់ ឬ ក្រោយពេលស្រវឹងជោកជាំ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ។

ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗបានមកដល់ហើយ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវ បង់ខាតលាភសក្ករៈវិញ ។ ក្នុងរយៈពេលនេះដែរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុន ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មក តែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង ។ ចំពោះគូស្វាមីភរិយា ក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស ៕

ឆ្នាំថោះ
រាសីស្រុតចុះខ្លាំង ។ រាល់កិច្ចការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុន ទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរបើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំ ឬ លក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួល ឬ ទិញយកដែរ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន និង អាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ក្រៅពីនោះមុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយនឹងអ្នកណាម្នាក់ តោងចេះសង្កេតមើលសមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ៕

ឆ្នាំរោង
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់និងមានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយនាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុនជាមួយ តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនចាញ់បោកគេ ។ ចំពោះគូស្វាមីភរិយាមានភាពសុខដុមរមនានៅក្នុងគ្រួសារ ៕

ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ បើសម្រេចចិត្តថាធ្វើហើយត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ។ ក្នុងរយៈពេលនេះដែរ អ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះ គឺមិនត្រូវឲ្យគេជំពាក់បំណុល ឬ ឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ដល់ដៃគេហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ក្រៅពីនោះ ពិតមែនតែមានសុខភាពល្អជាក្តី ។ តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះ ទើបមិនអន្តរាយដល់ក្រពះ និង ពោះវៀន ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំមមី
រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះ អ្នកដែលប្រកបកាងារនៅទីខ្ពស់ ចូរប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងរយៈពេលនេះដែរ ដោយសារតែសុខភាពមិនសូវល្អជា ។ លោកអ្នកត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន និង មិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះបើមិនឆាប់បញ្ចប់រឿងរកាំរកូសទេ គឺរឿងរ៉ាវអាចរីករាលដាលកាន់តែធំឡើង ៕

ឆ្នាំមមែ
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងរយៈពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរពិតមែនតែមានផលចំណូលហូរចូលច្រើនគួរសមក្តី តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំណូល ។ ក្រៅពីនោះលោកអ្នកមិនត្រូវប្រគល់កិច្ចការសំខាន់ៗឲ្យគេកាន់កាប់ធ្វើជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់ ។ លោកអ្នកក៏មិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃដែរ ប្រយ័ត្នធ្វើគុណបានទោស ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕

ឆ្នាំវក
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ ចំពោះបុគ្គលិកកម្មករដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួល ការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការសំខាន់ៗឲ្យលោកអ្នកកាន់កាប់ធ្វើជំនួសទៀតផង ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និង ត្រឡប់ ។ ចំពោះ គូស្វាមីភរិយា មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំរកា
សីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយឬផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយ ។ប្រយ័ត្នអាចជួបគ្រោះអាក្រក់ បង់ទាំទ្រព្យ បង់ទាំងកាយ ។ ក្រៅពីនោះ បើលោកអ្នកមានការជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ៕

ឆ្នាំច
រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់និងមិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបុណ្យទាន ឬ ពិធីជប់លៀងផ្សេងៗតោងចេះរៀបរឹកមារយាទឲ្យបានសមរម្យ និង សម្តីសំដៅឲ្យបានពីរោះពិសា ទើបមិនអាប់ឱនកិត្តិយស ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួរ តោងប្រយ័ត្ន ក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្វាមីភរិយា ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោក ឬ ផ្លូវទឹកឡើយសមប្រកបទាំងអស់ ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វង្វែងនឹងបនល្បែងស្រីស្រាឲ្យសោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ករៈវិញ ។ ក្នុងរយៈពេលនេះដែរ ពិតមែនតែអ្វីៗអាចដំណើរការបានស្រួលក្តី តែចូរកុំមានអំនួតអួតក្អេាងក្អាងឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចកាត់បន្ថយមិត្ត និង បង្កើនសត្រូវ ។ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច