មានអារម្មណ៍បែកចិត្តស្រឡាញ់មិត្តភក្តិរបស់សង្សារ តើគួរធ្វើយ៉ាងណា?

កំពុងតែស្រឡាញ់សង្សារបច្ចុប្បន្ន ប៉ុន្តែចិត្តនាងខ្ញុំបែរជាងាកទៅពេញចិត្តនិងចង់រស់នៅជាមួយមិត្តភក្តិប្រុសរបស់គាត់ទៅវិញ ។ នាងខ្ញុំគួរធ្វើបែបណាចង់ផ្តាច់ស្នេហ៍បច្ចុប្បន្នដើម្បីបាននៅក្បែរបុរសម្នាក់ទៀត ? នាងខ្ញុំនិងមិត្តប្រុសបានស្គាល់គ្នាជាង ៥ ឆ្នាំមកហើយយើងទាំងពីរសុទ្ធតែប្រឹងប្រែងរៀនសូត្រនិងមិនទាន់មានបំណងរៀបការទេ ។

បច្ចុប្បន្នយើងក៏មិនទាន់បានត្រៀមខ្លួនសម្រាប់រស់នៅលក្ខណៈគ្រួសារនោះដែរព្រោះតែចង់រស់នៅដោយមានសេរីភាព ។ មិត្តប្រុសរបស់នាងខ្ញុំជាមនុស្សល្អចេះកំប្លែងនិយាយស្តីមានសុជីវធម៌ផ្អែមល្ហែមចំណែករូបរាងក៏សង្ហាព្រមទាំងចេះយល់ចិត្តនាងខ្ញុំខ្លាំងណាស់ ។

ស្ថានភាពមនោសញ្ចេតនាមិនមានបញ្ហាអ្វីប្រសិននាងខ្ញុំមិនបានស្គាល់មិត្តភក្តិប្រុសម្នាក់របស់គាត់ ។ យើងទាំង ៣ នាក់ក៏ធ្លាប់ជាសិស្សរួមសាលានិងធ្លាប់ស្នាក់នៅក្បែរគ្នាអស់មួយរយៈផងដែរ ។ ពួកយើងនិយាយស៊ីចង្វាក់គ្នានិងយល់ចិត្តគ្នាណាស់ ។ មិត្តភក្តិរបស់សង្សារនាងខ្ញុំទើបទទួលបានសញ្ញាប័ត្រអនុបណ្ឌិតហើយគាត់មើលទៅក៏សង្ហានិងមានអត្តចរិតប្រហាក់ប្រហែលនឹងមិត្តប្រុសនាងខ្ញុំ ដូច្នេះនៅពេលដើរជាមួយគ្នាពួកគាត់គឺជាមនុស្សលេចធ្លោជាងគេ ។

បញ្ហានៅត្រង់ថានាងខ្ញុំមានមនោសញ្ចេតនាទៅលើមិត្តភក្តិរបស់សង្សារនាងខ្ញុំតាំងពីពេលណាដោយមិនដឹងខ្លួនស្រាប់តែមួយរយៈពេលចុងក្រោយនេះនាងខ្ញុំចាប់ផ្តើមគិតដល់គាត់នោះច្រើនជាងសង្សារ ហើយចង់ជជែកលេងជាមួយគាត់យកចិត្តទុកដាក់លើគាត់និងចង់នៅក្បែរគាត់ ។ សង្សារនាងខ្ញុំនិងគាត់នោះហាក់មិនបានចាប់អារម្មណ៍ថាមានការប្រែប្រួលអ្វីនោះទេ ។

ចំណែកមនោសញ្ចេតនារបស់នាងខ្ញុំចំញេះសង្សារបច្ចុប្បន្នក៏នៅតែមាន ប៉ុន្តែមនោសញ្ចេតនាចំញេះបុរសម្នាក់នោះក៏កាន់តែមានខ្លាំងឡើងៗ រហូតពេលខ្លះនាងខ្ញុំគិតចង់បោះបង់ស្នេហាបច្ចុប្បន្នហើយងាកទៅរកបុរសថ្មីម្នាក់នោះ ។ នាងខ្ញុំដឹងថាការគិតរបស់នាងខ្ញុំប្រាកដជាធ្វើឱ្យមនុស្សជាច្រើនមិនសប្បាយចិត្ត ប៉ុន្តែរឿងមនោសញ្ចេតនាគឺវាពិបាកនឹងកំណត់ណាស់ពិសេសនៅពេលមិនទាន់មានចំណងអាពាហ៍ពិពាហ៍ ។ សូមជួយផ្តល់ជាយោបល់ដល់នាងខ្ញុំផង !

ចំពោះនារីមានវិបត្តិ
នៅក្នុងខ្សែភាពយន្តមួយចំនួនស្នេហាត្រូវចំណាយពេលយកចិត្តទុកដាក់ដល់គ្នាអស់រយៈពេលយ៉ាងយូរហើយថែមទាំងបានស្បថស្បែនៅចំពោះព្រះភ័ក្រព្រះពុទ្ធប្បដិមាថានឹងរៀបការជាមួយគ្នានៅជាមួយគ្នារហូតដល់ស្លាប់រៀងៗខ្លួនក៏ប៉ុន្តែ ជិតដល់នាទីចុងក្រោយម្នាក់ក្នុងចំណោមអ្នកទាំងពីរទើបដឹងថាខ្លួនគឺជាតួរងពេលនោះការឈឺចាប់ក៏បានកើតមានពេញឱរ៉ា ដូច្នេះទម្រាំតែដឹងខ្លួនការសម្តែងក៏បានមកដល់ទីបញ្ចប់ ។ បុរសជាតួរងគឺពិតជាគួរឱ្យអាណិត ។ ខ្ញុំគិតថាមនុស្សយើងជាទូទៅប្រាកដជា មិនអាចទ្រាំបាននៅពេលឃើញសង្សារសំណព្វរបស់ខ្លួនដែលធ្លាប់ស្រឡាញ់និងតស៊ូជាមួយគ្នាបែរជាទៅស្រឡាញ់មិត្តជិតស្និទ្ធរបស់ខ្លួន ប៉ុន្តែដូចដែលនាងបានរៀបរាប់ខាងដើមមនោសញ្ចេតនាស្នេហាគឺពិតជាពិបាកនឹងរក្សាឱ្យនៅស្ថិតស្ថេរជារៀងរហូត ប៉ុន្តែការប្តូរផ្លាស់ដៃគូណាមួយក៏គួរតែពិចារណាឱ្យបានត្រឹមត្រូវនិងប្រើវិធីឱ្យបានល្អ ។

ករណីរបស់នាងប្រសិនដោះស្រាយមិនបានសមស្របហើយធ្វើសកម្មភាពភ្លាមៗដោយមិនបានរៀបចំពេលវេលាឱ្យបានសមស្របវានឹងនាំឱ្យមានបញ្ហាជាច្រើនកើតឡើង ។ បុរសជាសង្សារបច្ចុប្បន្នរបស់នាងនឹងឈឺចាប់ហើយចាត់ទុកនាងជាមនុស្សក្បត់ចិត្តដោយយល់ថា «ហុតទឹក សម្លឹងកាក» ។ ចំណែកបុរសទី ៣ ក៏មិនប្រាកដថាស្រឡាញ់នាងអស់ ពីចិត្តដែរព្រោះគាត់អាចនឹងគិតថាថ្ងៃនេះនាងអាចធ្វើបែបនេះដាក់មិត្តភក្តិគាត់តើថ្ងៃក្រោយនាងនឹងស្មោះត្រង់ចំពោះគាត់ឬអត់ ? និយាយអំពីនាងវិញនៅពេលចិត្តរបស់នាងបានប្រែប្រួលគឺពិបាកនឹងបង្ខំឱ្យចិត្តនោះវិលមករកភាពដើម ។ ម្យ៉ាងទៀតប្រសិនបើនាងនិងសង្សារបច្ចុប្បន្នបានរៀបការតែចិត្តរបស់នាងនៅតែនឹកគិតនិងចង់នៅក្បែរបុរសទី ៣ នោះវាក៏ពិបាកនឹងជឿថានឹងគ្មានរឿងអ្វីកើតឡើងដែរ ។

ដូច្នេះប្រសិនបើនាងគិតថាខ្លួនស្រឡាញ់មិត្តភក្តិរបស់សង្សារនិងពិតជាចង់រស់នៅជាមួយគាត់មែននោះគួរតែធ្វើសកម្ម ភាពដោយប្រុងប្រយ័ត្នចៀសវាងមនោសញ្ចេតនាមិត្តភក្តិរបស់ពួកគេត្រូវប្រេះបែកដោយសារនាង។នៅពេលដឹងប្រាកដ ថាខ្លួនពិតជាមិនអាចបន្ត ក្តីស្នេហ៍ជាមួយសង្សារបច្ចុប្បន្នអាចដោះស្រាយតាមវិធីដូចតទៅ ៖

ដើម្បីចៀសវាងបញ្ហាទាំងឡាយកើតឡើងដោយសារភាព«ចុងស្រល់»នាងត្រូវរៀបចំពេលវេលាសម្រាប់ចាកចេញពីគាត់ដោយសន្សឹមៗ ។ ទន្ទ្ទឹមនឹងនេះក៏ត្រូវរក្សាទំនាក់ទំនងជាមួយបុរសជាភាគីទី ៣ ប៉ុន្តែកុំអាលឱ្យគាត់ ដឹងថានាងបែរ មកស្រឡាញ់គាត់។បន្ទាប់ពីចំណងស្នេហ៍មុនបានបញ្ចប់មួយរយៈពេលក្រោយមកនាងអាចបង្កើនភាពស្និទ្ធស្នាលជា មួយបុរសជាមិត្តភក្តិរបស់សង្សារ ។ យ៉ាងនេះក្តីនៅពេលបានស្និទ្ធស្នាលជាមួយបុរសក្រោយមិនត្រូវប្រាប់គាត់នេះថាបានស្រឡាញ់គាត់តាំងពីដើមនោះទេ ។ ធ្វើបានដូច្នេះនឹងអាចកាត់បន្ថយបានការចោទប្រកាន់នានាមកលើនាងដូចដែលបានរៀបរាប់ខាងលើ ។ សូមឱ្យនាងមានសំណាងល្អនិងក្លាយជានារីគួរជាទីស្រឡាញ់ចូលចិត្ត !

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច