រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១៤ ជាភាគបញ្ចប់ )

រតនា លើកដៃកាត់ ៖
– បានហើយ…! ម៉ាក់ឈប់និយាយអ្វីទៀតទៅ ខ្ញុំលែងស្តាប់អ្វីទាំងអស់ ខ្ញុំឆ្អែតឆ្អន់ហើយ ខ្ញុំនឿយណាយហើយ ខ្ញុំចង់សម្រាក ។
ថាហើយ រតនា ដើរចូលទៅក្នុងបន្ទប់វិញទាំងទឹកមុខសោកសៅពោរពេញទៅដោយគំនរវិប្បដិសារៈ ដែលមិនអាចហាស្តីបានទេ ។ លោកស្រី ចាន់ធូ ស្រងូតតាមមើលកូនប្រុសដែលដើរដោយឈើច្រត់ទប់ខ្លួនចូលទៅក្នុងបន្ទប់ទាំងអារម្មណ៍អាណិតអាសូរ ក្រៃលែង គាត់អង្គុយចុះយំម្នាក់ឯងឱ្យអស់ចិត្ត ។
សានី បានក្លាយជាប្រធានសាខាគ្រប់គ្រងរបស់ក្រុមហ៊ុននៅខេត្តមួយ ដោយសារតែការព្យាយាមតស៊ូធ្វើការរបស់នាងកន្លងមក ។ សានី សប្បាយចិត្តណាស់ នាងមិនដែលភ្លេចពីគុណដ៏ធំធេងដែលអ្នកស្រី ក្រវាន់ បានជួយស្រោចស្រង់នាងឡើយ ។ ជីវិតនាងបានរស់រានជាថ្មីដោយសារអ្នកស្រី ក្រវាន់ កូនទាំងពីររបស់នាងបានចូលរៀន ហើយទទួលបានការសរសើរពីសាលាទៀតផង ។
មួយរយៈនេះប្តីរបស់នាងបានមកក្រវែលក្បែរៗកន្លែងធ្វើការរបស់នាង តែនាងបានគេចមុខជាដរាប ។ ស្រមោលអពមង្គលដែលនាងឆ្លងកាត់ គឺជាមេរៀនមួយសម្រាប់ជីវិតនាង នាងបានចងចាំគ្មានថ្ងៃភ្លេចឡើយ… នាងមិនចង់ឱ្យស្នាមទាំងនេះមានវត្តមាននៅក្នុងបេះដូងនាងទៀតឡើយ ។ នាងខំយកចិត្តទុកដាក់ធ្វើការឱ្យបានល្អជាងមុន ដើម្បីអនាគតកូនទាំងពីររបស់នាង ។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ គឺ ក្រវាន់ និង សានី បានក្លាយជាស្ត្រីគំរូដ៏អស្ចារ្យសម្រាប់ស្ត្រីទូទៅយកតម្រាប់តាម ។ នាងមានឆន្ទៈខ្ពស់ មានការតស៊ូក្នុងឆាកជីវិតក្នុងនាមជាស្ត្រីទន់ខ្សោយ តែបានទទួលជ័យជម្នះដ៏ធំធេង ។
មួយរយៈនេះ អ្នកស្រី ក្រវាន់ បានមកឈប់សម្រាកលម្ហែកាយចិត្តនៅផ្ទះកំណើតឯស្រុកស្រែ ។ អ្នកស្រីបានរៀបចំឱ្យស្អាត តែនៅរក្សាសភាពដើមទាំងស្រុង ។ គុម្ពផ្កាក្រវាន់នៅតែដុះជុំវិញផ្ទះដដែល ក្លិនផ្កាក្រវាន់នៅតែក្រអូបដដែល តែអ្វីៗដែលធ្លាប់មាននៅទីនេះ បានបាត់បង់អស់ខ្លះទៅហើយ នេះជាជីវិត…។ ដៃដ៏តូចឆ្មារមួយហុចទងផ្កាក្រវាន់មកឱ្យនាងទាំងនិយាយគួរឱ្យស្រឡាញ់ ៖
– កូនសូមជូនម៉ាក់…! ម៉ាក់ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កូន… ផ្កាក្រវាន់នេះមានក្លិនក្រអូបដូចជាកេរ្តិ៍ឈ្មោះរបស់ម៉ាក់អ៊ីចឹង… ក្រអូបដូចជាក្លិនផលិតផលថែរក្សាសម្ផស្សរបស់ម៉ាក់… ដែលជួយឱ្យគ្រប់គ្នារស់នៅមានក្តីសង្ឃឹមក្នុងជីវិតសាជាថ្មី ទាំងផ្លូវកាយ និង ផ្លូវចិត្ត កូនស្រឡាញ់ម៉ាក់ !
អ្នកស្រី ក្រវាន់ ញញឹមស្រស់ងាកក្រោយឃើញកូនស្រីពៅ និង កូនៗ ពីរនាក់ទៀតឈរសើចស្ញាញមករកអ្នកស្រី ។ អ្នកស្រីទទួលយកផ្កាក្រវាន់មកកាន់រួចថើប ទើបស្រវាឱបកូនបណ្តូលចិត្តទាំងបីដោយរលីងរលោង ទឹកភ្នែក ៖
– អរគុណកូនណាស់ដែលយល់ពីចិត្តម៉ាក់…! អ្វីៗទាំងអស់ដែលម៉ាក់ខំតស៊ូជាច្រើនឆ្នាំកន្លងមក គឺដើម្បីកូនៗទាំងបីរបស់ម៉ាក់…! កូនៗទាំងបីរបស់ម៉ាក់ជាជីវិតរបស់ម៉ាក់…! ម៉ាក់សប្បាយចិត្តណាស់ដែលកូនៗខំរៀនទទួលបានលទ្ធផលល្អគ្រប់ៗគ្នា…! កូនៗត្រូវតែធ្វើជាក្មេងល្អសិស្សល្អ និង ពលរដ្ឋល្អ សម្រាប់ម៉ាក់ សម្រាប់សាលា និង សង្គមណាកូន…!
កូនៗទាំងបីញញឹមងក់ក្បាលរួចស្រវាឱបម្តាយយ៉ាងណែន ក្រវាន់ ញញឹមទាំងទឹកភ្នែកហូរឱបកូនវិញដោយបេះដូងរំជួលចិត្ត ។ នាងឈានមកដល់កន្លែងនេះ គឺត្រូវឆ្លងឧបសគ្គច្រើនរាប់មិនអស់ នាងត្រូវរងការឈឺចាប់ ការខកចិត្ត និង ដើរកាត់ព្យុះ កាត់ភ្លៀង កាត់ខ្យល់ ក្រោមមេឃក្តៅ-រងាគ្រប់បែបយ៉ាង តែអ្នកស្រីមិនដែលរាថយម្តងណាឡើយ ។ នេះជាជីវិត… ដែលគ្រប់គ្នាបានជួបប្រទះ មិនថាអ្នកស្រី ក្រវាន់ ឬក៏នាង សានី ឬក៏អ្នកណាម្នាក់ឡើយ… មិនអាចគេចឱ្យផុតបានទេ… តែអ្វីដែលសំខាន់នោះ គឺការព្យាយាម អត់ធន់ តស៊ូ លត់ដំ ទើបអាចជម្នះបាននូវឧបសគ្គទាំងនោះ ៕

                                                                                                 ( ចប់ដោយបរិបូរណ៍ )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច