រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១៣ )

ក្រវាន់ យំសោកបោកខ្លួននឹកហួសចិត្តនឹងប្តី ដែលប្រែចិត្តលឿនដូច្នេះ ។ ពីរសបា្តហ៍ក្រោយមក រតនា បានបង្ខំនាងឱ្យចុះហត្ថលេខាលែងលះគ្នា ក្រវាន់ យំអស់ចិត្តហើយនាងក៏យល់ព្រមដោយទទួលចិញ្ចឹមកូនទាំងបីរបស់នាង ហើយ រតនា បានយល់ព្រមផ្តល់ការជួយឧបត្ថម្ភដល់កូនៗតាមលទ្ធភាព ។ មិនយូរប៉ុន្មាន រតនា ក៏បានរៀបការប្រពន្ធថ្មីដូចបំណងដែលលោកស្រី ចាន់ធូ បានគិតទុក ។
ក្រវាន់ នាំកូនៗទាំងបីចាកចេញពីផ្ទះអប្រិយនោះ នាងខំតស៊ូត្រដររស់ធ្វើការគ្រប់បែបគ្រប់យ៉ាងដើម្បីកូនៗ ។
សំណាងល្អ ថ្ងៃមួយនាងបានជួយសង្គ្រោះលោកស្រីប្រធានក្រុមហ៊ុនថែរក្សាសម្ផស្សឱ្យរួចពីគ្រោះថ្នាក់ ហើយបានដឹងរឿងរ៉ាវពិតរបស់នាង លោកស្រីប្រធានក្រុមហ៊ុនអាណិតនាងខ្លាំងណាស់ ក៏ឱ្យនាងចូលធ្វើការក្នុងក្រុមហ៊ុន ។ ដោយការខិតខំរបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រវាន់ បានឡើងតំណែងជាបន្តបន្ទាប់រហូតដល់លោកស្រីប្រធានទុកចិត្ត ក៏ប្រគល់តួនាទីដ៏ធំជំនួសគាត់ឱ្យមើលគ្រប់គ្រងពេលដែលគាត់បើកក្រុមហ៊ុនធំមួយទៀតនៅបរទេស ។
ចប់ការស្រមៃ ក្រវាន់ យកដៃជូតទឹកភ្នែកសម្លឹងទៅមុខនិយាយតិចៗម្នាក់ឯង ៖
– ម៉ាក់ ! រឿងរ៉ាវជីវិតតែងតែជួបប្រទះដូចគ្នា… មិនថាខ្ញុំ មិនថាម៉ាក់ មិនថាបង រតនា ទេ ចំពោះខ្ញុំ ខ្ញុំភ្លក្សឆ្អែតឆ្អន់ហើយរសជាតិជីវិតកន្លងមកនេះ… ឥឡូវនេះខ្ញុំគ្មានសល់អ្វីសម្រាប់ការវិលថយក្រោយ វិញទេ… សុំទោសផងម៉ាក់ ដែលខ្ញុំបដិសេធនឹងបំណងរបស់ម៉ាក់… តែខ្ញុំមិនអាចធ្វើបានទេ… ខ្ញុំខិតខំកសាងក្រុមហ៊ុននេះដោយដៃទាំងពីររបស់ខ្ញុំ… ខ្ញុំនឹងខំពុះពារបន្តទៅមុខទៀត តែខ្ញុំមិនអាចវិលទៅកសាងគ្រួសារជាមួយបង រតនា បានទៀតទេ… ឥឡូវនេះពិភពលោកគេឈានទៅមុខ គេមិនឈានថយក្រោយទេម៉ាក់…! ពេលនេះម៉ាក់ស្គាល់ច្បាស់ហើយថា អ្នកណាជាមាស ហើយអ្នកណាជាស្ពាន់នោះ ?
ចម្លើយបដិសេធមិនវិលទៅរួមរស់ជាមួយគ្នាវិញរបស់អ្នកស្រី ក្រវាន់ ធ្វើឱ្យលោកស្រី ចាន់ធូ មានការខកចិត្តយ៉ាងខ្លាំង គាត់មួម៉ៅរករឿង រតនា មិនចេះចប់មិនចេះហើយ ៖
– គឺមកតែពីកូនឯងហ្នឹង កាលមុនដែលម៉ាក់បង្ខំឱ្យលែងលះជាមួយ ក្រវាន់ កូនឯងម៉េចមិនឃាត់ ម៉ាក់ផងទៅ ? ហេតុអីក៏កូនយល់ព្រមតាមម៉ាក់ ? ….
រតនា មើលមុខម្តាយគ្រវីក្បាលហួសចិត្ត ៖
– ម៉េចម៉ាក់និយាយអ៊ីចឹង ? គឺម៉ាក់ខ្លួនឯងដែលនិយាយថាឱ្យកូនកតញ្ញូនឹងម៉ាក់ផង… ឥឡូវខ្ញុំធ្វើតាមសំណូមពរម៉ាក់ហើយ ខ្ញុំកាត់ចិត្តទាំងឈឺចាប់ លែងលះ ក្រវាន់ កូនបិទភ្នែកបំភ្លេចកូនប្រុសកូនស្រីទាំងបីជាទីស្រឡាញ់របស់ខ្ញុំទាំងខ្លោចផ្សាក្នុងចិត្ត ។ ខ្ញុំបានធ្វើអ្វីៗទាំងអស់តាមដែលម៉ាក់ចង់បានហើយ ហេតុអីពេលនេះម៉ាក់មកបន្ទោសកូនទៅវិញ ?
លោកស្រី ចាន់ធូ មុខមាំ និយាយដាច់ៗ ៖
– ពីមុនម៉ាក់មិននឹកស្មានថា ក្រវាន់ អាចក្លាយទៅជាប្រធានក្រុមហ៊ុនមួយដ៏ល្បីបែបនេះឯណា ម៉ាក់ មើលស្រាលនាង ធ្វើបាបនាងគ្រប់បែបយ៉ាង ព្រោះគិតថានាងជាស្រីស្រុកស្រែ មិនចេះអ្វីទាំងអស់… តែឥឡូវនេះផ្ទុយស្រឡះទាំងអស់ ហ៊ឺ ! ម៉ាក់ខុសហើយកូន ! ម៉ាក់ព្រមទទួលកំហុសគ្រប់យ៉ាងទាំងអស់ ម៉ាក់មានបំណងតែម្យ៉ាងគត់ គឺចង់ឱ្យកូនបានជួបជុំនឹងប្រពន្ធកូនវិញ…
រតនា គ្រវីក្បាល ញញឹមចំអក ៖
– រឿងនេះវាមិនអាចទៅរួចទេ… ក្រែងម៉ាក់បានដឹងហើយតើថា ក្រវាន់ បានឆ្លើយតបមកវិញថាយ៉ាងម៉េចនោះ ? គឺមិនអាចទេ ! មិនអាចជារៀង រហូត… ទំហំនៃការឈឺចាប់របស់នាងពេលដែលរស់នៅទីនេះគ្មានអ្វីវាស់បានទេ…! តែនាងក៏មិនដាច់ចិត្តដែរ នាងនឹងឱ្យកូនទាំងបីរបស់ខ្ញុំឧស្សាហ៍មកមើលថែខ្ញុំ… ប៉ុណ្ណេះខ្ញុំអស់ចិត្តហើយ ខ្ញុំមិនចង់បានអ្វីទៀតទេ…
លោកស្រី ចាន់ធូ មើលមុខ រតនា រួចបន្ត ៖
– តែម៉ាក់ចង់…

                                                                                                  ( សូមរង់ចាំអានភាគបញ្ចប់ )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច