រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១២ )

– ថ្មើរណេះទៅហើយទើបតែបោកខោអាវអ្ហី ? រវល់តែធ្វើអីហ្នឹង ? ស៊ើកម៉ើកៗ រាប់ស្មៅបែបនេះ រកស៊ីអីនឹងទាន់គេទៅ ?
ក្រវាន់ រាងស្លក់បន្តិច នាងតបវិញតិចៗ ៖
– ម៉ាក់ ! តាំងពីព្រឹកមកដល់ថ្មើរណេះ ខ្ញុំមិនទាន់បានសម្រាកទេ បោសផ្ទះ ជូតផ្ទះ រៀបចំបាយទឹកឱ្យប្តី និង កូនទៅធ្វើការ និង ទៅសាលា នៅមានម្ហូបចំណីរបស់ម៉ាក់ទៀត…
លោកស្រី ចាន់ធូ សម្លក់នាងរួចពេបមាត់ ៖
– កុំមកដោះសា…! អញមិនចង់ស្តាប់ទេ…! អញប្រាប់តាមត្រង់ទៅចុះ អញមិនចូលចិត្តនាងឯងសោះឡើយ កុំតែកូនប្រុសអញវាងប់ស្រឡាញ់នាងពេក កុំអីនាងឯងមិនបានរស់នៅក្នុងផ្ទះនេះបានយូរយ៉ាងនេះទេ ! ហ៊ឹស ! ឱ្យតែឃើញមុខនាងឯង អញស៊យម៉ាជាតិឯណោះ ! អ្ហើយ ! ស្អប់ណាស់ ជួបណាស់ ! គួរឱ្យខ្ពើម ជាតិអ្នកស្រែជះក្លិនមកធុំតែជន្លេនៗម៉េចមិនដឹងទេ !
ថាហើយលោកស្រី ចាន់ធូ ខាកស្តោះធ្វើថ្វឺយ រួចដើរចេញបាត់ទៅ ។ ក្រវាន់ អង្គុយចុះយំហ៊ូ ឈឺចាប់តែម្នាក់ឯង ។
លោកស្រី ចាន់ធូ ខិតខំបញ្ចុះបញ្ចូល រតនា ពីមួយថ្ងៃទៅមួយថ្ងៃឱ្យស្អប់ ក្រវាន់ ដោយរកលេសនេះលេសនោះបង្កាច់បង្ខូចនាង ។ ពិសេសជាងនេះគាត់បានណែនាំនារីស្រស់ក្មេងម្នាក់មកឱ្យនៅក្បែរ រតនា ទៀតផង ។ មុនដំបូង រតនា មិនចូលចិត្តនាងនោះទេ តែដល់ម្តាយ និង នាងក្មេងនោះចេះតែយកចិត្តយូរៗទៅ គេក៏បាក់ចិត្តស្រឡាញ់នាងស្រីក្មេងនោះ ដោយលែងរវល់ពី ក្រវាន់ ឈឹង ។ ក្រវាន់ ឈឺចិត្តព្យាយាមចូលជិតប្តី តែត្រូវប្តីគំហកមិនឱ្យចូលក្បែរ ៖
– ថយចេញទៅ ! បងចង់សម្រាក… បងធ្វើការអស់កម្លាំងណាស់ !…កុំមករំខានបង !
ក្រវាន់ ស្រក់ទឹកភ្នែកច្រោក និយាយតិចៗ ៖
– ឱ្យអូនសុំទោសណា៎បង !… តែអូនសុំពេលតែបន្តិចទេ… តើបានទេ ?
រតនា ងាកមុខមកមើលនាងរាងធុញទ្រាន់ ៖
– រឿងអី ឆាប់និយាយមក៍ !
ក្រវាន់ យំផងនិយាយផង ៖
– រាល់ថ្ងៃបងចាត់ទុកអូនជាប្រពន្ធបងដែរទេ ?
រតនា ប្រែទឹកមុខ ៖
– ហើយយ៉ាងម៉េចហ្នឹង និយាយរឿងឥតប្រយោជន៍…!
ក្រវាន់ យំសំពះប្តី ៖
– អូនសុំអង្វរបង យើងមានកូនបីនាក់ហើយ… បើបងមិនអាណិតអូន សូមចិត្តបងអាណិតកូនៗ ទៅបានហើយ កូនៗចង់បានភាពកក់ក្តៅពីប៉ាៗរបស់គេណា៎បង កុំធ្វើតោះតើយដាក់អូនអ៊ីចឹង អូនពិបាកចិត្តណាស់…!
រតនា ធ្វើហ៊ឹស ងើបឡើងចង្អុលមុខនាង ៖
– ពីមុន យើងឈ្លក់ស្រឡាញ់នាង មិនដឹងថានាងដាក់ស្នេហ៍យើងប៉ុន្មានក្រឡទេ… យើងមិនជឿសម្តីម៉ាក់ តែឥឡូវយើងជឿគាត់វិញហើយ… ក្រវាន់ ! យើងលែងលះគ្នាទៅ បងមិនចង់រស់នៅក្នុងការឈឺចាប់ទៀតទេ…
ក្រវាន់ ហ៊ឹងត្រចៀក… ស្រែកយំកាន់តែខ្លាំងឡើង ៖
– បងថាម៉េច ? លែងគ្នាអ្ហេស ? អត់ទេ ! អត់ទេ ! អត់ទេ ! មិនអាចទេ !… អូនមិនលែងទេ !… អូនមិនអាចឱ្យកូនទាំងបីរបស់យើងរស់នៅដោយគ្មានប៉ាទេ !… តើអូនខុសអីទៅបានជាបងប្រែចិត្តអីក៏លឿនយ៉ាងនេះ ? អូនខុសអី ? … ? … ?
ក្រវាន់ ទ្រហោយំង៉ោងព្រោះការឈឺចិត្ត ។ រតនា ប្រែទឹកមុខមិនស្រស់ សម្លឹងនាងរួចងើបស្លៀកពាក់ ។
គេទាញទូរស័ព្ទមកចុចនិយាយបន្តិច រួចមួយសន្ទុះសំឡេងស៊ីផ្លេឡានមួយមកដល់ រតនា ដើរចេញរ៉ុយ ក្រវាន់ យំរត់តាមប្តី លោកស្រី ចាន់ធូ ចាប់ទាញនាងមកវិញ និយាយព្រមាន ៖
– ឈប់តាមចងកម្មពៀកូនអញទៅ…! ដោះលែងឱ្យកូន រតនា មានសេរីភាពទៅ… បន្តិចទៀត កូន រតនា នឹងរៀបការជាមួយប្រពន្ធថ្មីដែលជាកូនអ្នកមានទ្រព្យ មិនមែនដូចជានាងឯងដែលមានតែគុម្ពផ្កាក្រវាន់ព័ទ្ធផ្ទះនោះទេ… ថយចេញទៅ !

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច