រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១១ )

– លោកស្រីអញ្ជើញទៅវិញហើយអ្ហី ?
លោកស្រី ចាន់ធូ ញញឹមរាងអឿ ៖
– ចា៎ ! ថ្ងៃក្រោយខ្ញុំនឹងមកឱ្យបានញឹកញាប់ជាងនេះ… ព្រោះមិនយូរមិនឆាប់ទេ… ក្រវាន់ នឹងជានាជាមួយប្តីវិញ… អូយ ! ខ្ញុំសប្បាយចិត្តណាស់…
បទុម និង សានី ធ្វើជាញញឹមងក់ក្បាល… លោកស្រី ចាន់ធូ ដើរចេញផុតទៅ បទុម ងាកមករក សានី រួចទះដៃគ្នាមួយ ហើយសើចហួសចិត្ត ៖
– ងាប់ហើយ ! ធ្វើដូចយើងនេះមិនដឹងរឿង …លោកស្រី ចាន់ធូ…! រាប់រកពេលដែលគេមានបាន តែពេលដែលគ្នាក្រលំបាក ទាត់គ្នាចោលដូចសំរាមអ៊ីចឹង…! ខំតែដេកសង្ឃឹមទៅ មុខតែបានការខកចិត្តហើយ…!
ពេលនោះលេចអ្នកស្រី ក្រវាន់ ដើរចេញពីជ្រុងម្ខាងតម្រង់មករកអ្នកទាំងពីរ ។ សានី ក្រឡេកឃើញអ្នកស្រី ក្រវាន់ ក៏សម្តែងការគួរសម ៖
– គាត់ត្រឡប់ទៅវិញហើយបង !
បទុម លូកមាត់បន្ត ៖
– តែគាត់ថា គាត់នឹងមកទីនេះឱ្យបានញឹកញាប់ជាងមុន ព្រោះគាត់គិតថា អ្នកស្រីប្រធាននឹងយល់ព្រមតាមសំណូមពរគាត់ជាមិនខាន !
អ្នកស្រី ក្រវាន់ សើចហួសចិត្ត គ្រវីក្បាល ៖
– គាត់កំពុងតែយល់ច្រឡំធំហើយ… ក្រវាន់ ឥឡូវនេះមិនដូច ក្រវាន់ ពីមុនទេ ! អឺ អរគុណហើយដែលពួកឯងបានជួយទូរស័ព្ទទៅនិយាយកុហកថាខ្ញុំជាប់ប្រជុំនោះ !
បទុម និង សានី សើចងក់ក្បាលព្រមគ្នា ។
ចាប់តាំងពីថ្ងៃនោះមក លោកស្រី ចាន់ធូ តែងតែព្យាយាមចូលជិតអ្នកស្រី ក្រវាន់ តែមិនបានទទួលលទ្ធផលអ្វីសោះ ព្រោះតែអ្នកស្រី ក្រវាន់ ចេះតែរកលេសនេះលេសនោះ រួចគេចចេញរហូត ។ អ្នកស្រី ក្រវាន់ ធ្វើបែបនេះគឺចង់ធ្វើឱ្យគាត់ខកចិត្ត ព្រោះតែអំពើដែលគាត់បានសាងពីមុនមកលើអ្នកស្រីធ្ងន់ហួសនិស្ស័យ មិនអាចទទួលយកបានទេ ។ ថ្ងៃនេះនៅក្នុងការិយាល័យរបស់អ្នកស្រី ក្រវាន់ អង្គុយភ្លឹកនឹកទៅដល់អនុស្សាវរីយ៍ច្រើនរាប់មិនអស់ដែលនាង និង ប្តីនាងធ្លាប់បានសាងជាមួយគ្នា ។ រូបភាពចាស់ៗបានលេចឡើងពេញអារម្មណ៍របស់អ្នកស្រី… ស្រមោលអនុស្សាវរីយ៍កំពុងតែចាប់បញ្ចាំងសាហ្វ៊ីលជាថ្មីទៀតហើយ… នេះជារឿងពិតរបស់នាង និង ប្តី កាលពីជាង ១០ ឆ្នាំមុន…។
កាលណោះ… ក្រវាន់ មានអាយុ ១៨ ឆ្នាំ នាង មានស្រុកកំណើតនៅស្រុកស្រែ នៅក្បែរផ្ទះនាងមានដាំដើមផ្កាក្រវាន់ជារបង ។ រាល់ពេលល្ងាចត្រជាក់ ផ្កាក្រវាន់បញ្ចេញក្លិនក្រអូបផ្អែម ធ្វើឱ្យគ្រប់គ្នាមិនចង់ចាកចេញឡើយ ។ ទោះជានាងនៅស្រុកស្រែតែ នាងជាសិស្សពូកែ ឆ្លាត ហើយបានប្រឡងជាប់បាក់ឌុបដែលមាននិទ្ទេសល្អថែមទៀតផង ។ មិនត្រឹមតែជានារីឆ្លាត និង ពូកែនោះទេ ក្រវាន់ ជាផ្កាមួយទងដែលមានរូបសម្រស់ស្រស់ស្រទន់ មានមន្តស្នេហ៍ ញញឹមជាប់ ធ្វើឱ្យបុរសគ្រប់គ្នាឃើញហើយជាប់ចិត្តភ្លេចមិនបាន ។
ចៃដន្យថ្ងៃមួយកំលោះ រតនា បានទៅលេងស្រុកស្រែជាមួយមិត្តភក្តិ ហើយបានដើរទៅដល់ផ្ទះនាង ពេលនោះផ្កាក្រវាន់បានជះក្លិនក្រអូបសាយ ធ្វើឱ្យគេជក់ចិត្តមិនចង់ឃ្លាតឡើយ ។ បន្ទាប់ពីបាន ជួបមុខគ្នាមក… កំលោះ រតនា បានលបលួចស្រឡាញ់ ក្រវាន់ គ្មានថ្ងៃភ្លេចឡើយ ។ គេព្យាយាមចូលជិតនាង តែជាអកុសល ក្រវាន់ បានចាកចេញមកធ្វើការនៅភ្នំពេញបាត់ហើយ ។ រតនា តាមរកនាងទាល់តែឃើញ ហើយគេតាមសុំស្នេហ៍នាងពីមួយថ្ងៃទៅមួយថ្ងៃរហូតទាល់តែនាងយល់បាក់ចិត្ត និង ព្រមស្រឡាញ់គេវិញដែរ ។ ពេលនោះលោកស្រី ចាន់ធូ ជាម្តាយ រតនា មិនយល់ព្រមទេ ដោយសារ ក្រវាន់ ជាកូនគ្រួសារជាអ្នកស្រែ ។ គាត់បានជំទាស់នឹងបំណង រតនា តែ រតនា មិនព្រមតាមម្តាយទេ គឺគេបានមានះរៀបការជាមួយនាងទាល់តែបាន ។
ច្រើនឆ្នាំដែលរួមរស់នៅជាមួយគ្នា ពួកគេបានបង្កើតនូវចំណងដៃកូនប្រុស-ស្រីចំនួនបីនាក់ដែលគួរឱ្យស្រឡាញ់ ។ ទោះបីជាមានកូនពូនជាចៅក៏ដោយ ក៏លោកស្រី ចាន់ធូ នៅតែស្អប់មិនចូលចិត្ត ក្រវាន់ ដដែល ។ ដោយសារមានបញ្ហាពិបាកក្នុងការមើលថែគ្រួសារ ក្រវាន់ បានឈប់ធ្វើការ គឺពេលនោះហើយដែលនាងត្រូវម្តាយក្មេករករឿងជេរតិះដៀលរាល់ថ្ងៃ ។ ថ្ងៃមួយនាងកំពុងតែប្រមូលខោអាវប្តីទៅបោក ស្រាប់តែលោកស្រី ចាន់ធូ ចេញមកឈរច្រត់ចង្កេះសម្លក់នាង ស្រែកគំហកខ្លាំងៗ ៖

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច