រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១០ )

អ្នកស្រី ក្រវាន់ ខំទប់អារម្មណ៍ដែលឆេះឆួល អ្នកស្រីធ្វើជាញញឹមរួចនិយាយជាមួយកាយវិការលាដៃចេញ ៖
– អូហ៍ ! ខ្ញុំភ្លេចយូរហើយ ! ម៉ាក់ អញ្ជើញអង្គុយ…
លោកស្រីញញឹមរួចដើរទៅអង្គុយនិយាយទាំងញញឹមមើលមុខអ្នកស្រី ៖
– កូនពិតជាអស្ចារ្យណាស់… ពូកែណាស់ ហើយឆ្លាតទៀត ម៉ាក់សូមសរសើរ…
អ្នកស្រី ក្រវាន់ ញញឹមងក់ក្បាល ៖
– អរគុណ ! គ្រប់គ្នាសុខសប្បាយទេអ្ហី ?
លោកស្រី ចាន់ធូ ប្រែទឹកមុខស្រងូត ទើបនិយាយ ៖
– សុខអីកូនអើយ ! កូនមិនដឹងទេអ្ហី តាំងពីកូនចុះចេញមក… កូន រតនា មិនដែលបានសុខទេ !
អ្នកស្រី ក្រវាន់ ធ្វើជាភ្ញាក់ រួចសួរ ៖
– ម៉េចអ៊ីចឹងម៉ាក់ ? ក្រែងគាត់រៀបការប្រពន្ធក្រោយ គេក្មេង ស្រស់ស្អាត ថែមទាំងជាកូនអ្នកមានទៀតនោះអី ?
លោកស្រី ចាន់ធូ គ្រវីក្បាល ៖
– មានស្អីកូនអើយ… ! មានតែម៉ែឪគេហ្នឹង គេមានឱ្យយើងឯណា ហ៊ឺ ! … គិតដល់រឿងនេះម៉ាក់កាន់តែខុសធ្ងន់ខ្លាំងឡើងៗចំពោះកូន ចំណែកកូន រតនា ពិបាកចិត្តពេកទៅផឹកស្រាស្រវឹង ត្រឡប់មកវិញពេលយប់ បើករថយន្តបុកដើមឈើមានគ្រោះថ្នាក់ធ្លាក់ខ្លួនពិការជើងឆ្វេងម្ខាងហើយ…
អ្នកស្រី ក្រវាន់ ភ្ញាក់ភ្លាត់មាត់ ៖
– ពុទ្ធោ ! ដល់ម្លឹងផងអ្ហីម៉ាក់ ?
លោកស្រី ចាន់ធូ ធ្វើជាយំយែកលួចមើលមុខអ្នកស្រី ហើយនិយាយបន្ត ៖
– កូនដឹងទេ គ្រាន់តែកូន រតនា ពិការភ្លាម ប្រពន្ធក្រោយក៏ដាក់មេផាយចោលគេបាត់ទៅ រាល់ថ្ងៃនេះម៉ាក់ពិបាកណាស់កូនអើយ… ណាបម្រើកូន រតនា ណាទៅរកស៊ីមកចិញ្ចឹមខ្លួន… អ្ហើយ កូនម៉ាក់ឱ្យម៉ាក់ធ្វើអីក៏ធ្វើដែរ… ម៉ាក់មកនេះគឺកាត់ចិត្តកាត់ថ្លើម កាត់កេរ្តិ៍កាត់ខ្មាស មកអង្វរកូនឱ្យកូនយោគយល់ដល់ម៉ាក់ អាណិតដល់ចៅៗទាំងបីរបស់ម៉ាក់ដែលត្រូវការភាពកក់ក្តៅពីប៉ារបស់គេ កូនអើយ ព្រមជានាជាមួយប្តីកូនវិញទៅ ម៉ាក់សូមអង្វរណា៎កូនណា៎…!
អ្នកស្រី ក្រវាន់ គិតបន្តិចរួចនិយាយបែបស្ទាក់ស្ទើរ ៖
– អឺ…រឿងនេះ…គឺខ្ញុំ…
លោកស្រី ចាន់ធូ ត្រេកអរពេលឃើញកិរិយារបស់អ្នកស្រី ក្រវាន់ រាងរារែក មានន័យថាអ្នកស្រីនៅអាល័យ ប្តីដែរ គាត់ធ្វើជានិយាយចាក់ចេកចាក់ស្ករបន្ថែម ៖
– កុំអាល័យនៅគិតគូរអីច្រើនទៀតកូនអើយ ! ធ្លាប់ជាប្តីជាប្រពន្ធយើង និង មានកូនពូនជាចៅហើយ ឆាប់យល់ព្រមភ្លាមៗទៅ…
អ្នកស្រី ក្រវាន់ គិតរួចញញឹមបន្តិច ប្រុងនឹងហាមាត់តបវិញ តែពេលនោះសំឡេងទូរស័ព្ទរោទិ៍ឡើង អ្នកស្រីប្រញាប់ស្ទុះទៅលើកនិយាយ ៖
– អាឡូ…! អូហ៍ ដល់ម៉ោងប្រជុំអ្ហេស ? ចា៎ៗខ្ញុំដឹងហើយ ខ្ញុំទៅឥឡូវហើយ !
អ្នកស្រី ក្រវាន់ ញញឹមងាកមករកអតីតម្តាយក្មេក រួចនិយាយ ៖
– សុំទោសម៉ាក់ ! ខ្ញុំដល់ម៉ោងទៅប្រជុំហើយ… ខ្ញុំទៅសិនហើយ ។
ថាហើយ អ្នកស្រី ក្រវាន់ ធ្វើជារៀបចំឯកសារ ចំណែកលោកស្រី ចាន់ធូ រាងឆ្លេឆ្លាបន្តិចក៏សួរបែបរន្ថាន់ ៖
– កូនគ្រាន់តែឆ្លើយថាព្រមមួយម៉ាត់មកជាការស្រេចហើយ…! កូនរវល់ទៅប្រជុំក៏ទៅៗ ម៉ាក់គ្រាន់តែចង់បានចម្លើយខ្លីប៉ុណ្ណឹងតើ…!
អ្នកស្រី ក្រវាន់ ឱបឯកសារនិយាយ ៖
– រឿងហ្នុងចាំថ្ងៃក្រោយចាំនិយាយគ្នាទៀត ឥឡូវនេះខ្ញុំជាប់រវល់ ដូចម៉ាក់ឃើញស្រាប់ហើយ ការងារសំខាន់ណាស់សម្រាប់ខ្ញុំ ខ្ញុំសុំទោស ខ្ញុំសុំចេញទៅមុនហើយ ។
ថាហើយ អ្នកស្រី ក្រវាន់ ដើរចេញទៅភ្លាម ឯលោកស្រី ចាន់ធូ ខកចិត្តក៏ដើរចេញទៅតាមក្រោយដែរ ។ គាត់ដើរសម្លឹងមើលក្រុមហ៊ុនទាំងភ្លឹកអារម្មណ៍ ព្រោះមិននឹកស្មានថា អ្នកស្រី ក្រវាន់ អាចក្លាយជាប្រធានក្រុមហ៊ុនដ៏ល្បីឈ្មោះបែបនេះសោះ ។ គាត់ញញឹមសង្ឃឹមថា បើនាងព្រមជានាជាមួយ រតនា វិញនោះ គាត់ក៏បានដេកស៊ីយ៉ាងស្រួលលើគំនរទ្រព្យសម្បត្តិរបស់កូនប្រសាដែរ ។ គាត់ ដើរចេញមកដល់ខាងក្រៅឃើញ បទុម និង សានី កំពុងឈរញញឹមស្រស់គួរសម ៖

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច