រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៩ )

នៅការិយាល័យធ្វើការរបស់អ្នកស្រី ក្រវាន់ ឃើញ បទុម ដែលជាលេខារបស់នាងកំពុងតែធ្វើការយ៉ាងមមាញឹក ។ ពេលនោះឃើញ សានី ដើរចូលមកទាំងទឹកមុខស្រស់ប្រិមប្រិយ នាងញញឹម ៖
– ជម្រាបសួរអ្នកនាងលេខាដ៏ស្រស់ប្រិមប្រិយ !
បទុម សើចក្របួចមាត់ ៖
– យ៉ស ! ឥឡូវចេះបញ្ជោរផងអ្ហែ៎ស ?
សានី សើចស្រស់ចូលជិត ៖
– មិនមែនបញ្ជោរទេ គឺជាការពិត ! បទុម ពិតជាស្រស់ស្អាតមែនហ្នឹង… តែនិយាយៗទៅឱ្យតែនារីៗ ដែលធ្វើការនៅទីនេះ សុទ្ធតែស្រស់ស្អាតទាំងអស់ តាំងពីលោកស្រីប្រធានដល់កូនចៅ ព្រោះថា…
បទុម ជ្រួញចិញ្ចើម សួរ ៖
– ព្រោះស្អី ?
សានី សើច និយាយតិចៗ ៖
– ព្រោះថាទីនេះជាក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសម្ផស្ស ដូច្នេះហើយពួកយើងត្រូវតែស្រស់ស្អាតអ៊ីចឹងហើយ គឺយើងត្រូវតែធ្វើឱ្យស្រស់ស្អាតជានិច្ច ដើម្បីសិរីសួស្តីសម្រាប់ខ្លួនយើង ក៏ដូចជាឱ្យគេគ្រប់គ្នាមើលមកក៏ពេញចិត្តដែរ មិនថាអ៊ីចឹងអ្ហេសអ្នកនាងលេខា ?
បទុម ហួសចិត្តសើចក្អាកក្អាយ ៖
– ត្រូវ ! និយាយបានត្រឹមត្រូវណាស់ ! គ្មានអ្នកណាម្នាក់ចង់មើលស្រីៗរូបអាក្រក់ទេមែនទេ ?
ទាំងពីរនាក់សើចក្អាកក្អាយ… ពេលនោះលោកស្រី ចាន់ធូ ចូលទៅដល់ បទុម ប្រញាប់ងាកមកគួរសម ៖
– ជម្រាបសួរលោកស្រី ! តើអញ្ជើញមករកអ្នកណាដែរ ?
លោកស្រី ចាន់ធូ ញញឹម ៖
– ខ្ញុំចង់មកជួបលោកស្រីប្រធាន !
បទុម រាងឡឺនឡង់ ៖
– សុំទោស ! តើលោកស្រីមានបានណាត់គាត់ហើយឬនៅ ?
លោកស្រី ចាន់ធូ ញញឹមគ្រវីក្បាល ៖
– អត់ទេ ! តែសូមនាងជួយទូរស័ព្ទប្រាប់ទៅថា ខ្ញុំជាម្តាយក្មេករបស់នាង ចង់ជួប !
ទាំង បទុម ទាំង សានី ភ្ញាក់ព្រមគ្នា ៖
– ម្តាយក្មេកអ្ហេស ?
លោកស្រី ចាន់ធូ ញញឹមរាងអឿ ៖
– ចា៎ស ! ត្រូវហើយ !
បទុម តមវិញញាប់ៗ ៖
– ចា៎ស ! អញ្ជើញចាំមួយភ្លែត !
រួចនាងងាកទៅធ្វើការទំនាក់ទំនងជាមួយអ្នកស្រី ក្រវាន់ ។ មួយសន្ទុះទើបងាកមកវិញទាំងញញឹម ៖
– ចា៎ស ! សូមអញ្ជើញ លោកស្រីប្រធានអនុញ្ញាតហើយ !
លោកស្រី ចាន់ធូ ញញឹមរួចដើរចេញទៅ បទុម និង សានី មើលមុខគ្នារួចគ្រវីក្បាល ។
លោកស្រី ចាន់ធូ ដើរចូលបន្ទប់ធ្វើការយ៉ាងទំនើបរបស់អ្នកស្រី ក្រវាន់ ទាំងអារម្មណ៍រំជើបរំជួល ព្រោះនឹកស្មានមិនដល់សោះថា អ្នកស្រី ក្រវាន់ អាចឈានឡើងបានដល់កំពូលបែបនេះសោះ ។ គាត់គោះទ្វារបន្ទប់ រួចបើកចូលទៅ គាត់ភ្ញាក់ព្រើតព្រោះក្នុងបន្ទប់អ្នកស្រី ក្រវាន់ រៀបចំសុទ្ធតែសម្ភារៈទំនើបៗ មានតម្លៃថ្លៃៗ និង នាំចូលពីបរទេស ។ អ្នកស្រី ក្រវាន់ ញញឹមស្រស់ជាមួយកាយវិការសំពះសួរ ៖
– ជម្រាបសួរ ម៉ាក់ !
លោកស្រី ចាន់ធូ ធ្វើជាយំយែករួចរត់ទៅឱបអតីតកូនប្រសា ៖
– កូនម៉ាក់ ! កុំខឹងនឹងម៉ាក់អីណា៎… ឱ្យម៉ាក់សុំទោសផង ! រឿងពីមុនបំភ្លេចចោលឱ្យអស់ទៅណា៎ ម៉ាក់ខុស ម៉ាក់ទទួលទាំងអស់ណា៎កូនម៉ាក់ !

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច