រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៨ )

– បងគ្មានសេចក្តីសុខបន្តិចណាឡើយចាប់ពីថ្ងៃដែលអូនចាកចេញទៅ… បងពិតជាមានកំហុសធ្ងន់ណាស់ចំពោះអូន និង កូន… ! ហេតុអីក៏ពេលនោះបងគ្មានគិតពិចារណាអ្វីបន្តិចសោះដូច្នេះ…បងជឿតាមពាក្យសម្តីម្តាយរបស់បងដែលស្អប់អូន ទើបបងសម្រេចចិត្តទាំងងងឹតងងល់ ភ្លេចឈាមទាំងបីតំណក់ដែលយំស្រែករកបង…! អូនសម្លាញ់…បងនឹកអូន នឹកកូនខ្លាំងណាស់… តែបងគ្មានមុខឯណាទៅជួបអូនទេ… អូនដឹងទេ ពេលនេះបងរស់នៅតែម្នាក់ឯង ប្រពន្ធក្រោយដែលម៉ាក់រៀបការឱ្យបង គេរត់ចោលបងបាត់ហើយពេលដែលបងធ្លាក់ខ្លួនពិការនេះ… ! សមមុខហើយដែលបងទទួលទណ្ឌកម្មបែបនេះនោះ… បងមានតែពាក្យសុំទោសអូន និង កូនៗតែប៉ុណ្ណោះ…។
និយាយចប់ លោក រតនា ហូរទឹកភ្នែករហាម យករូបថតមកឱបនឹងដើមទ្រូង បិទភ្នែកផ្អែកក្បាលទៅជញ្ជាំង សំងំលែងនិយាយស្តី សញ្ជឹងនឹកស្តាយក្រោយ តែអ្វីៗវាហួសអស់ទៅហើយ មិនអាចវិលត្រឡប់វិញបានទេ ។
នៅក្នុងផ្ទះលោក រតនា ឃើញមានសភាពស្ងាត់ជ្រងំ ហាក់ដូចជាគ្មានមនុស្សរស់នៅ ។ លោក រតនា ដើរឈើច្រត់ទៅអង្គុយយកខ្យល់អាកាសនៅយ៉រានហាលក្នុងទឹកមុខស្រងូតស្រងាត់ ។ ពេលនោះលោកស្រី ចាន់ធូ ដើរយ៉ាងលឿនពីចម្ងាយសំដៅលោក រតនា ទាំងដៃកាន់កាសែតមួយមកផង គាត់ដើរបណ្តើរស្រែកបណ្តើរ ៖
– កូនអើយកូន មើលនែ៎ …!
លោក រតនា ភ្ញាក់ងាកទៅរកម្តាយទាំងឆ្ងល់ ៖
– មានការអីម៉ាក់ ?
លោកស្រី ចាន់ធូ ដើរមកដល់ហុចកាសែតឱ្យលោក រតនា ទាំងនិយាយ ៖
– នេះ ! ប្រពន្ធឯងគេសម្ភាសជាមួយអ្នកកាសែត… ពីមុនជាមួយទូរទស្សន៍ អូយ… ពិតជាអស្ចារ្យមែន… មើលចុះនេះជាកូនៗរបស់ឯង គេក៏ជាចៅរបស់ម៉ាក់ដែរណា៎ ! …
លោក រតនា ស្រងូត និយាយរាងល្វើយ ៖
– រឿងនេះខ្ញុំដឹងយូរហើយ…!
លោកស្រី ចាន់ធូ ភ្ញាក់ និង ឆ្ងល់ ៖
– អ៊ីចឹង ? ហើយចុះកូនឯងគ្មានគម្រោងវិលទៅរកនាងវិញទេអី ?
លោក រតនា គ្រវីក្បាល លោកស្រី ចាន់ធូ លួងលោម ៖
– កុំគិតច្រើនអីណា៎កូន ! រឿងមុនឱ្យវាកន្លងទៅចុះ… ម៉ាក់ក៏ខុសដែរ ដែលបង្ខំឱ្យកូនលែងលះនាង ហើយឱ្យរៀបការប្រពន្ធថ្មី ធ្វើឱ្យកូនពិបាកបែបនេះ តែឥឡូវដើម្បីលុបលាងកំហុសរបស់ម៉ាក់ ម៉ាក់នឹងទៅសុំទោស ក្រវាន់ និង អង្វរឱ្យនាងមករួមរស់ជាមួយកូនវិញ ។
លោក រតនា គ្រវីក្បាល លើកដៃឃាត់ ៖
– កុំអីម៉ាក់ ! រឿងនេះពិតជាមិនអាចកើតឡើងបានទេ ខ្ញុំស្គាល់ចិត្ត ក្រវាន់ ច្បាស់ជាងអ្នកណាៗទាំងអស់ នាងជាស្រី តែមានបេះដូង និង ចិត្តជាមនុស្សប្រុស នាងហ៊ានធ្វើហ៊ានទទួលខុសត្រូវ ហ៊ានស៊ី គឺហ៊ានសង ។ ម្យ៉ាងទៀតខ្ញុំក៏ខ្មាសនាងដែរ ពេលដែលខ្ញុំជានាសុខសប្បាយ មិនដែលនឹកនាដល់នាងទេ តែពេលដែលលំបាកបែរទៅរកនាង គឺពិតជាមិនអាចទៅរួចបានទេម៉ាក់ !
លោកស្រី ចាន់ធូ គិតទ្រឹងបន្តិច រួចនិយាយ ៖
– ហ៊ឺ… ពិបាកដែរហ្នឹង តែឥឡូវនេះម៉ាក់នឹកចៅទាំងបីរបស់ម៉ាក់ណាស់ មិនដឹងថាពួកគេធំប៉ុនណាអស់ហើយទេ ! ម៉ាក់ចង់ឃើញពួកគេដល់ហើយកូនអើយ !
លោក រតនា ដកដង្ហើមធំមួយ រួចនិយាយ ៖
– នេះជាបាបកម្ម ! រឿងនេះគឺមានតែទ្រាំតាមផលកម្មទៅម៉ាក់ !
លោកស្រី ចាន់ធូ មិនមាត់ សម្លឹងទៅកូនប្រុសទាំងគិតក្នុងចិត្តម្នាក់ឯង ៖
– កូនអាចទ្រាំបាន តែម៉ាក់មិនអាចទ្រាំទេ… ពេលនេះកូនពិការហើយ គ្មានអ្នកណាមើលថែទេ ម៉ាក់ត្រូវតែប្រើល្បិចយ៉ាងណាឱ្យ ក្រវាន់ មកទទួលយកកូនវិញឱ្យទាល់តែបាន បើនាងព្រមមែន ឃើញថាបានចំណេញទាំងសងខាង គឺមានអ្នកមើលកូនថែ ហើយពេលនោះ ក្រវាន់ ក៏មានទ្រព្យសម្បត្តិមិនតិចដែរ ហា៎ស ! ហា៎ !… ខ្ញុំត្រូវតែធ្វើរឿងនេះឱ្យបាន… !

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច