រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៧ )

សានី យំហ៊ូដោយក្តីរំភើប សំពះនិយាយទាំងយំគគ្រូក ៖
– សូមអរគុណបងស្រី ! អរគុណណាស់… ដែលបានជួយសង្គ្រោះខ្ញុំ…! ខ្ញុំមិនភ្លេចគុណបងអស់ មួយជីវិត… បងមិនត្រឹមតែជួយសង្គ្រោះជីវិតខ្ញុំតែម្នាក់ទេ តែបងបានជួយសង្គ្រោះជីវិតកូនខ្ញុំពីរនាក់ទៀត ដែលកំពុងតែស្រែកយំទាំងស្រេកឃ្លានរាល់ថ្ងៃ… បងពិតជាព្រះមកប្រោសជីវិតខ្ញុំមែន…!
សានី ឱនសំពះអ្នកស្រី ក្រវាន់ អ្នកស្រី ក្រវាន់ អង្អែលក្បាលនាងដោយអួលដើម-ក ។ អ្នកស្រី ក្រវាន់ ខំទប់ទឹកភ្នែកមិនឱ្យហូរ ព្រោះរឿងរ៉ាវរបស់ សានី បានប៉ះពាល់ដល់ផ្លូវចិត្តនាងខ្លាំងណាស់…។ ស្តាប់រឿង សានី បេះដូងអ្នកស្រីរំជួលក្តុកក្តួល ព្រោះតែស្នាមដំបៅចាស់ក្នុងទ្រូងរបស់អ្នកស្រីកំពុងតែកម្រើកមកវិញដែរ ។

ពេលយប់ស្ងាត់ ខ្យល់បក់មករំភើយៗផាយផាត់ចូលមកតាមចន្លោះបង្អួច នាំមកនូវខ្យល់ត្រជាក់មកស្រោចស្រពកាយាឱ្យស្កប់ស្កល់នឹងជំនោររាត្រីកាលនៃអាកាសសមុទ្រខ្មែរដ៏ល្អត្រកាល បរិសុទ្ធ ស័ក្តិសមនឹងពាក្យស្លោកដែលថា ជាតារារះនៃទិសនិរតី ។ ក្នុងបន្ទប់សណ្ឋាគារដ៏ទំនើបមួយដែលស្ថិតនៅជាប់នឹងមាត់សមុទ្រ ឃើញអ្នកស្រី ក្រវាន់ កំពុងតែអង្គុយទ្រឹងគិតទៅដល់អតីតកាលឈឺចាប់របស់គាត់ រួចក៏ទាញយកសៀវភៅកំណត់ហេតុប្រចាំជីវិតដែលមានសម្បុររាងចាស់បន្តិចទៅហើយនោះ មានន័យថាជាសៀវភៅដែលគាត់បានរក្សាទុកមិនតិចជាង ១០ ឆ្នាំឡើយ ។ គាត់យកមកកាន់រួចងាកទៅមើលកូនសម្លាញ់ទាំងបីរបស់គាត់ដែលដេកលក់ស្កប់ស្កល់ឥតដឹងខ្លួន… កូនប្រុសច្បងមានអាយុ ១៣ ឆ្នាំហើយ គេមានឈ្មោះថា ជីវ័ន… កូនស្រីបន្ទាប់អាយុ ១១ ឆ្នាំ មានឈ្មោះថា បុស្សិបា ឯកូនស្រីពៅដែលគួរឱ្យស្រឡាញ់មានអាយុ ៨ ឆ្នាំ ឈ្មោះលក្ស្មី ។ កូនៗនាងទាំងបីជាកូនដ៏ល្អ លុះតាមដំបូន្មានប្រៀនប្រដៅរបស់ម្តាយទាំងអស់ ពួកគេជាសិស្សពូកែគ្រប់មុខវិជ្ជា និង ភាសាទៀតផង ។ អ្នកស្រីសម្លឹងមើលកូនៗរួចញញឹមរលីងរលោងទឹកភ្នែក ហើយឱនថើបកូនៗដោយក្តីស្រឡាញ់អស់ពីបេះដូង ។ អ្នកស្រីងើបមកវិញដើរមករកបង្អួចសម្លឹងមើលទៅទឹកសមុទ្រដែលលាតសន្ធឹងវែងឆ្ងាយដាច់កន្ទុយភ្នែក ស្តាប់សូរទឹករលកបោកបក់ឆ្នេរខ្សាច់លាន់ឮដូចស្នូរតន្ត្រីប្រគំកំដរអារម្មណ៍នារាត្រីកាល ឱ្យពីរោះលន្លង់លន្លោចហួសពីការស្មាន ។
សម្លឹងមើលទឹករលកយូរៗទៅ ស្រមោលស្នាមអពមង្គលនៃជីវិតគ្រួសាររបស់អ្នកស្រីបានលេចឡើងដេរដាសពេញអារម្មណ៍ ។ អ្នកស្រីអួលដើម-ក ព្រោះនឹកទៅដល់គ្រប់រឿងរ៉ាវដែលអ្នកស្រីបានជួបប្រទះពេលអ្នកស្រីរួមរស់ជាមួយស្វាមីរហូតដល់បានកូនទាំងបីនាក់ ។ ស្នាមជើងរត់តាមឆ្នេរខ្សាច់នៅតែដិតដាមដដែលក្នុងចិត្តអ្នកស្រី ពេលដែលអ្នកស្រី និង ស្វាមីបានមកកម្សាន្តជាមួយគ្នានៅខេត្តព្រះសីហនុនេះ ។
អ្នកស្រី ក្រវាន់ ហូរទឹកភ្នែករហាម និយាយតិចៗតែម្នាក់ឯង ៖
– ឥឡូវនេះ នៅទីនេះគ្មានអ្វីប្រែប្រួលទេ… មានតែបងទេដែលបាត់មិនឃើញមុខ…! ខ្ញុំមិនខឹងនឹងបងទេ… ព្រោះអ្វីដែលបងធ្វើ គឺជារឿងកតញ្ញូចំពោះអ្នកមានគុណ… តែអ្វីដែលបងខុស គឺបងមិនបានថ្លឹងថ្លែងឱ្យត្រឹមត្រូវថា តើអូននេះពិតជាមានកំហុសមែន ឬ យ៉ាងណា ? បងគួរតែផ្តល់ភាពយុត្តិធម៌ដល់អូន និង កូនៗផង ! ជាស្ត្រីម្នាក់ដែលធ្លាប់ជាប្រពន្ធបង ជាម្តាយរបស់កូនៗបង… ធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ មិនគួរបងដាច់ចិត្តចោលអូន និង កូនឱ្យរស់នៅវេទនាលំបាកដូច្នោះទេ…! តែអូនក៏អរគុណបងវិញដែរ ដែលធ្វើឱ្យអូនស្គាល់ច្បាស់នូវជីវិតជាស្រីមេម៉ាយ ចិញ្ចឹមកូនបីនាក់ដោយបាតដៃទាំងពីររបស់ខ្លួន ។ ឥឡូវនេះកូនរបស់យើងគេធំៗអស់ហើយ គេឆ្លាត និង ពូកែណាស់ អូនអស់កង្វល់ហើយ… ជាភារកិច្ចរបស់អូនក្នុងនាមជាម្តាយផង ជាឪពុកផង អូនត្រូវតែពុះពារជម្នះរាល់ឧបសគ្គដើម្បីអនាគតកូនៗ ។ ពេលនេះការតស៊ូរបស់អូនបានមកដល់គោលដៅហើយ…ចុះបងវិញ… តើយ៉ាងណាដែរ ?
អ្នកស្រី ក្រវាន់ និយាយចប់ យកដៃជូតទឹកភ្នែក រួចគ្រវីក្បាលយឺតៗ ដើរមកអង្គុយវិញ ។ អ្នកស្រីបើកសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ខ្លួនមើលម្តងមួយសន្លឹកៗ រំឭកពីអនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ជាមួយស្វាមីនាងកន្លងមក ។

ក្នុងរាត្រីនោះដែរ ហាក់ដូចជាមានអ្វីមកធ្វើឱ្យលោក រតនា ដេកមិនលក់ដែរ ។ គាត់ដេកប្រែខ្លួនចុះឡើងៗ រួចដកដង្ហើមធំឃូរ ទើបគាត់ងើបអង្គុយដោយពិបាក ព្រោះគាត់ក្លាយជាជនពិការជើងឆ្វេងដោយសារគ្រោះថ្នាក់ចរាចរមួយនៅតាមផ្លូវ ពេលដែលគាត់ផឹកស្រាស្រវឹង ហើយបើកបរហួសល្បឿនកំណត់ ។ លោក រតនា គឺជាអតីតស្វាមីរបស់អ្នក ស្រី ក្រវាន់ និង ជាឪពុករបស់កូនៗទាំងបី ។ គាត់ងើបអង្គុយរួចទាញយករូបថតអនុស្សាវរីយ៍ដែលគាត់ ធ្លាប់បានថតរួមគ្នាជាមួយកូនៗកាលពីនៅតូចៗមកមើល រួចសម្រក់ទឹកភ្នែកម្នាក់ឯង ។ គាត់អង្អែលរូបថត រួចនិយាយតិចៗ ៖

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច