រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៦ )

មីង ស បាត់មាត់ឈឹងលែងហ៊ានតវ៉ា ។ សានី និង សានិត យំឱបគ្នា ។
វិលពីការស្រមៃមកវិញ ក្នុងភោជនីយដ្ឋានដែលអ្នកស្រី ក្រវាន់ និង សានី បានជួបគ្នា សានី យកដៃជូតទឹកភ្នែករួចមើលមុខអ្នកស្រី ក្រវាន់ ហើយនិយាយទាំងរអាក់រអួល ៖
– តាំងពីថ្ងៃនោះមក ខ្ញុំសម្រេចចិត្តចាកចេញពីផ្ទះ ព្រោះខ្លាចពូ ភួង តាមធ្វើបាបខ្ញុំទៀត ។ ម៉ែខ្ញុំមិនបានតាមរកខ្ញុំទេ ព្រោះគាត់ជឿតាមពាក្យញោះញង់របស់ប្តីគាត់ដែលថា ខ្ញុំនេះរត់តាមប្រុស ។
អ្នកស្រី ក្រវាន់ បន្ធូរដង្ហើមធំ មើលមុខ សានី រួចនិយាយ ៖
– រួចតទៅទៀត តើមានរឿងរ៉ាវម៉េចដែរ ?
សានី ស្រងូត និង មើលមុខអ្នកស្រី ក្រវាន់ ទីបនិយាយ ៖
– ចា៎បង ! ក្រោយមកខ្ញុំបានស្គាល់ប្តីខ្ញុំសព្វថ្ងៃនេះ គាត់ជាសន្តិសុខយាមក្នុងហាងមួយ ។ យើងបានទំនាក់ទំនងគ្នាបានរយៈពេលប្រហែលជិតមួយឆ្នាំ ទើបសម្រេចចិត្តរួមរស់នឹងគ្នាដោយមិនបានរៀបចំអ្វីធំដុំទេ គ្រាន់តែសែនព្រេនបន្តិចបន្តួចប៉ុណ្ណោះ ព្រោះប្តីខ្ញុំគាត់ក៏ខ្វះខាតដែរ ។ យើងនៅជាមួយគ្នាបានប្រាំឆ្នាំមកហើយ មានទាំងកូនពីរនាក់ថែមទៀត មិនដែលមានរឿងអ្វីកើតឡើងទេ ទើបតែប៉ុន្មានខែនេះ ដែលប្តីខ្ញុំប្រែចិត្តទៅមានស្រីថ្មីតាមមិត្តភក្តិ មិនដែលមកអើតផ្ទះ មិនមកមើលកូន… បើមកម្តងៗ គឺមានតែជេរប្រទេច ឡូឡា ត្មះតិះដៀល តាមអំពើចិត្ត… ខ្ញុំតូចចិត្តណាស់បង… កើតមកជាតិនេះអីក៏អភ័ព្វខ្លាំងម្ល៉េះ មានម្តាយនឹងគេដែរ តែមិនយកចិត្តទុកដាក់ចំពោះកូន តាមប្តីជាងកូន ទោះឃើញប្តីធ្វើបាបក៏ដោយ ។ លុះដល់មកមានប្តីក៏វេទនាទៀត… រាល់ថ្ងៃនេះបើកុំតែមានកូនមកបន្លប់ទុក្ខ ម្ល៉េះខ្ញុំប្រហែលជាស្លាប់បាត់យូរណាស់ហើយបងអើយ !
អ្នកស្រី ក្រវាន់ ស្រងូតមើលមុខនាង គាត់លើកទឹកមកក្រេបបន្តិច រួចនិយាយ ៖
– ហើយចុះពេលនេះចង់ធ្វើអីតទៅមុខទៀត ?
សានី យំហូរទឹកភ្នែក លើកដៃសំពះ ៖
– ខ្ញុំកំពុងតែអស់សង្ឃឹមក្នុងជីវិត… ស្រាប់តែមើលតាមទូរទស្សន៍ឃើញបងកំពុងតែនិយាយពីជីវិតតស៊ូរបស់បង ស្តាប់ពាក្យផ្តែផ្តាំរបស់បងធ្វើឱ្យខ្ញុំមានចិត្តចង់រស់ឡើងវិញ… ដោយយកតាមគំរូរបស់បង…! ជាតិនេះបងមានសំណាងណាស់ មើលចុះទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ពិតជានារីគំរូដ៏អង់អាចក្លាហានម្នាក់មែន…!
អ្នកស្រី ក្រវាន់ ញញឹមស្ងួតរាងរលីងរលោងទឹកភ្នែក ៖
– អរគុណដែលបានសរសើរ ! អរគុណដែលបានមើល និង បានស្តាប់ការរៀបរាប់របស់ខ្ញុំតាមទូរទស្សន៍ ។ សានី ! បងមានពាក្យខ្លះចង់និយាយប្រាប់នាងថា កើតមកជាមនុស្សក្នុងលោកនេះ គ្មានអ្នកណាម្នាក់ដែលថាគ្មានទុក្ខនោះទេ… គ្រាន់តែថាទុក្ខខុសប្លែកៗពីគ្នាប៉ុណ្ណោះ ។ ពេលនេះអូនមើលមកបងថាជាមនុស្សមានសំណាង មានវាសនា… តែអូនមិនបានដឹងទេថា ខ្សែជីវិតបងពីមុនវាគ្រោតគ្រាត និង ឈឺចាប់ប៉ុនណានោះ ទម្រាំបងឈានមកដល់កន្លែងនេះ បងស្ទើរតែមិនមែនជាមនុស្សទៅហើយ…
សានី ភ្ញាក់មើលមុខអ្នកស្រី ក្រវាន់ ៖
– ថាម៉េច បងធ្លាប់មានប្រវត្តិឈឺចាប់ដែរអ្ហី ?
អ្នកស្រី ក្រវាន់ ងក់ក្បាល ទឹកភ្នែកហូរ ៖
– ជាការពិត ! តែឥឡូវឈប់រំឭកទៅ… ដើម្បីកុំឱ្យសោកសៅទៀត…! មើល… តើពេលនេះ សានី ឯងចង់ធ្វើអ្វី ?
សានី រាងងីងើបន្តិច នាងនិយាយ ៖
– ខ្ញុំកំពុងសុញគំនិតហើយបង…! ចង់រកស៊ី គ្មានដើមទុន ទៅធ្វើការគ្មានអ្នកមើលកូន… ចង់ធ្វើអីក៏មិនកើត…ហ៊ឺ… !
ក្រវាន់ គិតបន្តិច រួចនិយាយ ៖
– ចុះបើបងរកការងារឱ្យធ្វើនោះ ?
សានី ភ្ញាក់បើកភ្នែកធំៗ ៖
– បងថាម៉េច ?
អ្នកស្រី ក្រវាន់ ញញឹម ៖
– បងមានកន្លែងឱ្យឯងធ្វើការ តែឯងត្រូវតែព្យាយាមតស៊ូ មុនដំបូងជួបការលំបាកបន្តិចហើយ តែសំខាន់ឱ្យតែមានការតាំងចិត្តពិតជាសម្រេច… ឯងយល់ថាម៉េចដែរ ?

                                                                                                  ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច