រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៤ )

សានី ភ័យណាស់ នាងខំស្រែក និង រើបម្រះ ៖
– ពូ… ! កុំធ្វើអ៊ីចឹងពូ… ! លែងខ្ញុំទៅៗៗ
ពូ ភួង មិនស្តាប់នាងឡើយ គេគិតតែធ្វើម៉េចចាប់រំលោភនាងឱ្យខាងតែបាន… សានី ភ័យផង ស្រែកយំផង ចៃដន្យស្រាប់តែប្អូនស្រីនាងដើរចូលមកទាន់ក៏ស្រែក ៖
– ពុក ! ពុក ! … ធ្វើអីបងស្រីហ្នឹង ?
ពេលនោះពូ ភួង ស្វាងស្រា ភ្ញាក់ស្ទុះចេញពី សានី សម្លក់ សានិត ជាប្អូនស្រី រួចនិយាយទាំងចង្អុលមុខ ៖
– ពីរនាក់បងប្អូនហ្នឹងកុំនិយាយអីឱ្យសោះ ឮទេ ? តែហ៊ាន ប្រយ័ត្នងាប់… !
ថាហើយគាត់ដើរចេញទៅ សានី យំផងរត់មកឱបប្អូន សានិត យំទាំងឆ្ងល់ តែមិនហ៊ានសួរនាំបងទេ ។
សានី ឱបប្អូននិយាយទាំងយំ ៖
– អរគុណឯងហើយណា៎ សានិត ! បើកុំតែឯងចូលមកទាន់ កុំអីបងមិនដឹងជាទៅជាយ៉ាងណាទេ ?
ចាប់ពីថ្ងៃនោះមក សានី តែងតែព្យាយាមគេចមុខពីពូ ភួង រហូត បើពូ ភួង នៅក្នុងផ្ទះ នាងចេញក្រៅ បើគាត់នៅក្រៅ គឺនាងចូលក្នុងផ្ទះ គឺធ្វើយ៉ាងម៉េចគេចមុខពីគាត់ឱ្យបានគ្ប់ពេល ។ ជីវិតនាងរស់នៅគឺមានតែការភ័យខ្លាចប៉ុណ្ណោះ ។ ថ្ងៃមួយដើម្បីលាងខ្លួនហើយទម្លាក់កំហុសឱ្យ សានី ពូ ភួង បានខំយកចិត្តមីង ស ថែមទាំងនិយាយបង្វែងដានថា ៖
– បងមិនចង់និយាយអីច្រើនទេ តែបើបងមិននិយាយវាមិនកើត ព្រោះថាយ៉ាងណាៗក៏បងជាឪពុកវាដែរ… !
មីង ស ភ្ញាក់មើលមុខប្តី ៖
– បងនិយាយនេះមានន័យថាម៉េចហ្នឹង ?
ពូ ភួង ដកដង្ហើមធំមួយរួចនិយាយរាងស្រងូត ៖
– គឺកូនស្រីរបស់អូនឯងហ្នឹង សានី នោះអី ?
មីង ស ភ្ញាក់លាន់មាត់ ៖
– សានី យ៉ាងម៉េច ?
ពូ ភួង មើលមុខ មីង ស និយាយ ៖
– មានយ៉ាងម៉េច ? តាំងពីវាបានទៅធ្វើការងារនៅរោចក្របានប្រាក់ខែបន្តិចបន្តួចមក វាធ្វើឫកធំដាក់បង មុខមិនឱ្យក្រោយមិនមើល… ជួបបងសម្លក់សម្លឹងដូចជាសត្រូវគ្នាពីអង្កាល់ណាមកអ៊ីចឹង ? បងមិនហ៊ាននិយាយស្តីទេ ខ្លាចថាបងនេះគ្មានសិទ្ធិ ព្រោះមិនមែនជាឪពុកបង្កើតរបស់គេ… ម្ល៉ោះហើយបងបានត្រឹមតែពិបាកចិត្ត សំងំលាក់ទុកទៅណា៎… !
មីង ស ប្រែប្រួលទឹកមុខ រួចនិយាយរាងខឹង បន្ទាប់មកក៏លួងលោមវិញ ៖
– ដល់ម្ល៉ឹងផងអ្ហេស សានី ? ខ្ញុំអត់ដឹងថាមានរឿងអ៊ីចឹងទេបង… ព្រោះរវល់តែរកស៊ី ! តែមិនអីទេ ចាំខ្ញុំចាត់ចែងឱ្យណា៎បង… បងមិនបាច់ព្រួយទេ… វាជាកូនរបស់ខ្ញុំ… វាមិនមែនជាម៉ែរបស់ខ្ញុំទេ… តែបងជាប្តីរបស់ខ្ញុំណា៎…! កុំខឹងអីណា៎បងសម្លាញ់…!
ថាហើយមីងក៏ខំយកចិត្ត ពូ ភួង យ៉ាងខ្លាំង ពូ ភួង ធ្វើជាទ្រឹងបន្តិចនិយាយ ៖
– តែយ៉ាងណាៗអូនកុំយកឈ្មោះបងទៅប្រើឱ្យសោះឮទេ ?
មីង ស ញញឹមងក់ក្បាល ៖
– ថាមិនបាច់ព្រួយទេ… រឿងប៉ុណ្ណឹងៗមានអីទៅពិបាក… យើងបង្កើតវាមក យើងត្រូវចិញ្ចឹមវា រឿងអីថាយើងនេះប្រដៅវាមិនបាន… បងទុកឱ្យខ្ញុំចុះ បងនៅតែស្ងៀមៗទៅ…
ពូ ភួង ញញឹមងក់ក្បាល ៖
– អ៊ីចឹងក៏អ៊ីចឹងចុះ !
ព្រោះតែស្រឡាញ់ប្តីខ្លាំង ពេក មីង ស ធ្វើអ្វីៗតាមចិត្តប្តីទាំងអស់ ដោយគ្មានការពិចារណារកហេតុផលសោះឡើយ ។ ពូ ភួង លួចញញឹមបែបពុតត្បុត ហើយនឹកក្នុងចិត្តថា «មិនអីទេ សានី ! បន្តិចទៀតនាងនឹងបានទទួលថ្នាំខ្លាំងពីម៉ែនាងឯងហើយ… ! ចាំមើលមើល៍ តើនាងធ្វើយ៉ាងម៉េចទៀត ? ហា៎សហា៎…» ។
សានី ស្រក់ទឹកភ្នែកច្រោក ពេលដែលមីង ស មកស្តីបន្ទោសទាំងចង្អុលមុខប៉ាច់ៗពីរឿងមិនរាប់រក ពូ ភួង ។ នាងហាមាត់ប្រុងនឹងតវ៉ា តែមីង ស កាត់សម្តី ៖
– កុំនិយាយ ! ហាមនិយាយ ហាមតវ៉ា ! នាងឯងនេះកាន់តែថ្លើមធំហើយ ! យ៉ាងម៉េចអាងទៅធ្វើការនៅរោងចក្រហ្នឹងអី ? ឫកម៉ាបេន សូម្បីតែឪពុកក៏មិននិយាយរកដែរ.. ទោះជាយ៉ាងណាក៏គេធ្លាប់មើលថែតាំងពីតូចមកដែរ !

                                                                                   ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច