រឿង «​ផ្កា​ក្រវាន់​» ( ភាគ ៣ )

អ្នកស្រីបិទទូរស័ព្ទចុះ គិតទ្រឹងបន្តិច រួចគ្រវីក្បាល ដកដង្ហើមធំមួយ… រួចងាកទៅធ្វើការបន្តទៀត ។
ពេលល្ងាចត្រជាក់នាមាត់ទន្លេ ខ្យល់ជំនោរបក់ផាត់មកត្រជាក់ល្ហើយត្រសៀក ធ្វើឱ្យអារម្មណ៍ដែលតានតឹងកាលពីថ្ងៃប្រែជាបានធូរស្បើយពីក្នុងឱរាបានខ្លះៗដែរ ។ ក្នុងភោជនីយដ្ឋានផ្កា គេឃើញអ្នកស្រីប្រធានក្រុមហ៊ុន និង អតិថិជនម្នាក់កំពុងតែអង្គុយទល់មុខគ្នា ។ អ្នកស្រីមើលមុខនាងរួចនិយាយ ៖
– មើលទៅមុខប្អូនស្រីគឺមានទុក្ខធំណាស់… តើមែនទេ ?
នារីនោះយំផងនិយាយផង ៖
– ចា៎ ពិតមែនហើយ ! សុំទោស ! តើខ្ញុំគួរហៅអ្នកស្រីថាយ៉ាងម៉េចទៅដើម្បីឱ្យសមរម្យ ?
អ្នកស្រីសើចគ្រវីក្បាល ៖
– ខ្ញុំជាមនុស្សសាមញៗធម្មតាៗ ហៅខ្ញុំថាបងៗទៅបានហើយ ! ចុះនាងវិញឈ្មោះអីដែរ ?
នារីនោះយកដៃជូតទឹកភ្នែក រួចហើយសំពះ ៖
– អរគុណបងស្រីដែលមិនប្រកាន់ឋានៈ… ! ខ្ញុំឈ្មោះ សានី មានអាយុ ២៨ ឆ្នាំ មានប្តី និង មានកូន ២ នាក់ ( ស្រី ១ ប្រុស១ )…! សុំទោសបងស្រី បងឈ្មោះអីដែរ ?
អ្នកស្រីប្រធានញញឹមស្រស់ ៖
– ខ្ញុំឈ្មោះ ក្រវាន់ !
សានី ភ្ញាក់បើកភ្នែកធំៗ លាន់មាត់ ៖
-ព្រះអើយ… អ៊ីចឹងឈ្មោះក្រុមហ៊ុននោះ គឺ ជាឈ្មោះបងតើ… ! អស្ចារ្យណាស់ បងចេះដាក់ឈ្មោះក្រុមហ៊ុនតាមឈ្មោះបង… ផ្កាក្រវាន់ក្រអូបណាស់បង ក្រអូបផ្អែមត្រជាក់តែម្តងហើយ… !
អ្នកស្រី ក្រវាន់ សើចស្រស់គ្រវីក្បាល ៖
– អរគុណហើយដែលបានសរសើរបង ! មើល៍ ឥឡូវចង់ញ៉ាំអី សូមកុម្ម៉ង់ទៅ ល្ងាចនេះបងជាអ្នកប៉ាវណា៎… !
សានី ញញឹមទាំងទឹកភ្នែកពេញ ៖
– អរគុណបង ! ខ្ញុំសុំតែទឹកមួយកែវមកបានហើយ !
ក្រវាន់ ឆ្ងល់បើកភ្នែកធំៗ ៖
– ម៉េចអ៊ីចឹង ?
សានី ញញឹមមើលមុខអ្នកស្រី ក្រវាន់ និយាយ ៖
– បានមកឃើញមុខបងខ្ញុំលែងឃ្លានអ្វីទាំងអស់… ! បងជានិមិត្តរូបរបស់ខ្ញុំ… ខ្ញុំពេញចិត្តនូវទង្វើគ្រប់យ៉ាងរបស់បង… ខ្ញុំសប្បាយចិត្តណាស់បងអើយ !
អ្នកស្រី ក្រវាន់ សើចហួសចិត្ត ៖
– តាមចិត្តឯងចុះ ! ឥឡូវមានរឿងអីនិយាយមក បងចាំស្តាប់… !
សានី ប្រែទឹកមុខជាស្រងូត រួចដកដង្ហើមធំមួយ និង និយាយរាងរអាក់រអួល ៖
– រឿងខ្ញុំគឺអចេះ…
រំឭករឿងដើម គឺជាការស្រមៃរបស់នាង សានី ថ្ងៃត្រង់ជាក់ ថ្ងៃបណ្តើរកូនព្រិចៗចាំងពីលើក្បាល ជះកម្តៅក្តៅហែងមកលើផែនដី ធ្វើឱ្យមនុស្សរាល់រូបរត់រកជម្រកជ្រកស្នាក់អាស្រ័យដើម្បីបន្ធូរបរិយាកាសដែលតានតឹងនេះ ។
ក្នុងតំបន់ជាយក្រុងភ្នំពេញ ក្នុងប្លុកផ្ទះជួលមានគ្រួសារមួយដែលមានសមាជិកចំនួន ៥ នាក់ គឺឪពុក ម្តាយ និង កូនបីនាក់ ។ ជីវភាពគ្រួសារនេះយ៉ាប់យ៉ឺនណាស់ ព្រោះតែពូ ភួង ដែលជាមេគ្រួសារមិនបានរកស៊ីចិញ្ចឹមកូនទេ គាត់ទៅរកស៊ីអូសអីវ៉ាន់ឱ្យគេតាមផ្សារបានប្រាក់បន្តិចបន្តួចក៏ផឹកស្រាស្រវឹង ហើយមកវិញរករឿងអ្នកផ្ទះទៀតផង ។ មីង ស ជាប្រពន្ធខំរកស៊ីចិញ្ចឹមកូនមិនហ៊ានតវ៉ាជាមួយប្តីឡើយ ម្យ៉ាងគាត់ស្រឡាញ់ប្តីគាត់ណាស់ដែរ ។ នាង សានី ជាកូនស្រីរបស់មីង ស ជាមួយប្តីមុន នាងមានអាយុ ១៨ ឆ្នាំហើយ នាងបរៀនសូត្របានតែបន្តិចបន្តួចក៏ឈប់រៀនទៅដើម្បីមកជួយរកស៊ីចិញ្ចឹមគ្រួសារវិញ ។ នាងបានចូលធ្វើការជាកម្មការិនីក្នុងរោងចក្រមួយ ។ ថ្ងៃមួយនៅពេលម្តាយនាងមិននៅផ្ទះ សានី កំពុងតែបោកខោអាវ ស្រាប់តែពូ ភួង ជាឪពុកចុងបានចូលមកជិតនាងហើយស្ទុះឱបនាងទាំងកំរោល និង គំរាម ៖
– កុំមាត់… នៅឱ្យសៀម… ! ប្រយ័ត្នស្លាប់ណា៎… !

                                                                                   ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច