រឿង «​ផ្កា​ក្រវាន់​» ( ភាគ ២ )

និយាយចប់ស្នូរទះដៃលាន់ឮប្រាវៗ ម៉ាស៊ីនថតចុចភ្លឹបភ្លែតៗឆ្វេកឆ្វាចៗពេញបន្ទប់ ។ អ្នកស្រីញញឹមរួចដើរចេញទៅ ។ បទុម ដើរតាមក្រោយ អ្នកកាសែតជំនុំគ្នានិយាយពីជីវិតអ្នកស្រីប្រធានមិនអស់មិនហើយ ។
ក្នុងបន្ទប់ធ្វើការរបស់អ្នកស្រីប្រធាន… ឃើញគាត់កំពុងតែមមាញឹកធ្វើការ គាត់ពិនិត្យឯកសារយ៉ាងយកចិត្តទុកដាក់ ។ សំឡេងទូរស័ព្ទរោទ៍ឡើងគាត់លើកមកនិយាយ ៖
– អាឡូ ជម្រាបសួរ !
សំឡេងពីចុងម្ខាងនិយាយ ៖
– ចា៎ ! ជម្រាបសួរ ! ខ្ញុំជាអតិថិជនដែលបានប្រើផលិតផលថែរក្សាសម្ផស្សរបស់ក្រុមហ៊ុនអ្នកស្រី ។
អ្នកស្រីញញឹមងក់ក្បាល ៖
– អ្ហូ៎ ! អរគុណច្រើនណាស់… ស្វាគមន៍អតិថិជនពិសេសរបស់ផលិតផលក្រវាន់ !
សំឡេងពីចុងម្ខាងនិយាយលាយសំណើច ៖
– ចា៎ ! អរគុណដូចគ្នា ! សុំទោស ! តើអ្នកស្រីអាចមានពេលប្រហែល ៥ នាទីដែរទេ ?
អ្នកស្រីញញឹមងក់ក្បាល ៖
– អ្ហូ៎ ! ស្វាគមន៍គ្រប់ពេល… សុំនិយាយមកចុះ !
សំឡេងពីចុងម្ខាងនិយាយ ៖
– អរគុណ ! ដំបូងខ្ញុំសូមសរសើរចំពោះផលិតផលថែរក្សាសម្ផស្សរបស់អ្នកស្រី ឃើញថាមានគុណភាពល្អ ខ្ញុំប្រើហើយឃើញថាទទួលបានលទ្ធផលគួរជាទីពេញចិត្ត… ស្វាមីខ្ញុំគាត់ពេញចិត្តនឹងការប្រែប្រួលរូបរាង និង មុខមាត់ថ្មីរបស់ខ្ញុំ គាត់សរសើរថា ស្រស់ស្អាតជាងមុនច្រើនណាស់ ព្រោះជាផលិតផលប្រើតាមបែបធម្មជាតិ មិនប៉ះញល់ដល់សុខភាពទេ… ! ខ្ញុំទទួលបានសុភមង្គលដ៏ពិសេសក្នុងគ្រួសារ ពេលនេះស្វាមីខ្ញុំកាន់តែស្រឡាញ់ថ្នាក់ថ្នមខ្ញុំជាងមុន… ! បន្ទាប់មកទៀតខ្ញុំបានមើលកាសែត ឃើញការសម្ភាសរបស់អ្នកស្រីធ្វើឱ្យខ្ញុំកាន់តែរំភើប និង ក្តុកក្តួលថែមទៀត ពេលបានស្តាប់ប្រវត្តិរបស់អ្នកស្រី… អ្នកស្រីជាគំរូដ៏ល្អសម្រាប់ស្ត្រីទូទៅយកតម្រាប់តាម ការតស៊ូរបស់អ្នកស្រីមិនឥតប្រយោជន៍ទេ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញស្ត្រីខ្មែរម្នាក់មានការព្យាយាម តាំងចិត្តខ្ពស់ តស៊ូគ្រប់បែបយ៉ាង រហូតដល់មានថ្ងៃនេះ…! ជូនពរសុំឱ្យអ្នកស្រីទទួលបានជោគជ័យគ្រប់យ៉ាងក្នុងឆាកជីវិតបន្តទៀត… អរគុណច្រើន ! ជម្រាបលា… !
អ្នកស្រីញញឹមដោយពេញចិត្ត ៖
– អរគុណ ! ជម្រាបលា !
អ្នកស្រីដាក់ទូរស័ព្ទចុះទ្រឹងបន្តិច គិតរួចញញឹមក្នុងន័យពេញចិត្តតែម្នាក់ឯង ។ គាត់ងាកទៅធ្វើការបន្តទៀត ស្រាប់តែពេលនោះសំឡេងទូរស័ព្ទលាន់ឮម្តងទៀត អ្នកស្រីលើកមកនិយាយ ៖
– អាឡូ ! ជម្រាបសួរ !
សំឡេងពីចុងម្ខាងនិយាយលាយសំឡេងយំតិចៗ ៖
– អាឡូ ! ជម្រាបសួរ ! សុំទោស ! នេះអ្នកស្រីប្រធានក្រុមហ៊ុនផលិតផលថែរក្សាសម្ផស្ស ក្រវាន់ មែនទេ ?
អ្នកស្រីញញឹមងក់ក្បាល ៖
– ចា៎ ! គឺខ្ញុំនេះហើយ ! សុំទោស តើមានការអីដែរ ?
សំឡេងពីចុងម្ខាងយំង៉ក់ៗ និយាយផង ៖
– សំណាងណាស់ដែលខ្ញុំបានជួបអ្នកស្រី ! ពិតជាមានវាសនាមែន… ! អ្នកស្រីដឹងទេ… ខ្ញុំបានមើលកិច្ចសម្ភាសរបស់អ្នកស្រី ខ្ញុំរំភើបចិត្តនឹងការតស៊ូរបស់អ្នកស្រីរហូតដល់ក្លាយជាស្ត្រីដឹកនាំក្រុមហ៊ុនមួយដ៏ធំបែបនេះ… តែខ្ញុំមានបញ្ហាក្នុងគ្រួសារធំណាស់ ខ្ញុំចង់ឱ្យមានអ្នកស្រីជួយផ្តល់ជាគំនិតដោះស្រាយឱ្យខ្ញុំផង តើបានទេ ?
អ្នកស្រីទ្រឹងបន្តិចរួចនិយាយ ៖
– ស្តាប់មើល៍ទៅប្អូនស្រីដូចជាមានទុក្ខធំណាស់ មែនទេ ?
សំឡេងពីចុងម្ខាងនិយាយទាំងយំកាន់តែខ្លាំងឡើងៗ ៖
– ខ្ញុំមានរឿងជីវិតឈឺចាប់ណាស់អ្នកស្រី ! សុំជួយខ្ញុំផង… ! ខ្ញុំគ្មានអ្នកណាទៀតទេ ក្រៅពីអ្នកស្រី… !
អ្នកស្រីជ្រួញចិញ្ចើមរួចនិយាយ ៖
– បានៗ ខ្ញុំជួយ… ឥឡូវល្ងាចនេះម៉ោង ៥ យើងជួបគ្នានៅភោជនីយដ្ឋានផ្កា ! តើបានទេ ?
សំឡេងពីចុងម្ខាងនិយាយយំផងរំភើបផង ៖
– ចា៎… ! បាន ! បាន ! អរគុណអ្នកស្រីច្រើនណាស់ដែលបានជួយខ្ញុំ… ខ្ញុំមិនភ្លេចគុណអ្នកស្រីទេ អ្នកស្រីជម្រាបលា… !

                                                                                   ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច