រឿង «​ផ្កា​ក្រវាន់​» ( ភាគ ១ )

រថយន្តទំនើបស៊េរីថ្មីមួយគ្រឿងបើកបរពីចម្ងាយ រួចចូលមកចតពីមុខក្រុមហ៊ុនលក់ផលិតផលរក្សាសម្ផស្សមួយដ៏ធំដែលមានឈ្មោះថា ក្រវាន់ ដែលមានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ គឺជាក្រុមហ៊ុននាំចេញនាំចូលផលិតផលថែរក្សាសម្ផស្សសម្រាប់ ស្ត្រីគ្រប់បែបយ៉ាងដែលកំពុងតែមានឈ្មោះល្បីពេញប្រទេសទាំងមូល ។ គ្រាន់តែរថយន្តឈប់ង៉ក់ភ្លាមភ្នាក់ងារសន្តិសុខប្រចាំក្រុមហ៊ុនបានស្ទុះស្ទារត់ទៅបើកទ្វារជូនយ៉ាងឱនលំទោន ។ រំពេចនោះឃើញស្បែកជើងមួយគូបានទម្លាក់ចុះមកដីសន្សឹមៗជាមួយនឹងដងខ្លួនដ៏ស្រស់ស្អាតរបស់ម្ចាស់រថយន្តដែលងើបចេញពីរថយន្តទាំងទឹកមុខញញឹម ។ ជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលមានវ័យប្រហែល ៤០ ឆ្នាំ តែស្រស់ស្អាតមិនចាញ្ញ់ក្មេងអាយុ ២០ ឆ្នាំឡើយ សាច់ឈាមស្រស់ថ្លា រូបរាងក៏សមសួនជាមួយទឹកមុខញញឹមញញែមបញ្ជាក់ឱ្យឃើញថា ស្ត្រីរូបនេះមានសុខភាពល្អ កម្លាំងពលំមាំមួន និង មានប្រជាប្រិយភាពទៀតផង ។ គាត់ងាកមកញញឹមដាក់សន្តិសុខជាមួយវាចា ៖
– អរគុណ !
រួចហើយគាត់ដើរចូលទៅក្នុងក្រុមហ៊ុន ។ ភ្លាមនោះស្រាប់តែគាត់បើកភ្នែកធំៗបែបភ្ញាក់ផ្អើល ព្រោះឃើញមានអ្នកសារព័ត៌មាន អ្នកថតរូបជាច្រើនកំពុងតែឈររង់ចាំគាត់យ៉ាងកកកុញនៅបន្ទប់ទទួលភ្ញៀវ គាត់ភាំងបន្តិចប្រែទឹកមុខ រំពេចនោះកញ្ញា បទុម ដែលជាលេខាផ្ទាល់របស់គាត់បានដើរមកជិតរួច និយាយតិចៗ ៖
– សុំទោស ! អ្នកស្រី ! អ្នកកាសែតចង់ជួបសម្ភាសជាមួយអ្នកស្រី !
អ្នកស្រីគិតបន្តិច និយាយ ៖
– តែខ្ញុំមិនបានណាត់ពួកគេទេ !
បទុម ញញឹមងក់ក្បាល ៖
– ចា៎ ! ត្រូវហើយ ខ្ញុំបានប្រាប់ពួកគេដែរថា អ្នកស្រីរវល់ តែពួកគេថាចង់ជួបអ្នកស្រីផ្ទាល់តែម្តង… ឥឡូវតើអ្នកស្រីឱ្យខ្ញុំណាត់ពួកគេទៅថ្ងៃក្រោយវិញឬយ៉ាងណា ?
អ្នកស្រីគិតបន្តិចរួចងក់ក្បាល ៖
– អឺ !… មិនអីទេ ! កុំឱ្យគ្នាពិបាកទៅ-មក បើបានជាមកហើយជួបក៏ជួបចុះ !
បទុម ញញឹមងក់ក្បាល ៖
– អរគុណអ្នកស្រី !
ថាហើយ បទុម ដើរយ៉ាងលឿនសំដៅទៅរកអ្នកកាសែត រួចនិយាយប្រាប់ ៖
– អ្នកស្រីប្រធានគាត់អនុញ្ញាតហើយ… រៀបចំចុះ !
ឃើញអ្នកកាសែតមមាញឹករៀងៗខ្លួន ។ ខ្លះត្រៀមឧបករណ៍សម្រាប់ថតសំឡេង ខ្លះត្រៀមកាមេរ៉ាសម្រាប់ថតរូប ។ ពិធីក៏បានចាប់ផ្តើមឡើង… អ្នកស្រីប្រធានកំពុងតែរៀបរាប់ពីជីវិតពិតរបស់គាត់ដែលបានឆ្លងកាត់កន្លងមក ពេលខ្លះគាត់បង្ហូរទឹកភ្នែក ព្រោះតែខ្សែជីវិតគាត់កម្សត់ខ្លាំងពេក ។ និយាយចប់ អ្នកស្រីជូតទឹកភ្នែក រួចញញឹម និង និយាយផ្តែផ្តាំជាចុងក្រោយ ៖
– ជីវិតគឺជាការតស៊ូ… កុំអស់សង្ឃឹម កុំរាថយ ថ្ងៃថ្មីនឹងមកដល់ សុភមង្គលកំពុងតែរង់ចាំយើងហើយ… ពិសេសបងប្អូននារីទាំងអស់ត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចជោគជ័យទៅថ្ងៃមុខដូចជារូបខ្ញុំអ៊ីចឹង ។ បើមានបញ្ហាកើតឡើងដូចជាខ្ញុំធ្លាប់បានជួប ហើយដែលមិនអាចដោះស្រាយបាន អាចទូរស័ព្ទមករកខ្ញុំ បើមានឱកាសខ្ញុំនឹងជួយផ្តល់យោបល់ ឬ គំនិតឱ្យណា៎… ។ ដំបូងត្រូវគិតពីសុខភាពជាមុនសិន បន្ទាប់មកត្រូវគិតពីការថែរក្សាសម្ផស្សឱ្យស្រស់ស្អាតជានិច្ច ដើម្បីមានភាពស្រស់ស្រាយ មានសិរីសួស្តី នោះជីវិតយើងនឹងមានភាពស្រស់ថ្លាជាមិនខាន ។ ខ្ញុំធ្លាប់មានបទពិសោធនៃការឈឺចាប់ដែលមិនអាចវាស់បាន… ទម្រាំមានថ្ងៃនេះ ខ្ញុំហែលឆ្លងការឈឺចាប់ ភាពគ្រោតគ្រាតនៃជីវិត ការមាក់ងាយផ្លូវកាយក៏ដូចជាផ្លូវចិត្តច្រើនរាប់មិនអស់… តែខ្ញុំអាចជម្នះបាន… ខ្ញុំអាចឈរនៅទីនេះបានព្រោះតែការតាំងចិត្តយ៉ាងមុតមាំ ពុះពារឧបសគ្គគ្រប់បែបយ៉ាង… ឥឡូវនេះខ្ញុំបានសម្រេចនូវបំណងរបស់ខ្លួនហើយ… ខ្ញុំអាចរស់ដោយសារបាតដៃទាំងពីរ និង ខួរក្បាលរបស់ខ្ញុំ… ខ្ញុំមានមោទកភាពចំពោះខ្លួនខ្ញុំដែលអាចឈានមកដល់កន្លែងនេះ… ។ អ្វីៗទាំងអស់ខ្ញុំខិតខំធ្វើដើម្បីខ្លួនខ្ញុំ និង កូនសម្លាញ់ទាំងបីរបស់ខ្ញុំ ។ សូមអរគុណហើយ… !

                                                                       ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច