រឿង «ថ្ងៃណា ?» ( ភាគ ២០ ជាភាគបញ្ចប់ )

ពួកគេទាំងពីរឱបគ្នាទាំងអារម្មណ៍គិតផ្សេងពីគ្នា ។ ម្លិះ គិតក្នុងចិត្ត ៖
– អូនដឹងច្បាស់ណាស់ថា សម្តីបងទាំងប៉ុន្មាន គ្រាន់តែជាការលួងលោមអូនប៉ុណ្ណោះ បងមិនបានស្រឡាញ់អូនឡើយ… បងធ្វើនេះគ្រាន់តែជាកាតព្វកិច្ចចាំបាច់ប៉ុណ្ណោះ..! អូនមិនចង់ចាប់បង្ខំបងទុកឱ្យរងវេទនាចិត្ត និង កាយទេ…! តែពេលនេះអូនក៏កំពុងតែត្រូវការបងឱ្យនៅក្បែរអូនជួយលួងលោមជីវិតចុងក្រោយរបស់អូនដែរ… អូនត្រូវការភាពកក់ក្តៅនៅនាទីដ៏ខ្លីរបស់ជីវិតអូន មុនពេលចាកចេញពីលោកនេះទៅ អភ័យទោសឱ្យអូនផងដែលធ្វើឱ្យបងឈឺចាប់ អូនមិនចង់ធ្វើជាមនុស្សអាត្មានិយមទេ តែអូនក៏មិនចង់ឱ្យបងទៅណាឆ្ងាយពីអូនដែរ..! ថ្ងៃណាដែលអូនទៅបាត់ឆ្ងាយពីបងថ្ងៃណា នោះបងនឹងមានសេរីភាពហើយ អូនមិនរំខានបងទៀតទេ… បងសម្លាញ់..!
ដារា ឱបនាងគិតដែរ ៖
– តើឱ្យបងនិយាយថាម៉េចទៅទើបល្អនោះ.. បើអូនកំពុងតែឈឺចាប់ពេញខ្លួនបែបនេះ ? បើបងនិយាយពីរឿង នីតា មិនដឹងថានឹងមានអ្វីកើតឡើងទេ ចង់មិនចង់បងនឹងក្លាយជាឃាតកសម្លាប់អូន ដោយវិធីត្រជាក់ក៏ថាបានដែរ ! ទេ !…ទេ !… ខ្ញុំមិនចង់ធ្វើអ៊ីចឹងទេ ! តែខ្ញុំក៏មិនចង់ធ្វើបាបចិត្ត នីតា ដែរ ព្រះអើយ ! ហេតុអីក៏ជីវិតស្នេហាខ្ញុំស្មុគស្មាញម្ល៉េះ ? នីតា បងស្រឡាញ់អូន តែបងក៏អាណិត ម្លិះ ដែរ… ព្រោះបងមានអនុស្សាវរីយ៍ច្រើនជាមួយនាង…! តើថ្ងៃណាទៅទើបខ្ញុំបានរួចពីទុក្ខកង្វល់នេះ ? នីតា … តើថ្ងៃណាទៅទើបយើងបានជួបគ្នា ?
វគ្គទី ១៨
រឿងរ៉ាវស្នេហារវាង ដារា និង នីតា ចេះតែបន្តដំណើរយឺតៗទៅមុខ ទោះបីជា នីតា មិនទាន់ផ្តល់សញ្ញាភ្លើងខៀវមកឱ្យ ដារា ក្តី ក៏ ដារា នៅតែចិញ្ចឹមចិត្តតាមស្រឡាញ់នាងឱ្យទាល់តែបាន ។ ថ្ងៃនេះនៅក្នុងការិយាល័យ វណ្ណី អង្គុយធ្មឹងមិនមាត់មិនក ហាក់ដូចជាមានរឿងអ្វីមួយដែលមិនអាចនិយាយបានលាក់ទុកក្នុងចិត្តយូរៗនាងដកដង្ហើមធំមួយ ។ នីតា ធ្វើការបណ្តើរងាកមកមើលមុខ វណ្ណី បណ្តើរ រួចឆ្ងល់ក៏សួរតិចៗ ៖
– នែ៎… មានរឿងអីហ្នឹង ? មើលមុខចុះឱ្យជូរ ដូចក្រូចសើចអ៊ីចឹង ?
វណ្ណី ងាកមកមើលមុខមិត្ត ៖
– ត្រូវ ! ជូរជាងជីដូនជីតាក្រូចសើចទៀត… ហ្ន៎…!
នីតា ភ្ញាក់បើកភ្នែកធំៗ ៖
– អ្ហា៎ក ! ហើយមានរឿងអីហ្នឹង ? រឿងប្តីឯងហ្នឹងមែនទេ ?
វណ្ណី ងក់ក្បាលស្រងូត ៖
– ហ្នឹងហើយ ! ក្រៅពីរឿងហ្នឹង នៅមានរឿងស្អីទៀត ?
នីតា ដើរចូលជិត រួចនិយាយតិចៗ ៖
– គាត់នៅតែធ្វើដូចពីមុនអ៊ីចឹងអ្ហី ?
វណ្ណី ងក់ក្បាល ៖
– លើសមុនទៀតហ្ន៎…! មួយរយៈនេះដូចជាប្លែក… ចេះផឹកស៊ី… ចេះចូលបារ ចូលច្រៀងខារ៉ាអូខេ ដើរចោលផ្ទះបាត់ៗ ពីរយប់ក៏មាន បីយប់ក៏មាន… ហ៊ឺ..!
នីតា ធ្វើមាត់ក្របួច ៖
– ស្ថានភាពកាន់តែធ្ងន់ហើយវើយ ! អ៊ីចឹងតើឯងដោះស្រាយយ៉ាងម៉េចទៅ ?
វណ្ណី ដង្ហើមធំមួយ ៖
– មានធ្វើម៉េចកើត ? មានតែទ្រាំដូចពីមុនអ៊ីចឹង ទ្រាំឱ្យដល់ថ្ងៃណាមួយដែលទ្រាំលែងបាន ចាំគិតទៀត…
នីតា មើលមុខមិត្ត ហើយនិយាយលួងលោម ៖
– នែ៎…! គ្នាប្រាប់ឯងទៅចុះ រៀនធ្វើចិត្តឱ្យវាសប្បាយៗទៅ កុំស្មុគពេក ខូចសម្រស់អស់ហើយ ! ត្រូវចេះអាណិតខ្លួនឯងជាងអាណិតគេ… កុំយកបញ្ហាមកដាក់ក្នុងខ្លួនច្រើនពេក ពិសេសរឿងស្នេហា កុំដាក់ទុនស្រឡាញ់គេច្រើនពេក ប្រយ័ត្នខកចិត្ត ខាតធ្ងន់ណាស់វ៉ើយ… មេរៀននេះគ្នាធ្លាប់ហែលឆ្លងរួចហើយ… ឥឡូវនេះត្រូវតែចេះអាប់ដេតគំនិត ដើរឱ្យទាន់សម័យនឹងគេហើយមែនទេសម្លាញ់ ?
វណ្ណី មើលមុខ នីតា គិតបន្តិច ៖
– ហើយចុះរឿងឯង និង លោក ដារា វិញ ?
នីតា សើចតិចៗ ៖
– មានម៉េច ? ធម្មតាៗអ៊ីចឹងទៅ គ្នាមិនខ្វល់ច្រើនទេ…! គ្នាមិនដាក់ទុនច្រើនហួសហេតុទៅលើគាត់ទេ ខ្លាចខាតឡុងចុងណាស់… រឿងរ៉ាវស្មាមួយអម្រែកពីរ គ្នាមិនលេងចូលទេ… ទោះជាគាត់ស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏គ្នាមិនអាចទទួលយកទាំងអស់បានដែរ… ចាំថ្ងៃណាមានឱកាសល្អក៏ថ្ងៃហ្នឹងទៅ ។ ហេងស៊យថ្ងៃណាមួយគ្នាអាចរកឃើញបុរសណាដែលល្អជាងគាត់ ហើយមានជីវិតជ្រះស្រឡះ មិនពាក់ព័ន្ធនឹងស្រីណាម្នាក់ ចាត់ទុកថាថ្ងៃនោះគឺជាសំណាងរបស់គ្នាទៅចុះ…!
វណ្ណី សើចមើលមុខ នីតា ៖
– ត្រឹមត្រូវ ! ឯងពិតជាគិតបានត្រឹមត្រូវឥតខ្ចោះតែម្តង ! គ្នាគាំទ្រគំនិតឯង ! សូមឱ្យឯងបានសម្រេចដូចបំណង ចំណែកគ្នាមិនដឹងថាថ្ងៃណាមួយនឹងមកដល់ទេ ហើយជីវិតគ្រួសារប្តីប្រពន្ធគ្នានឹងកែប្រែជាថ្មី ហើយគ្នាសង្ឃឹមថាប្តីគ្នានឹងយល់ពីគ្នាជាមិនខាន… គ្នាមិនចង់ឱ្យកូនៗរស់នៅគ្មានភាពកក់ក្តៅដោយគ្មានឪពុកនោះទេ ! គ្នាចង់បានគ្រួសារមួយដែលមានបរិយាកាសរីករាយជារៀងរហូត !
នីតា សើចស្រស់ចាប់ដៃមិត្តនិយាយ ៖
– គ្នាជូនពរឱ្យឯងមានថ្ងៃនោះ…! សង្ឃឹមថា ឯង និង ប្តីបានយល់ចិត្តគ្នា ហើយរស់នៅជាមួយកូនៗប្រកបដោយសុភមង្គលពិតប្រាកដ គឺមិនមែនក្លែងក្លាយដូចពេលនេះទេ ថ្ងៃណា ? ថ្ងៃណាទៅ ? គឺជាពាក្យពីរម៉ាត់ដែលពួកយើងកំពុងតែរង់ចាំទទួលគេហើយ តើមែនទេ ?
វណ្ណី សើចស្រស់ ងក់ក្បាល នីតា ក៏សើចដែរ ។ ខ្សែជីវិតពួកគេមានរបត់ជីវិតខុសគ្នា តែហាក់ដូចជាដើរលើគន្លងតែមួយ ។ ម្នាក់ៗមានរឿងរ៉ាវជីវិតដូចគ្នា ព្រោះជាការកំណត់របស់ព្រហ្មលិខិត សូមឱ្យការរង់ចាំ«ថ្ងៃណា ?»របស់ វណ្ណី , នីតា , អ្នកស្រី ម្លិះ និង លោក ដារា ក្លាយជាការពិតទៅចុះ… ហើយក៏សុំឱ្យបំណងប្រាថ្នារបស់ពួកគេបានសម្រេចកុំបីខានឡើយ ៕

( ចប់ដោយបរិបូរណ៍ )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច