រឿង «ថ្ងៃណា ?» ( ភាគ ១៩ )

នីតា សើចគ្រវីក្បាល ៖
– បងកុំយកលេសមកនិយាយណា៎..! ខ្ញុំមិន ចូលចិត្តទេ…ខ្ញុំស្រឡាញ់តែបុរសណាដែលមានការ ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហ៊ានធ្វើពលីកម្ម គ្រប់បែបយ៉ាងសម្រាប់អ្នកជាទីស្រឡាញ់…! ហ៊ាន អារកាត់…គ្រប់អ្វីៗទាំងអស់ដែលមាន… តែចំពោះ បង ខ្ញុំមើលឃើញថា បងនៅស្ទាក់ស្ទើរច្រើនណាស់… មិនទាន់ហ៊ានសម្រេចចិត្តថានឹងធ្វើអ្វីឱ្យច្បាស់សម្រាប់បេះដូចខ្លួនឯងដែលចង់បាននោះឡើយ ។
ដារា មើលមុខ នីតា រាងស្រពោន និយាយ ៖
– អូននិយាយនេះមានន័យថាបដិសេធនឹងសំណើបងហើយមែនទេ ?
នីតា សើចងក់ក្បាល ៖
– ពិតមែន…! ព្រោះខ្ញុំមិនត្រូវការបុរសណា ដែលមិនទាន់ជ្រះស្រឡះមកធ្វើជាប្តីខ្ញុំទេ…! ចិត្តស្រីមិនខុសគ្នាទេ… ខ្ញុំមិនចង់សប្បាយលើគំនរទុក្ខស្រីដូចគ្នាឡើយ… !
ដារា គិតបន្តិចរួចនិយាយ ៖
– អ៊ីចឹង តើថ្ងៃណាទៅ ដែលបងអាចទទួលបាននូវពាក្យយល់ព្រមពីអូន ?
នីតា សើចរាងហីៗ ៖
– គឺបង ! មិនមែនខ្ញុំទេ បងជាអ្នកសម្រេច ថាថ្ងៃណាមួយនោះ បងនឹងអាចក្លាយជាប្តីរបស់ខ្ញុំ ពេញច្បាប់…! តែខ្ញុំមិនមែនឱ្យបងទៅធ្វើបាបស្រី ម្នាក់ទៀតនោះទេ បងចាំឱ្យច្បាស់ណា៎… ប្រពន្ធ បងគឺជាប្រពន្ធបងពេញច្បាប់ បងមានរឿងអ្វីក្នុងគ្រួសារខ្ញុំមិនដឹង… បងថាជាឆាកល្ខោន… ក៏ខ្ញុំមិនដឹង… ខ្ញុំដឹងតែម្យ៉ាងគត់ គឺប្រពន្ធបងជាប្រពន្ធពេញច្បាប់…!
ដារា ស្រងូតបន្តិច និយាយ ៖
– ពេលនេះបងមិនអាចធ្វើឱ្យបានភ្លាមៗទាន់ចិត្តបានទេ… ទុកពេលឱ្យបងសិនទៅ… បងនឹងខិតខំដោះស្រាយរឿងនេះឱ្យបានឆាប់បំផុត សំខាន់ឱ្យតែ អូនយល់ព្រមជាមួយបង…ថារង់ចាំបង…
នីតា សើច គ្រវីក្បាល ៖
– បងកុំបង្ខំឱ្យខ្ញុំផ្តល់ចម្លើយអី…បើគ្មានចម្លើយ ពីបង…ខ្ញុំក៏គ្មានចម្លើយតបវិញដែរ..!
ថាហើយ នីតា ដើរចេញវឹង ដារា តាមមើល ស្រងូតរាងពិបាកចិត្ត ។ មិនដឹងថាជីវិតគ្រួសាររបស់ ដារា មានបញ្ហាអ្វីកើតឡើងទេ ពិតជាពិបាកដោះស្រាយមែន…!
មែន !… ពាក្យចាស់លោកថា ចង្កៀងផ្ទះណាភ្លឺផ្ទះហ្នឹង គឺជាការពិត ។ រឿងរ៉ាវជីវិតគ្រួសាររបស់ ដារា ពិតជាមានរឿងស្មុគស្មាញពិបាកដោះស្រាយមែន…។ តាមពិតទៅ ដារា គឺជាកូនអ្នកស្រែម្នាក់ តែបានខិតខំតស៊ូរៀនសូត្រដល់ចប់បរិញ្ញា ដោយសារតែស្រីមេម៉ាយមានទ្រព្យស្តុកស្តម្ភម្នាក់ជួយទំនុកបម្រុងឱ្យរៀនសូត្រ និង រកការងារធ្វើបានសមរម្យដូចសព្វថ្ងៃ ។ អ្នកស្រីម្លិះជាម្ចាស់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយដែលមានឈ្មោះល្បីគាត់មានអាយុច្រើនមែន តែរូបសម្រស់របស់គាត់នៅស្រស់ស្អាតមិនចាញ្ញ់ក្មេងៗឡើយ គាត់មានអាយុបង ដារា ដល់ទៅ ៨ ឆ្នាំ ។ ដារា បានសម្រេចចិត្តរៀបការជាមួយគាត់ដោយការអាណិតអាសូរ និង គោរពតែប៉ុណ្ណោះ ជាអកុសលពួកគេទាំងពីរគ្មានកូនមួយគ្រាប់នឹងតពូជពង្សសន្តានសោះ ហើយអ្វីដែលគួរឱ្យស្តាយនោះ គឺពីរឆ្នាំកន្លងមកនេះ អ្នកស្រី ម្លិះ មានជំងឺរោគស្ត្រីដែលមិនអាចនៅជាមួយ ដារា បានជាហេតុធ្វើឱ្យ ដារា ចេះតែមានគំនិតបែកឆ្វេងរកអ្នកមកជួយស្អំបេះដូងជំនួស តែគេក៏មិនអាចនិយាយថាសុំលែងលះជាមួយម្លិះ បានភ្លាមដែរ ព្រោះគេក៏នៅមានចិត្តនឹកអាណិត ម្លិះ ខ្លះៗដែរ ។ ពេលដែលគេដាក់ចិត្តស្រឡាញ់ នីតា គេក៏មិនទាន់ហ៊ាននិយាយសារភាព ការពិតប្រាប់ម្លិះ ដែរ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍របស់នាង ដូច្នេះគេបានតែត្រឹមពិបាកចិត្តតែម្នាក់ឯងទៅ !
ថ្ងៃនេះក្នុងបន្ទប់ ម្លិះ ដារា កាន់ផ្កាកុលាបមួយទងពណ៌ក្រហមទៅឱ្យនាង ហើយនិយាយ ៖
– អរុណសួស្តីអូនសម្លាញ់ ! យ៉ាងម៉េចដែរថ្ងៃនេះ ?
ម្លិះ ងាកមកសើច ដោយទទួលយកផ្កាមកថើប រួចនិយាយ ៖
– ចា៎… សុខណាស់បង ! អរគុណហើយដែលព្យាយាមតាមមកបម្រើអូនបែបនេះ !
ដារា សើចគ្រវីក្បាលទាំងឱបនាងពីក្រោយ ៖
– កុំអរគុណអី…បងជាប្តីរបស់អូន ការងារប៉ុណ្ណឹងៗមានអីធ្ងន់ទៅ… សំខាន់ឱ្យតែអូនសប្បាយចិត្ត មានសុខភាពល្អនោះបងក៏ធូរចិត្តដែរ… !
ម្លិះ ងាកមកមើលមុខ ដារា និយាយ ៖
– កុំខឹងនឹងអូនណា៎… ដែលធ្វើឱ្យបងគ្មានសេចក្តីសុខនោះ… អូនជាអ្នកធ្វើបាបបង…! អូនបានគិតរួចហើយ បើបងចង់បាននារីណាម្នាក់ដែលបងពេញចិត្តជាគូអនាគតបងទៅចុះ អូនមិនឃាត់ឃាំងបងទេ… ប៉ុន្មានឆ្នាំនេះបងផ្តល់ឱ្យអូននូវសេចក្តីសុខច្រើនណាស់ បើទោះជាជីវិតប្តីប្រពន្ធយើងមានវ័យខុសគ្នាក៏ដោយ… អូនពិតជាអរគុណបងណាស់ !
ម្លិះ និយាយផងយំផង ធ្វើឱ្យ ដារា ចិត្តមិនដាច់ស្រវាឱបនាងពេញដើមទ្រូង រួចលួងលោម ៖
– អូនកុំនិយាយបែបនេះ..! បងមិនទៅណាចោលអូនទេ…! កន្លងមកអូនល្អនឹងបងណាស់ គ្មានថ្ងៃដែលបងភ្លេចបានឡើយ…! ឈប់គិតទៅ… បងនៅក្បែរអូនជារៀងរហូត…!
ម្លិះ យំផងសើចផង ឱប ដារា វិញជាមួយចវាចា ៖
– អរគុណបងណាស់ដែលស្រឡាញ់អូន ! មួយជីវិតនេះបានជួបបង អូនអស់ចិត្តហើយ !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច