រឿង «ថ្ងៃណា ?» ( ភាគ ១៨ )

នីតា មើលមុខ សុផល និយាយ ៖
– ឈប់សិន..!
សុផល ងាកមកវិញ ឆ្ងល់ ៖
– មានការអី ?
នីតា ញញឹមទឹកភ្នែកហូរ ៖
– ចាប់ពីពេលនេះទៅ បងមិនបាច់មកមើលខ្ញុំទៀតទេ… ខ្ញុំលែងរំខានបងទៀតហើយ ! បងចង់ធ្វើអ្វីក៏ធ្វើចុះ… រឿងស្នេហាយើងទាំងពីរឱ្យវាចប់ត្រឹមពេលហ្នឹងចុះ… ព្រោះបើខ្ញុំខំតស៊ូតទៅទៀតក៏គ្មានបានការអីដែរ…!
សុផល ភ្ញាក់ទ្រឹង ងាកមកសួរ ៖
– អូននិយាយជាការពិតអ្ហី ?
នីតា ញញឹមទឹកភ្នែកហូរដដែល ៖
– ត្រូវ ! យើងទាំងពីរស្រឡាញ់គ្នាដោយចិត្ត និង ចិត្ត ពេលបែកគ្នាក៏ចិត្តលែងត្រូវការគ្នាដែរ..! បងទៅចុះ បងទៅរកអ្នកដែលបងពេញចិត្តចុះ… អូនដោះលែងបង បងក៏ត្រូវដោះលែងអូនវិញដែរ… បានហើយ បងឆាប់ទៅចុះ… កុំឱ្យមនុស្សដែលបងស្រឡាញ់ គេរង់ចាំបងយូរ…ឆាប់ទៅ ! ៗ…
សុផល រាងអាណិតនាងដែរ តែគេក៏មិនអាចភ្លេចស្រីក្មេងនោះដែរ ៖
– នីតា ! ឱ្យបងសុំទោស ! បងពិតជាខុសមែនដែលធ្វើឱ្យអូនឈឺចាប់… តែបងមិនអាចរស់នៅជាមួយអូនបានទៀតទេ… អូនថែខ្លួនផងណា៎ បង ទៅហើយ !
ថាហើយ សុផល ដើរចេញវឹង នីតា តាមមើល នាងទ្រហ៊ោយំង៉ោង នាងយំឱ្យអស់ទុក្ខដែលដក់ក្នុងទ្រូង ជាយូរមកហើយ ។ នាងឈប់ ស្តាយប្រុសចិត្តសាវាទៀត គេលែងស្រឡាញ់លែងស្រណោះនាងហើយ ត្រូវកាត់ចិត្តឱ្យបាន ទីបំផុត ស្នេហានាងគ្មានសល់អ្វីក្រៅពីពាក្យថាលាទេ ។
ចាប់ពីដឹងរឿងរ៉ាវរបស់ នីតា មក ដារា កាន់ តែមានចិត្តអាណិត និង ស្រឡាញ់នាងខ្លាំងលើសមុន ។ គេបានព្យាយាមចូលជិតនាង ហើយសារភាពស្នេហ៍ប្រាប់នាង តែ នីតា បាននិយាយតបវិញថា នាងហាក់ដូចជារាងចាលហើយរឿងស្នេហានោះ នាងខ្លាចហើយមិនចង់ជួបទៀតទេ ។ ដារា ធ្វើមុខស្រងូត មើលមុខនាង ៖
– ហេតុអ្វីក៏បដិសេធនឹងសំណើរបស់បង ?
នីតា ស្រងូត ៖
– ខ្ញុំខ្លាចជួបរឿងជីវិតដូចលើកមុនទៀតណាស់ !
ដារា ព្យាយាមលួងលោមនាង ៖
– រឿង សុផល ជារឿងផ្សេង ឯរឿងបងគឺជា រឿងផ្សេងមួយទៀត អូនកុំយកមកបូកគ្នាអ៊ីចឹងមិនត្រូវទេ !
នីតា ដង្ហើមធំមួយ ៖
– តែមនុស្សប្រុសមិនគួរឱ្យទុកចិត្តសោះ… !
ដារា សើចចាប់ដៃនាង ៖
– តែចំពោះបង… បងសូមធានាថានឹងមើលថែអូនអស់មួយជីវិត..! សូមអូនទុកចិត្តលើបងចុះ..!
នីតា គិតបន្តិចមើលមុខ ដារា ៖
– អ៊ីចឹងអ្ហេស ? បងថាស្រឡាញ់ខ្ញុំ មើលថែខ្ញុំអស់មួយជីវិតមែនទេ ?
ដារា សើចងក់ក្បាល ៖
– ពិតណាស់..! ហ៊ានថា ហ៊ានធ្វើ ហ៊ាន ទទួលខុសត្រូវ…!
នីតា មើលមុខ ដារា និយាយដាច់ៗ ៖
– បាន…! បើបងនិយាយបែបនេះក៏មិនអី …តែខ្ញុំសុំសួរបងរឿងមួយ តើបានទេ ?
ដារា ងក់ក្បាលដោយញញឹម ៖
– បាន ! កុំថាមួយ មួយរយ មួយពាន់ មួយ ម៉ឺន ក៏បងព្រមដែរ !
នីតា សើចនិយាយដាច់ៗ ៖
– បងថាស្រឡាញ់ខ្ញុំ អ៊ីចឹងតើប្រពន្ធបងដែលនៅផ្ទះរាល់ថ្ងៃនេះ បងយកទៅទុកឯណាទៅ ? បងឆាប់ឆ្លើយមក…
ដារា ស្រាប់តែប្រែទឹកមុខស្រងូត ដកដង្ហើមធំ ៖
– រឿងនេះបងបានគិតរួចហើយថានឹងមានដំណោះស្រាយជាមិនខាននៅថ្ងៃមុខ សំខាន់ពេល នេះអូនឆ្លើយថា ព្រមស្រឡាញ់ជាមួយបងសិនមក !
នីតា សើចចំអកតិចៗ ៖
– បងជាមនុស្សលោភលន់ណាស់..! ខ្លួន មួយចង់ជិះទូកពីរ…បងចង់ធ្វើបាបចិត្តស្រីពីរនាក់ឱ្យរងវេទនាក្នុងពេលតែមួយមែនទេ ? នេះជាចរិតរបស់ មនុស្សប្រុសមែនទេ ?
ដារា ស្រងូតគ្រវីក្បាល និយាយតិចៗ ៖
– ហ៊ឺ..! តាមពិតជារឿងក្នុងគ្រួសារបង ដែល បងមិនដែលបញ្ចេញឱ្យអ្នកណាដឹងឡើយ រូបភាព ពីក្រៅគេថាបងនេះមានសេចក្តីសុខណាស់ តែតាម ពិតវិញ អ្វីៗគឺជាឆាកល្ខោនទេ…

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច