រឿង «ថ្ងៃណា ?» ( ភាគ ១៧ )

សុផល និង ស្រីក្មេងងើបមកវិញរៀបរយខ្លួន រួចនិយាយរាងដាច់ៗ ៖
– ទើបមកពីណាហ្នឹង ?
នីតា យំផងនិយាយផង ៖
– អូនទៅមន្ទីរពេទ្យពិនិត្យពោះ ពេទ្យថាកូនយើងខ្សោយណាស់ ត្រូវតែប្រយ័ត្នប្រយែងផង !
សុផល គិតបន្តិចរួចនិយាយ ៖
– ពេទ្យប្រាប់ម៉េច ធ្វើអ៊ីចឹងទៅ…!
ស្រីក្មេងមើលមកនាងនិយាយម្ញ៉ិកម្ញ៉ក់ ៖
– បង ! អូនថាយើងទៅកន្លែងផ្សេងវិញទៅ… ទីនេះមិនស័ក្តិសមទេ !…
នីតា ខឹងឆេវ និយាយគំហក ៖
– ទីនេះជាផ្ទះរបស់យើង ! ហើយនេះជាប្តីរបស់យើង នាងឯងអីក៏មុខក្រាស់ម្ល៉េះមកដណ្តើមប្តីយើងហើយមកនិយាយបញ្ឈឺចិត្តយើងទៀត ?
ស្រីក្មេងពេបមាត់ សុផល មើលមក នីតា និយាយ ៖
– មិនមែនគេដណ្តើមទេ គឺបងទេដែលស្រឡាញ់គេនោះ ! ក្រោយៗកុំនិយាយអ៊ីចឹងទៀត ឮទេ ?
នីតា ឈឺចាប់ នាងភ្ញាក់នឹងសម្តីរបស់ស្វាមី ៖
– នេះបងកំពុងតែកាន់ជើងនាង ហើយស្អប់អូនមែនទេ ?
សុផល មានអាការធុញទ្រាន់ ៖
– អូយ ! ឈប់និយាយអីទៅ… អូនឯងបងក៏ស្រឡាញ់ ហើយបងក៏ស្រឡាញ់នាងដែរ… ស្រឡាញ់ឱ្យបានច្រើនទៅវាមានទៅខុសអី…!
នីតា យំផងនិយាយផង ៖
– នេះបងកំពុងតែ…
នីតា និយាយលែងចេញ ក៏ទ្រហ៊ោយំង៉ោង ។ សុផល មើលមកនាងគ្រវីក្បាល រួចអូសដៃស្រីក្មេងចេញ ៖
– តោះ អូន យើងទៅ… ខ្ជិលនៅស្តាប់ចម្រៀងយំយែកស្អីហ្នឹងណាស់ !
ស្រីក្មេងញញឹមងក់ក្បាល ៖
– មែនហើយបង…! ស្តាប់ហើយចង់ក្អួត…!
ថាហើយ សុផល កៀកកស្រីក្មេងដើរចេញទៅ នីតា ទ្រាំលែងបានក៏ស្ទុះទៅទាញដៃប្តីត្រឡប់មកវិញ តែ សុផល ប្រកែកមិនព្រម ។ ការប្រវាយប្រតប់ក៏កើតមានឡើង ទីបំផុត សុផល ច្រាន នីតា ឱ្យដួល ធ្វើឱ្យនាងចុករមួលទៅលើដី ៖
– អូយ ! អូយ ! ចុកណាស់… ជួយខ្ញុំផង ! ជួយផង ! …!
សុផល រាងភ័យដែរ ពេលឃើញ នីតា ដួល ឃើញឈាមហូរចេញតាមជើងរបស់នាង គេហាក់ដូចជាស្វាងស្មារតី គេស្ទុះមកលើក នីតា ស្រែក ៖
– នីតា ! ៗ ៗ ! អូនយ៉ាងម៉េចហ្នឹង ?
នីតា ចុករមួលយំផងនិយាយផង ៖
– កូនខ្ញុំ… កូនខ្ញុំ…! អូយ…!
សុផល ភ័យឆ្លេឆ្លាដែរ គេក៏លើកនាងទៅយ៉ាងលឿនសំដៅមន្ទីរពេទ្យ ។ ចំណែកស្រីក្មេងតាមមើលទាំងមុខមិនស្រស់ ។ នៅមន្ទីរពេទ្យ… នីតា ដេកស្តូកស្តឹង មុខស្លេកស្លាំង នាងយំសោកស្តាយកូននាងដែលត្រូវបាត់បង់ ។ សុផល ដើរចូលមកទាំងដៃយួរផ្លែឈើឮមកផង ៖
– អូនញ៉ាំផ្លែឈើទេ បងចិតឱ្យ..!
នីតា យំហូរទឹកភ្នែក ៖
– ខ្ញុំនឹកកូនណាស់បង… ខ្ញុំស្តាយ..!
សុផល ធ្វើមុខស្រងូត និង លួងលោមនាង ៖
– បងក៏ស្តាយដែរ តែធ្វើម៉េចបើគេបានជួបយើងតែត្រឹមនេះ… តោះ កុំគិតអ្វីច្រើន… យើងនៅពេលវេលាច្រើនទៀតណា៎…
នីតា គិតបន្តិចក៏ងក់ក្បាល ។ ពេលនោះសំឡេងទូរស័ព្ទរោទិ៍ឡើង សុផល លើកមកនិយាយ ៖
– នីតា តាមស្តាប់ការសន្ទនារបស់ សុផល ទាំងចុកចាប់ ។ គេនិយាយពាក្យស្នេហាផ្អែមល្ហែមដោយគ្មានញញើតចិត្តនាងអីបន្តិចណាសោះឡើយ ទោះបីជានាងកំពុងតែឈឺចាប់ក៏ដោយ ។ នាងគិតហើយគិតទៀតថា នាងមិនអាចរួមរស់ជាមួយ សុផល បានទៀតទេ… នាងត្រូវតែនិយាយឱ្យដាច់ស្រេចតែម្តងក្នុងពេលនេះ ។
សុផល និយាយចប់គេសើចក្អាកក្អាយ រួចងាកមកនិយាយ ៖
– បងត្រូវចេញទៅធ្វើការហើយ..! សម្រាកឱ្យស្រួលទៅណា៎..!

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច