រឿង «ថ្ងៃណា ?» ( ភាគ ១៦ )

ដារា ងក់ក្បាលជាមួយវាចា ៖
– បាទ ! តែបើ នីតា មិនចង់ក៏មិនអី… ខ្ញុំមិនបង្ខំទេ… !
នីតា សម្លឹងមើលទឹកទន្លេបន្ធូរភាពតានតឹងក៏តប ៖
– មិនអីទេ… ចាត់ទុកថាខ្ញុំនិយាយថ្ងៃនេះឱ្យអស់ទៅចុះ ខ្ញុំនឹងផ្ញើរឿងរ៉ាវស្នេហាឈឺចាប់ទាំងនេះទៅតាមខ្សែទឹកហូរ… សូមជួយនាំយកទៅឱ្យឆ្ងាយៗ ឱ្យផុតទៅចុះ…! រឿងខ្ញុំ្ញគឺយ៉ាងនេះ…
រឿងដើមរបស់ នីតា ៖
នីតា ជាក្មេងកំព្រា នាងបានធំដឹងក្តីក្នុងមជ្ឈមណ្ឌលកុមារមួយ ។ នាងបានខិតខំរៀនសូត្ររហូតដល់បានប្រឡងជាប់បាក់ឌុប នាងក៏រកការងារធ្វើដើម្បីចិញ្ចឹមជីវិត ។ ចៃដន្យថ្ងៃមួយនាងបានជួបនឹង សុផល ដែលជាអនាគតប្តីនាងដែលមករកការងារធ្វើដែរ ។ សុផល ជាអ្នកមកពីខេត្ត ហើយស្នាក់នៅតាមវត្ត គេមករកការងារធ្វើដើម្បីបានកម្រៃរៀនបន្តទៀត ។ ពួកគេទាំងពីរមាននិស្ស័យនឹងគ្នា សុផល បានជួយជ្រោមជ្រែងនាងឱ្យបានចូលធ្វើការជាមួយគ្នាដែរ ។ នៅធ្វើការជាមួយគ្នាយូរៗទៅ ពួកគេក៏បានចាប់ចិត្តស្រឡាញ់គ្នា ហើយរួមរស់ជាមួយគ្នាដោយគ្មានចាស់ទុំដឹងឮឡើយ តែពួកគេពិតជាស្រឡាញ់គ្នាចាក់ទឹកមិនលិចមែន…! ពួកគេបានជួលបន្ទប់តូចមួយស្នាក់នៅជាមួយគ្នា ។ ក្រោយមក សុផល រកបានការងារធ្វើនៅក្រុមហ៊ុនផ្សេងដែលទទួលបានកម្រៃច្រើនជាងមុន… តែគេមានមិត្តភក្តិច្រើន នាំគេដើរលេងផឹកស៊ី ដើរចោលផ្ទះ ចោល នីតា ដែលមានផ្ទៃពោះ ធ្វើឱ្យនាងឈឺចាប់រាល់ថ្ងៃ ។
ថ្ងៃមួយ នីតា កំពុងតែបោកខោអាវ ស្រាប់តែលេចរូប សុផល មកដល់ផ្ទះរាងប្រញាប់ប្រញាល់ នាង ឆ្ងល់ក៏សួរនាំប្តី ៖
– បងមានរឿងអីមែនទេ ? ដូចជាប្រញាប់ប្រញាល់ម្ល៉េះ ?
សុផល មុខមិនស្រស់ ងាកមកនិយាយ ៖
– បងមានការងារធ្វើជាបន្ទាន់… ត្រូវចុះទៅ ខេត្ត !
នីតា មើលមុខប្តីទាំងស្រងូត ៖
– បងទើបតែមកដល់តើ… ការងារអីក៏បន្ទាន់ម្ល៉េះ ?
សុផល រាងមួម៉ៅ ងាកមកមើលនាង ៖
– ការងារសំខាន់ ! ម៉េចក៏សួរនាំច្រើនម្ល៉េះ ? ធុញណាស់…!
នីតា រាងឆួលទឹកភ្នែក នាងខំទប់ចិត្ត ៖
– អូនគ្រាន់តែសួរតើ ព្រោះបងឥឡូវចម្លែកណាស់ មួយរយៈនេះចោលផ្ទះញឹកញាប់ អូនព្រួយ អូនបារម្ភពីបង ដឹងទេ ?
សុផល រៀបខោអាវដាក់វ៉ាលីសបណ្តើរ និយាយគំហកបណ្តើរ ៖
– កុំនិយាយហូរហែតាប៉ែលតច្រើនពេក… ដឹងថាប្តីនេះហត់ដែរទេ ? ខំទៅធ្វើការរកលុយយកមកឱ្យអ្នកផ្ទះ… កុំសន្សំរឿងបន្តិចបន្តួចអ៊ីចឹង… មិនចូលចិត្តទេ… ឮទេ ?
នីតា យំហូរទឹកភ្នែកច្រោក ៖
– បង !… ម៉េចនិយាយអ៊ីចឹង ? អូនគ្រាន់តែចង់…
សុផល មុខមាំ ងាកមកនិយាយកាត់ ៖
– ឈប់និយាយ ! ធុញណាស់…
ពេលនោះ សំឡេងស៊ីប្លេលាន់ឮឡើង សុផល ភ្ញាក់ រួចងើយមើលឃើញរថយន្តមួយមកចតជាស្រេច ។ នីតា ខំតាមមើលដែរ ឃើញនារីស្រស់ក្មេងម្នាក់ពាក់វ៉ែនតាខ្មៅកំពុងតែអង្គុយកាន់ចង្កូតរថយន្ត សើចមករក សុផល សុផល សើចគ្រវីដៃតបវិញ នីតា ឈឺចាប់ក្នុងចិត្ត នាងចាប់ផ្តើមដឹងថា ប្តីនាងក្បត់នាងហើយ ។ សុផល យួរវ៉ាលីសខោអាវចេញទៅទាំងសើចស្រស់ផង ៖
– ហេឡូ !
នារីស្រស់ក្មេងសើចពីក្នុងរថយន្តវិញ ៖
– ហេឡូ !
សុផល ឡើងរថយន្តចេញផុតទៅ នីតា តាមមើលយំសោកតែម្នាក់ឯង ។ នាងយកដៃឱបពោះនាងដែលមានទម្ងន់ពីរខែមកហើយ ។ នាងស្រក់ទឹកភ្នែកទាំងមិននឹកស្មានថាប្តីនាងប្រែប្រួលចិត្តយ៉ាងនេះសោះ នាងនឹកអាណិតកូនដែលទើបមកចាប់កំណើត មិនដឹងថាថ្ងៃណាដែលឪពុកគេប្រែចិត្តមករួមរស់ជាមួយគ្រួសារវិញទេ ។
ច្រើនថ្ងៃកន្លងផុតទៅ នីតា បានត្រឹមតែអង្គុយមើលផ្លូវប្តីឡើងផ្សាភ្នែក រង់ចាំសំឡេងទូរស័ព្ទក៏មិនឮ អ្វីក៏មិនមានធ្វើឱ្យនាងកាន់តែឈឺផ្សាថែមទៀត ។
ថ្ងៃមួយនាងត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ ស្រាប់តែពេលនាងត្រឡប់មកផ្ទះវិញ នាងចម្លែកចិត្តដោយឃើញរថយន្តដែលនាងស្គាល់ពីមុន ចតនៅមុខផ្ទះ នាងចាប់ផ្តើមឆ្ងល់ ក៏ដើរយ៉ាង លឿនចូលទៅក្នុងផ្ទះ ឃើញ សុផល និង ស្រីក្មេងកំពុងតែឱបថើបគ្នាយ៉ាងស្អិតល្មួតលើគ្រែ ។ នាង ឈឺចាប់រន្ធត់ណាស់ នាងស្រែក ៖
– បង..? ម៉េចក៏បងធ្វើអ៊ីចឹង ?

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច