រឿង «ថ្ងៃណា ?» ( ភាគ ១៥ )

ដារា សើច និយាយរាងហី ៖
– ផ្ទះរបស់ឯងអ្ហេស ? ច្រឡំហើយ បើនិយាយខុស អាចនិយាយម្តងទៀតបានណា៎ ខ្ញុំទុកឱកាសឱ្យ…!
ប្រុសចម្លែកខឹងច្រឡោត ៖
– ឯងកំពុងតែចូលលូកលាន់ក្នុងរឿងគ្រួសារគេហើយ ! យ៉ាងម៉េច ទំនេរណាស់ទៅអ្ហី ?
ដារា សើចគ្រវីក្បាល ៖
– មិនមែនខ្ញុំទេដែលចូលជ្រៀតជ្រែករឿងគ្រួសារគេនោះ ? គឺឯងវិញតើ… បើមិនជឿ សួរ នីតា ទៅថា ខ្ញុំនេះជាអ្នកណា ?
ប្រុសចម្លែករាងងីងើមើលមុខ ដារា មើលមុខ នីតា រួចសួរ ៖
– សម្តីនេះមានន័យយ៉ាងម៉េចហ្នឹង ? ដូចជាមិនយល់ …
ដារា សើចរួចមិចភ្នែកឱ្យ នីតា ជាសញ្ញា រួចនិយាយរាងប្រហើរ ៖
– មិនអីទេ ចាំខ្ញុំពន្យល់ឱ្យច្បាស់… ខ្ញុំនេះជាប្តីរបស់ នីតា យ៉ាងម៉េចច្បាស់ហើយអ្ហីនៅ ?
ប្រុសចម្លែកភ្ញាក់បើកភ្នែកធំៗ ៖
– ប្តីអ្ហេស ? មិនគួរឱ្យជឿ…!
នីតា រាងមីងមាំង តែនាងមិននិយាយអ្វីទេ ដារា ដើរចូលទៅជិតនិយាយបន្ត ៖
– ត្រូវតែជឿ…! លោកបានចុះចោលនាងទៅមានអ្នកថ្មីច្រើនឆ្នាំមកហើយ នាងយំឈឺចាប់ខ្លោចផ្សាស្ទើរតែស្លាប់ទៅហើយ បើកុំតែមានខ្ញុំមកជួយនាងទាន់ពេលវេលាមិនដឹងថា នាងក្លាយទៅជាយ៉ាងណាទៅហើយទេ…!
នីតា មិចភ្នែកដាក់ ដារា រួចងាកមកងក់ក្បាល និយាយ ៖
– ពិតមែន…! គាត់និយាយជាការពិតហើយ …! ឥឡូវបងអាចត្រឡប់ទៅវិញបានហើយ ទាន់ប្តីខ្ញុំនេះគាត់នៅមានចិត្តមេត្តាណា៎ ឆាប់ចេញទៅបង…!
ប្រុសចម្លែកខាំមាត់មើល ដារា រួចមើល នីតា ៖
– បាន…! ល្អ…ចេញក៏បាន…ហ៊ឺស…
ថាហើយប្រុសចម្លែកដើរចេញទៅទាំងមួម៉ៅ នីតា តាមមើលរហូតផុតកន្ទុយភ្នែក ទើបនាងងាកមកវិញ ដង្ហើមធំមួយ រួចមើលមក ដារា ហើយនិយាយ ៖
– អរគុណលោកច្រើនណាស់ដែលបានមកជួយខ្ញុំទាន់ពេល…!
ដារា មើលនាងទាំងស្រងូត ៖
– កុំគិតច្រើនអី… បំភ្លេចរឿងអាក្រក់ឱ្យអស់ទៅ… សាងជីវិតថ្មីឱ្យល្អវិញ…! ធ្វើជាមនុស្សត្រូវមានសង្ឃឹមជានិច្ចណា៎… ខ្ញុំនៅក្បែរ នីតា និង ចាំជួយ នីតា គ្រប់បែបយ៉ាង ប្រសិនបើ នីតា ត្រូវការជំនួយនោះ កុំខ្លាចចិត្តអី… !
នីតា រលីងរលោងទឹកភ្នែកមើលមុខ ដារា ៖
– អរគុណលោកច្រើនណាស់… ដែលយល់ ពីចិត្តខ្ញុំ…!!
លើទូកទេសចរណ៍មួយដែលកំពុងតែបណ្តែតខ្លួនលើផ្ទៃទឹកទន្លេចតុម្មុខដ៏ស្រស់ត្រកាលនាពេលសាយ័ណ្ហធ្វើឱ្យមានបរិយាកាសត្រជាក់ស្រេងត្រជាក់ដល់បេះដូង ។ ខ្យល់ទន្លេបក់បោកមកល្ហើយត្រសៀក ធ្វើឱ្យរសាយអស់ទុក្ខកង្វល់ដែលមានក្នុងខ្លួន ។ ដារា និង នីតា កំពុងតែអង្គុយមើលទេសភាពតាមដងទន្លេ គយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រងដោយក្តីរំភើបចិត្ត ។ ដារា មើលមុខនាងនិយាយ ៖
– កុំខឹងណា៎ តើខ្ញុំអាចសួររឿងមួយបានទេ
នីតា ញញឹមងាកមកវិញ ៖
– ចា៎ ! បាន តើជារឿងអ្វីទៅ ?
ដារា មើលនាងរួចសួរតិចៗ ៖
– គឺជារឿងអតីតកាលរវាង នីតា និង ប្តី តើអាចឱ្យខ្ញុំដឹងផងបានទេ ?
នីតា ប្រែទឹកមុខ ដកដង្ហើមធំមួយ និយាយរាងអួលដើម-ក ៖
– លោកពិតជាចង់ដឹងមែនអ្ហេស ?

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច