រឿង «ថ្ងៃណា ?» ( ភាគ ១៤ )

ប្រុសចម្លែកលុតជង្គង់ឱបជើង នីតា រួចអង្វរនាងទាំងយំ ៖
– បងសុំអង្វរ ! កុំទៅណាឆ្ងាយពីបង… បងពិតជារស់ដោយគ្មានអូនមិនបានទេ… បងស្រឡាញ់អូនណាស់ នីតា…កុំធ្វើអ៊ីចឹងដាក់បងអី…
ប្រុសម្នាក់ដែលលបមើលពីក្រៅ ប្រែប្រួលទឹកមុខមិនឈប់ឈរ… គេខំបើកភ្នែកធំៗសម្លឹងមើលរូបភាពដែលស្ថិតនៅចំពីមុខគេដោយគ្មានព្រិចភ្នែក ។ នីតា ខាំមាត់កៀសប្រុសចម្លែកចេញនិយាយ ៖
– កុំធ្វើអ៊ីចឹងអី…! មួយរយៈនេះខ្ញុំរស់នៅមានសេចក្តីសុខណាស់… កុំតាមមកចងពៀរខ្ញុំធ្វើអ្វីទៀតមេត្តាដោះលែងខ្ញុំឱ្យមានសេរីភាពទៅ… ក្រែងបងរកបាននារីជាទីគាប់ចិត្តហើយអ្ហី ?
ប្រុសនោះតាមទៅឱបជើងនាងទៀត និយាយរៀបរាប់ ៖
– អត់ទេ…! បងមានតែពាក្យសុំទោសតែប៉ុណ្ណោះ… បងខុសៗៗ…យើងរួមរស់ជាមួយគ្នាវិញទៅ បងសូមសន្យាថា នឹងមើលថែថ្នាក់ថ្នមអូនអស់មួយជីវិត… នីតា ៗ ៗ បងស្រឡាញ់អូន…!
នីតា ដកដង្ហើមធំមួយមើលមកប្រុសនោះ និយាយតិចៗ ៖
– បងកុំព្យាយាមអី…! ក្នុងបេះដូងខ្ញុំគ្មានសល់រូបបងទៀតទេ… ស្នាមស្នេហ៍អតីតរវាងបង និង ខ្ញុំក្លាយជាស្រមោលដូចជាផ្សែងហោះហើរទៅឆ្ងាយរលាយបាត់រូបរាងអស់ហើយ…! សុំទុកឱ្យខ្ញុំរស់បានសុខផង… ខ្ញុំសូមអង្វរបងវិញ…!
ប្រុសម្នាក់នោះយំហូរទឹកភ្នែក គេងើបឈរនិយាយ ៖
– នីតា ! ហេតុអីក៏ចិត្តដាច់យ៉ាងនេះ ? ពីមុនអូនមិនមែនអ៊ីចឹងទេ… អូនទន់ភ្លន់ណាស់ អូនធ្លាប់និយាយថាស្រឡាញ់បងអស់មួយជីវិត…តែឥឡូវម្តេចក៏ប្រែប្រួលបែបនេះ ?
នីតា ងក់ក្បាល សើចចំអក ៖
– មែន…! ពីមុនខ្ញុំឆ្កួត… ខ្ញុំភ្លើ ខំដាក់ចិត្តដាក់កាយស្រឡាញ់បងអស់ពីបេះដូង ធ្វើអ្វីគ្រប់យ៉ាងដើម្បីបង ដើម្បីស្នេហា… តែលទ្ធផលដែលខ្ញុំបានទទួល គឺការឆ្អែតចិត្តឈឺចាប់… ស្ទើរនឹងសម្លាប់ខ្លួនឱ្យផុតពីលោកនេះ តែសំណាងល្អ…ខ្ញុំចេះគិតទាន់ ខ្ញុំអាចតស៊ូរស់បានដល់ពេលនេះដោយសារខ្លួនឯង… ខ្ញុំំមិនចង់យកខ្លួនខ្ញុំនេះទៅជ្រមុជនឹងអតីតកាលឈឺចាប់ជាមួយបងទៀតទេ… អត់ទេ… ពិតជាអត់ទេ… មិនអាចឡើយ…
ប្រុសម្នាក់នោះមើលមុខនាងរាងមុត និយាយដាច់ៗ ៖
– អូនពិតជាមិនព្រមជានាជាមួយបងវិញមែនទេ ?
នីតា ងក់ក្បាល និយាយវិញដាច់ៗ ៖
– បងចង់ឱ្យខ្ញុំនិយាយប្រាប់បងប៉ុន្មានដងទៀត ទៅថា ខ្ញុំមិនអាចនោះ ? បានហើយខ្ញុំហត់នឿយ ណាស់ខ្ញុំចង់សម្រាក… បងត្រឡប់ទៅវិញទៅ… ហើយកុំត្រឡប់មកវិញទៀតអីខ្ញុំសូមអង្វរ…!
ថាហើយនាងច្រានប្រុសនោះឱ្យឆាប់ចេញពីផ្ទះ តែប្រុសនោះក្រាញមិនចេញឡើយ គេខឹង គេកើតទោសៈពេញខ្លួន ទប់ចិត្តមិនបាន គេចាប់នាងឱបជាប់ រួចលើកនាងបីសំដៅទៅគ្រែ តែ នីតា ខំរើបម្រះទាំងស្រែក ៖
– ជួយផងៗៗ ! លែងខ្ញុំៗៗ…!
រំពេចនោះ ទ្វារបន្ទប់របើកដោយកម្លាំងដៃយ៉ាងមាំរបស់បុរសម្នាក់ ។ ឃើញ ដារា មុខមាំឈរសម្លក់មករកប្រុសចម្លែក នីតា ត្រេកអរណាស់ ក៏ស្ទុះមករកគេ តែត្រូវប្រុសចម្លែកចាប់ជាប់ ៖
– លោក !
ប្រុសចម្លែក ខមដាក់ ដារា ៖
– ឯងជាអ្នកណា ? មកពីណា ? ម៉េចក៏ថ្លើមធំហ៊ានចូលមកក្នុងផ្ទះរបស់យើងដោយគ្មានការអនុញ្ញាត ?

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច