រឿង «ថ្ងៃណា ?» ( ភាគ ១៣ )

នីតា សើចគ្រវីក្បាលខំនិយាយបិទបាំង ៖
– ខុសស្រឡះហើយពួកម៉ាក…! ឯងនេះ កំពុងតែចោទប្រកាន់គ្នាខុសពីការពិតហើយ ! គ្នា ឯណាមានប្រុសមកសុំស្រឡាញ់នោះ ? បើគ្នាគ្មានអ្វីជាទីគាប់ចិត្តផងនោះ ?
វណ្ណី សើចគ្រវីក្បាលនិយាយ ៖
– មិនមែនអ៊ីចឹងទេ…! ពាក្យចាស់លោកថា សគូនឹងខ្មៅ… អាក្រក់គូល្អ… ខ្ពស់គូនឹងទាប… ហើយ នីតា ឯង មិនមែនអាក្រក់ណាមើលទៅល្អគន់ដែរ តើ…! ឆាប់ប្រាប់ភ្លាមមក តើជាអ្នកណាដែរទៅ ?
នីតា មើលមុខ វណ្ណី ញ្ញឹមៗចង់សើច ៖
– អត់មានផង ៗៗ !
វណ្ណី សើចហួសចិត្តគក់មួយដៃ ៖
– ឯងឥឡូវចេះកុហកមិត្តភក្តិផងអ្ហែស ? ចាំមើលតើមានរឿងរ៉ាវកើតឡើង គ្នាមិនជួយដោះស្រាយឱ្យទេ …ហ៊ឺស កុំសង្ឃឹម…!
ថាហើយ វណ្ណី ធ្វើជាដើរទៅអង្គុយធ្វើការវិញ នីតា តាមមើលរួចគិតក្នុងចិត្ត ៖
– គ្នាមិនទាន់ហ៊ាននិយាយប្រាប់ឯងទេ ពួក ម៉ាកអើយ ព្រោះអ្វីៗមិនទាន់ក្លាយជាការពិត… ! គ្នាក៏មិនប្រាកដចិត្តថានឹងអូខេជាមួយគាត់ដែរ ចាំមើលតទៅទៀតចុះគ្នាខ្លាចតែខុសបំណងដូចលើកមុនទេ គ្នាខ្លាចដើរតាមស្នាមឈឺចាប់ពីអតីតកាលនោះណាស់…!
នីតា ចេញពីធ្វើការ នាងចូលផ្សារដើររកទិញម្ហូបចំណី រួចចេញមកវិញត្រឡប់ទៅផ្ទះ ។ នាងមិនបានដឹងខ្លួនសោះថាមានបុរសពីរនាក់កំពុងតែ ដើរតាមពីក្រោយនាងជាប់ប្រកិតៗ ។ មិនដឹងថា ប្រុសទាំងពីរនោះជាអ្នកណាទេ ? ជាមនុស្សល្អ ? ជាមនុស្សអាក្រក់ ? គឺមិនអាចស្មានដឹងឡើយ ។ នីតា ដើរមកដល់មុខផ្ទះចាក់សោចូល ស្រាប់តែមានប្រុសម្នាក់ស្ទុះមកចាប់នាងឱបពីក្រោយយ៉ាងមាំរួចអូសនាងចូលទៅក្នុងផ្ទះធ្វើឱ្យនាងភ្ញាក់ស្រែក ៖
– អ្ហា៎ក ជួយផង … !
នាងស្រែកបានតែប៉ុណ្ណោះក៏អាក់ទៅវិញ ព្រោះឃើញប្រុសម្នាក់នោះជាមនុស្សដែលនាងធ្លាប់ស្គាល់ ។ ពេលនោះប្រុសម្នាក់ទៀតក៏ភ្ញាក់ផ្អើលដែរ ប្រុងស្ទុះចូលមកជួយនាងតែត្រូវអាក់ទៅវិញ ។ គេលបចាំមើលគ្រប់សកម្មភាពរបស់ពួកគេ ។ នីតា ត្រូវប្រុសចម្លែកអូសចូលក្នុងផ្ទះនាងប្រែទឹកមុខមិនស្រស់សម្លក់រួចនិយាយទាំងខឹង ៖
– បងមកទីនេះធ្វើអីទៀត ?
ប្រុសចម្លែកមានទឹកមុខស្រងូត… កាន់ដៃ នាងតែនាងរលាស់ចេញគេនិយាយរាងផ្អែម ៖
– រឿងរ៉ាវពីមុន បងជាអ្នកខុស…! បងសូមទទួលទោសគ្រប់បែបយ៉ាង…! ឥឡូវនេះបងសុំអង្វរ យើងជានានឹងគ្នាវិញទៅ…តើបានទេ ?
ឃើញទឹកមុខប្រុសដែលលបចាំស្តាប់ប្រែទឹកមុខឆ្ងល់ គេខំសំងំលបស្តាប់តទៅទៀត ។ ប្រុសចម្លែកដែលនៅក្នុងផ្ទះ មើលមុខ នីតា ធ្វើមុខគួរឱ្យអាណិត តែ នីតា មុខមាំគ្រវីក្បាល ៖
– អត់ទេ…! គ្មានផ្លូវទេ … ខ្ញុំបានបំភ្លេចរឿងពីមុនអស់ហើយ… សូមកុំរំឭកធ្វើអ្វីទៀត ខ្ញុំមិនចង់ឮទៀតទេ… ប៉ុន្មានឆ្នាំមកនេះ ខ្ញុំរងទុក្ខឈឺចាប់ គឺគ្រប់គ្រាន់ហើយ…ខ្ញុំមិនចង់ជួបរសជាតិជីវិតបែបនេះទៀតឡើយ… បងដើរតាមផ្លូវបង ខ្ញុំដើរតាមផ្លូវខ្ញុំ… យើងដើរផ្លូវស្របគ្នា គឺគ្មានចំណុចជួបប្រសព្វគ្នាកន្លែងណាមួយនោះទេ… កុំព្យាយាមទៀតអី !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច