រឿង «ថ្ងៃណា ?» ( ភាគ ១២ )

នីតា រលីងរលោងទឹកភ្នែក ងក់ក្បាលខំញញឹមបន្លប់ ៖
– អរគុណដែលលោកបានមកលើកទឹកចិត្តខ្ញុំ… ! តាមពិតទៅខ្ញុំក្តុកក្តួលចិត្ត ពេលបុណ្យទានម្តងៗខ្ញុំតែងតែទៅវត្តអុជធូបបែរបន់សុំឱ្យជាតិក្រោយ ខ្ញុំមានគ្រួសារមួយដ៏កក់ក្តៅនឹងគេ… ខ្ញុំចង់ឱ្យពុកម៉ែ និង បងប្អូនរស់នៅជុំគ្នា… ខ្ញុំតែងយំម្នាក់ឯងពេល ឃើញអ្នកជិតខាងគេជួបជុំបងប្អូនខ្ញុំតូចចិត្តដែលកើតមកជាតិនេះខុសគេ ទាំងកម្សត់វេទនាទាំងលំបាកគ្រប់បែបយ៉ាងមិនតែប៉ុណ្ណោះខ្ញុំក៏អភ័ព្វត្រូវគេ…
និយាយដល់ត្រឹមនេះ នាងក៏អាក់ ដារា ចាប់ អារម្មណ៍ក៏សួរបញ្ជាក់ ៖
– យ៉ាងម៉េច ត្រូវគេយ៉ាងម៉េច ?
នីតា យំហូរទឹកភ្នែក គ្រវីក្បាល ៖
– សុំទោស គឺជារឿងផ្ទាល់ខ្លួន សុំមិននិយាយ ទេ !
ដារា មើលនាង ងក់ក្បាលយឺតៗ ៖
– បាន…! ខ្ញុំដឹង…ខ្ញុំមិនសួរទៀតទេ…! តោះ ថ្ងៃនេះយើងត្រូវបំភ្លេចរឿងអពមង្គលគ្រប់យ៉ាងឱ្យអស់ ទាំង នីតា ទាំងខ្ញុំ… ហើយពួកយើងត្រូវតែសប្បាយឱ្យអស់ចិត្ត…បំភ្លេចរឿងអាក្រក់ឱ្យអស់ទៅណា៎…!
នីតា ធ្វើភ្នែកស្លឺ ៖
– ថាម៉េច ? លោកមានរឿងផ្ទាល់ខ្លួនដែរអ្ហី ?
ដារា ប្រែទឹកមុខមិនស្រស់ មើលមុខនាង ងក់ក្បាលយឺតៗ ៖
– បាទ ! មានដូចគ្នា…តែ តោះកុំខ្វល់ច្រើន ម៉ោះហូបទៅ…
នីតា គិតបន្តិចក៏ងក់ក្បាល ពួកគេទទួលទានបណ្តើរនិយាយបណ្តើរ ពេលខ្លះក៏សើចសប្បាយពេលខ្លះក៏កើតទុក្ខពេលទទួលទានរួចហើយ ដារា បានជូននាងដល់បន្ទប់ជួលវិញ គេបានសង្កេតឃើញ ស្ថានភាពទីនោះមិនសូវល្អ ព្រោះដូចជាសំណង់អនាធិបតេយ្យ គេបានគិតក្នុងចិត្តថា ថ្ងៃណាមួយគេនឹងជួយ នីតា ឱ្យរួចផុតពីការលំបាកទាំងនេះ ។ នីតា វិញក៏គិតដែរថា ពេលនាងបាននៅជិត និង និយាយលេងជាមួយ ដារា នាងហាក់ដូចជាធូរ ស្បើយពីទុក្ខទាំងឡាយដែលមានដក់ក្នុងទ្រូងនាងជា យូរមកហើយ ។ ចាំមើលៗ ថាតើទំនាក់ទំនងរវាងអ្នកទាំងពីរនឹងក្លាយទៅជាយ៉ាងណា ?
អ្វីៗជាការកំណត់របស់ព្រហ្មលិខិតដែលបានចារចែងមកថា យ៉ាងណាគឺយ៉ាងនោះហើយមិនអាចប្រកែកបានឡើយ ។ យ៉ាងណាមិញទំនាក់ទំនងរវាង ដារា និង នីតា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និទ្ធ ទៅៗ ក្នុងមួយថ្ងៃ ពួកគេទូរស័ព្ទរកគ្នារាប់ដងមិនអស់ ពួកគេនិយាយគ្នាសើចសប្បាយ សួរពីនេះពីនោះ ពីសុខទុក្ខទៅវិញទៅមក ហាក់ដូចជាមិនចេះធុញទ្រាន់ឡើយ ។ ជារឿងធម្មតាទេ ចំពោះក្តីស្នេហ៍គ្រាដំបូង នោះវាផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រអ៊ីចឹង ។ វណ្ណី ឃើញកិរិយា នីតា ខុសពីធម្មតាក៏សង្ស័យសួរនាំ ៖
– នែ៎ ស្រីស្អាត… ឥឡូវនេះដូចជាចម្លែកណាស់វ៉ើយ !
នីតា ភ្ញាក់ ងាកមកសួររាងពើ ៖
– ចម្លែកស្អីវ៉ើយ !
វណ្ណី សើចដើរជិតនាង និយាយតិចៗ ៖
– គឺឯងហ្នឹងណា៎ មានសេវាណាស់ មួយថ្ងៃៗ ឮសូរតែសំឡេងទូរស័ព្ទរោទិ៍… ប្រាប់មកវើយ ឱ្យគ្នាដឹងផង…ពីខាងណាខ្លះ ?
នីតា សើចគ្រវីក្បាលបន្លប់ ៖
– ឆ្កួត…! សុទ្ធតែជាអតិថិជន ទូរស័ព្ទមកសួរនាំរឿងការងារក្រុមហ៊ុនតើ…! ចេះមកសួរអ៊ីចឹងកើត ឯងនេះ…ចំជាភ្លីភ្លើមែន !
វណ្ណី ពេបមាត់ ដើរចូលរាងជិតនិយាយ ៖
– កុំកុហកភ្នែកគ្នាវ៉ើយ ! មិនបានទេ… ពេលដែលឯងនិយាយទូរស័ព្ទ មុខឯងនេះឡើងក្រហមប្រឿងៗទំនងដូចជាអៀននឹងការសុំស្នេហ៍របស់អ្នកណាម្នាក់អ៊ីចឹង… ហើយឯងនិយាយរាងលាក់លៀម មិនចង់ឱ្យអ្នកណាដឹងការសម្ងាត់នេះទេ… តើមែនឬអត់ ?

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច