រឿង «ថ្ងៃណា ?» ( ភាគ ១១ )

នីតា ស្តាប់ហើយជ្រួញចិញ្ចើម ៖
– សង្ឃឹមថាអ៊ីចឹងទៅចុះ ! តែខ្ញុំក៏មិនច្បាស់ដែរថាខ្ញុំនេះអាចជួយលោកបានប៉ុនណានោះ ព្រោះខ្ញុំក៏មិនដែលស្គាល់វេជ្ជបណ្ឌិតច្រើននាក់ដែរទេ…!
ដារា សើច តែខំទប់សំណើច ៖
– អរគុណ ! ឱ្យតែបានចម្លើយប៉ុណ្ណេះ ក៏អស់ចិត្តដែរ…! អ៊ីចឹងខ្ញុំលាសិនហើយ ចាំជួបគ្នាណា៎ !
នីតា និយាយទាំងងក់ក្បាល ៖
– ចាស…! បាយៗ !
នីតា បិទទូរស័ព្ទ រួចគិតទ្រឹងតែម្នាក់ឯង ៖
– អាគាត់នេះឈឺស្អីទៅ ? តិចឈឺ…រោគ ចិត្តទៅ… អូយ ! ខ្ញុំមិនដែលស្គាល់វេជ្ជបណ្ឌិតរោគ ចិត្តផងហ្នឹងជួយម៉េចនឹងបានទៅ ?
ដារា បិទទូរស័ព្ទ រួចញញឹមគិតទៅឆ្ងាយ ។ គេងាកមកនិយាយរអ៊ូៗម្នាក់ឯង ៖
– ខ្ញុំមិនមែនកើតរោគចិត្តទេ នីតា ! កុំយល់ ច្រឡំអី…ចាំមើល នាងគង់នឹងដឹងហើយ…!
ដារា បានមកដល់ភ្នំពេញ ហើយណាត់ជួប នីតា នៅភោជនីយដ្ឋានមួយ ។ ពួកគេអង្គុយទទួលទានបាយទល់មុខគ្នាប្រៀបដូចជាគូសង្សារថ្មីថ្មោង អ៊ីចឹង ។ ដារា ចាក់ស្រាចូលក្នុងកែវ នីតា ឃាត់ ៖
– លោកផឹកស្រាធ្វើអ្វី ក្រែងលោកឈឺអ្ហី ?
ដារា សើចមើលមុខនាង ៖
– តែជំងឺខ្ញុំ ពេទ្យថាអាចផឹកស្រាបានតើ !
នីតា ឆ្ងល់បើកភ្នែកធំៗ ៖
– ឈឺស្អី ? ហើយពេទ្យណាទៅ ដែលអាចឱ្យអ្នកជំងឺផឹកស្រាបាននោះ ? ដូចជាចម្លែកម្ល៉េះ ?
ដារា សើច រួចចាក់ស្រាចូលកែវនាង រួចចង្អុលនាង និង និយាយ ៖
– គឺអ្នកគ្រូពេទ្យនេះហើយ !
នីតា ភ្ញាក់ឆ្ងល់ បើកភ្នែក ៖
– ស្អីគេ ? ខ្ញុំហ្នឹងអ្ហីជាអ្នកគ្រូពេទ្យនោះ ? ចាប់ផ្តើមឡប់ទៀតហើយ… !
ដារា មើលមុខនាងនិយាយតិចៗ ៖
– នីតា និយាយថា ខ្ញុំនេះឡប់ៗមែនទេ ?
នីតា ខំបន្លប់គ្រវីក្បាល ៖
– អត់ទេ…ៗ ៗ …! ខ្ញុំមាននិយាយឯណា…!
ដារា មើលមុខនាង រួចលើកកែវស្រាមករកនាងនិយាយ ៖
– ម៉ោះ ជល់កែវមួយ ដើម្បីមិត្តភាពយូរអង្វែងរបស់យើង !
នីតា រាងស្ទាក់ស្ទើរ ៖
– អឺ…ខ្ញុំមិនសូវចេះផឹកផង…
ដារា តឿននាង ៖
– កុំប្រកែក…! រៀនទម្លាប់តិចៗទៅ… មិនអីទេ ខ្ញុំសុំធានា ! តោះសុំជល់កែវមួយ ។ នីតា គិតបន្តិចក៏លូកដៃថ្នមៗទៅលើកកែវមកជល់រួចជិប បន្តិចក៏ដាក់វិញ ។ ដារា ញញឹមមើលមុខនាងរួច និយាយ ៖
– មើលទៅ នីតា ដូចជារាងខ្លាចញញើតៗ ម៉េចមិនដឹងទេ មែនអត់ ?
នីតា សើចបន្លប់ ៖
– ចាស…! អត់ទេ ! ខ្ញុំគ្មានខ្លាចញញើតអីផងហ្នឹង !
ដារា មើលមុខនាង រួចសួរតិចៗ ៖
– និយាយអ៊ីចឹងរាល់ថ្ងៃនេះ នីតា មានបងប្អូនប៉ុន្មាននាក់ ?
នីតា ប្រែទឹកមុខស្រងូតរាងរលីងរលោងទឹកភ្នែក ៖
– ចាស ! ម្នាក់ឯងគត់ ! ខ្ញុំជាកូនកំព្រាឪពុកម្តាយស្លាប់ចោលតាំងពីសម័យ ប៉ុល ពត ! ខ្ញុំរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា… រួចខំរៀន ហើយបានចូលធ្វើការដូចសព្វថ្ងៃនេះ !
ដារា រាងស្រងូត មើលមុខនាងនិយាយ ៖
– គួរឱ្យអាណិតណាស់ហ្ន៎… ! ហើយចុះសព្វ ថ្ងៃនេះរស់នៅជាមួយអ្នកណាដែរ ?
នីតា ដកដង្ហើមធំមួយ ៖
– ចាស ! ខ្ញុំជួលបន្ទប់គេស្នាក់នៅតូចល្មមនឹងរស់នៅបាន…តែម្នាក់ឯងគត់ !
ដារា ដកដង្ហើមធំមួយ មើលនាងកាន់តែអាណិត ៖
– សូមសរសើរណា ដែល នីតា បានតាំង ចិត្តមុតមាំតស៊ូរស់នៅតែម្នាក់ឯង… ហើយអាចមានចំណេះធ្វើការចិញ្ចឹមជីវិតបានដូច្នេះ ! ពិតជាកម្ររកបានមែនហើយ !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច