រឿង «ថ្ងៃណា ?» ( ភាគ ១០ )

វណ្ណី សើចទាំងឈឺចាប់ ក៏និយាយ ៖
– អ្នកផ្សេងគេមើលមកថា ខ្ញុំនេះមានសេចក្តីសុខណាស់…តែព្រះអើយ ! គ្មានអ្នកណាដឹងទេថា ចិត្តខ្ញុំនេះវាឈឺចាប់ប៉ុនណានោះ… ?
ជួន សើចចំអកនិយាយរាងហី ៖
– ឈឺចាប់ស្អីទៅ ? មានអ្នកណាទៅវាយដំស្អីឱ្យឈឺគ្រាំគ្រានោះអ្ហាស ?
វណ្ណី យំយកដៃជូតទឹកភ្នែក ៖
– បងមិនបានវាយដំខ្ញុំឱ្យឈឺកាយទេ តែបងបានធ្វើឱ្យចិត្តខ្ញុំនេះវាឈឺគ្រាំពេញទ្រូង រាល់ថ្ងៃគ្រប់ទង្វើរបស់បងដែលធ្វើមកនេះ… ខ្ញុំឈឺចាប់ជាងគេវាយដំទៅទៀត…!
ជួន មើលមកនាង រួចនិយាយតប ៖
– ប្រើសុទ្ធតែពាក្យវប្បធម៌ជ្រៅជ្រះទៀត… អ៊ីចឹងតើបានជាគេថាកុំឱ្យយកប្រពន្ធរៀនចេះដឹង មានការងារធ្វើ និយាយប៉ះពាល់អីបន្តិចមិនបានទេ ហ៊ានតវ៉ាភ្លាមតែម្តង…!
វណ្ណី ហួសចិត្តសើច គ្រវីក្បាល ៖
– បងគិតអ៊ីចឹងមែនទេ ? បងឯងនេះចំជាដើរ មិនទាន់សម័យមែន… សម័យនេះទៅហើយគេមិនដែលទុកប្រពន្ធជាអ្នកបម្រើដាច់ថ្លៃទេ… ស្រី និង ប្រុស មានសិទ្ធិដូចគ្នាតើបងឯងនេះគំនិតចាស់គំរឹល គ្មានកែប្រែអីបន្តិចសោះហើយនេះ !
ថាហើយនាងដើរចេញវឹង លែងតវ៉ា ព្រោះខ្លាចមានរឿងធំកើតឡើង ។ ជួន តាមមើលរួចប្រែទឹកមុខមិនស្រស់ និយាយរអ៊ូតិចៗម្នាក់ឯង ៖
– ចង់និយាយពីរឿងយេនឌ័រស្អីនោះទៀតហើយមើលទៅ ហ៊ឺស !
តាំងពីត្រឡប់មកពីខេត្តព្រះសីហនុវិញ ដារា តែងតែនឹកឃើញដល់អនុស្សាវរីយ៍ដែលគេបានជួយ នីតា ឱ្យផុតពីគ្រោះថ្នាក់ក្នុងសមុទ្រមក គេតែងតែនឹកដល់នាងគ្មានពេលភ្លេចឡើយ ។ ក្លិនខ្លួននាងនៅតែក្រអូបពេញបេះដូងគេ ។ គេក៏មិនយល់ពីខ្លួនគេដែរ ហេតុអ្វីក៏ចេះតែនឹកនាង ? តាំងពីថ្ងៃបានជួបនាងដំបូងពេលមានគ្រោះថ្នាក់បុកគូទរថយន្តមកគេចេះតែចង់ជួបមុខនាង ចង់និយាយឌឺដងឱ្យនាងរហូត ។ តើនេះជាអ្វីទៅហ្ន៎ ? ជាការចាប់កំណើតស្នេហាមែនទេ ? ស្មានមិនដឹងទេ ព្រោះអ្វីៗវាជាការកំណត់របស់ព្រហ្មលិខិត ដូច្នេះមានតែរង់ចាំមើលថា តើរវាង ដារា និង នីតា នឹងមានរឿងអ្វីកើតឡើងទៀត ? ថ្ងៃនេះ ដារា ធ្វើការមិនសុខ គេក៏ទាញទូរស័ព្ទមកចុចលេខ រួចបញ្ជូន ។ ចំណែក នីតា វិញកំពុងតែ ធ្វើការស្រាប់តែឮសំឡេងទូរស័ព្ទរោទិ៍នាងក៏លើកមើលលេខហើយភ្ញាក់បន្តិចក៏លើកមកនិយាយ ៖
– អាឡូ…! ជម្រាបសួរ !
សំឡេង ដារា និយាយរាងស្រស់ស្រាយ ៖
– អាឡូ…! ជម្រាបសួរ នីតា សុខសប្បាយទេ ?
នីតា ញញឹមងក់ក្បាល ៖
– ចាស សុខទេ ចុះលោកវិញ ?
ដារា ធ្វើមុខជូរ ៖
– អត់សុខទេ !
នីតា ភ្ញាក់សួរវិញភ្លាម ៖
– ហេតុអី ? កើតអីហ្នឹង ?
ដារា សម្តែងសំឡេងជាកើតទុក្ខ ៖
– ឈឺ !
នីតា ភ្ញាក់លាន់មាត់ ៖
– ឈឺ ? លោកឈឺស្អីទៅ ? មានបានទៅពេទ្យហើយអ្ហីនៅ ?
ដារា និយាយធ្វើសំឡេងឈឺចាប់ ៖
– អត់ទេ ! មិនទាន់រកគ្រូពេទ្យជំនាញមកព្យាបាលឱ្យឃើញទេ… នីតា ជួយរកឱ្យខ្ញុំផង… !
នីតា ទ្រឹងបន្តិច គិតរួចនិយាយ ៖
– រកពេទ្យស្អីទៅ ? បើខ្ញុំមិនដឹងថាលោកឈឺស្អីផងហ្នឹង !
ដារា សើច រួចនិយាយ ៖
– ខ្ញុំប្រាប់ នីតា មិនបានទេ… ចាំខ្ញុំទៅជួប នីតា ផ្ទាល់ ខ្ញុំនឹងនិយាយប្រាប់ពីជំងឺខ្ញុំឱ្យ នីតា បាន ដឹងណា៎ សង្ឃឹមថា នីតា នឹងជួយរកគ្រូពេទ្យដែលមានជំនាញមកព្យាបាលឱ្យខ្ញុំជាមិនខាន !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច