រឿង «ថ្ងៃណា ?» ( ភាគ ៩ )

ដារា សើច រួចនិយាយ ៖
– តែកវីឥឡូវក៏មិនអន់ដែរ… ! ស្តាប់បទខ្លះក៏ពីរោះជក់ចិត្តដែរតើ…! និយាយៗទៅ គឺអ្វីៗមានការប្រែប្រួលអ៊ីចឹងហើយ… គឺតម្រូវទៅតាមសម័យកាលមែនទេ ?
ទាំងអស់គ្នាសើចងក់ក្បាល ។ នីតា ងាកទៅស្តាំដៃឃើញកោះមួយដែលស្ថិតនៅក្បែរ ក៏សួរ ៖
– អូហ៍ ! នេះកោះអីទៅហ្ន៎ វណ្ណី ?
វណ្ណី សើចគ្រវីក្បាលនិយាយរាងឌឺ ៖
– អ្នកណាទៅដឹងទៅវ៉ី ? បើមិនដែលស្គាល់ផង ទើបនឹងមកដូចគ្នាសោះហ្នឹង ? ឯងម៉េចមិនសួរម្ចាស់ទឹកម្ចាស់ដីនោះទៅ លោក ដារា ណា៎ !
នីតា រាងអៀន នាងគិតបន្តិចក៏ងាកទៅវិញ មិនហ៊ានសួរ… តែលោក ដារា ដឹងក៏សើចហើយនិយាយ ៖
– នុ៎ះ គឺជាកោះក្របីណា៎…! ហើយឆ្ងាយបន្តិចនោះ គឺកោះឫស្សីណា៎…!
វណ្ណី សើចងក់ក្បាល ៖
– កោះក្របីអ្ហេស ? អូហ៍ គិតទៅសមុទ្រខ្មែរមានកោះច្រើនណាស់… មានកោះតាកៀវកោះ ឫស្សី កោះក្របី…កោះរុង កោះរុងសន្លឹម… កោះ … អូយច្រើនណាស់រាប់មិនអស់ទេ…
នីតា ងាកមកសើច ៖
– ត្រូវហើយ…! កោះខ្មែរមានច្រើនមែនហ្នឹង បើមានឱកាស និង មានប្រាក់ណា៎ គ្នានឹងធ្វើដំណើរកម្សាន្តឱ្យគ្រប់កោះតែម្តងហើយ…!
ទាំងអស់គ្នាសើច រួចនាំគ្នាសម្លឹងមើលទឹកសមុទ្រដ៏ធំល្វឹងល្វើយ ។ ខ្យល់សមុទ្រពិតជាត្រជាក់មែន បានស្រូបខ្យល់បរិសុទ្ធពិតជាជ្រះថ្លាក្នុងចិត្តដល់ហើយ… ឱ !… សមុទ្រអើយថ្ងៃណាបានជួបទៀត… ? ដំណើរទេសចររបស់ពួកគេពោរពេញទៅដោយការសប្បាយរីករាយពេញមួយថ្ងៃវាល់ល្ងាច ទើបពួកគេវិលត្រឡប់មកវិញ ដោយដក់ជាប់នូវអារម្មណ៍ស្រស់ថ្លាមិនអាចភ្លេចបាន ។
ជីវិតមនុស្សពិតជាមិនទៀងទាត់ទេ ម្តងលិច ម្តងអណ្តែត នេះជាវាសនា គ្មានអ្នកណាអាចចៀសផុតបានឡើយ ។ ថ្ងៃនេះនៅផ្ទះ វណ្ណី… ឃើញប្តីនាងអង្គុយធ្វើមុខមាំ មិនមាត់មិនក… លួចសម្លក់មកនាងហាក់ដូចជាចង់រករឿងនាងទាំងព្រឹកអ៊ីចឹង ។ វណ្ណី នាងដឹងច្បាស់ណាស់ តែនាងមិនតបតព្រោះនាងស៊ាំនឹងភាពសោះកក្រោះរបស់ប្តីនាងជាងដប់ឆ្នាំមកហើយ នាងខ្ជិលតវ៉ា ខ្ជិលមើលមុខចេះតែធ្វើនេះ ធ្វើនោះធ្វើឱ្យប្តីនាងខឹង ទ្រាំមិនបានក៏ងើបមកជិតនាង រួចសួរគំហក ៖
– រួចអង្កាល់បានឈប់ធ្វើការ ?
វណ្ណី រៀបចំសម្ភារៈបណ្តើរនិយាយបន្ត ៖
– ធ្វើការស្អី ?
ជួន ចង្អុលទៅការងារដែលនាងកំពុងតែធ្វើ រួចនិយាយ ៖
– គឺការងារនេះ !
វណ្ណី ខាំមាត់បន្តិចងាកមកនិយាយរាងឆ្ងល់ ៖
– ចុះបើខ្ញុំធ្វើ វាយ៉ាងម៉េច ?
ជួន មុខក្រហមតបវិញ ៖
– មានយ៉ាងម៉េច ? ឈប់សិនបានអត់ ?
វណ្ណី មើលមុខប្តីទាំងរាងហួសចិត្ត ៖
– ចង់និយាយរឿងអីមែនទេ និយាយមក !
ជួន សម្លក់នាងមុននឹងនិយាយ ៖
– ឥឡូវហ្នឹង ប្លែកណាស់យើងនេះតាំងពីទៅធ្វើការក្នុងប៊ុយរ៉ូស្អីគេហ្នឹងមក… មិនសូវរវល់ពីផ្ទះ ពីប្តីពីកូនស្អីទេ…
វណ្ណី ខំលេបទឹកភ្នែក ងាកមកសួរ ៖
– ហើយវាម៉េចទៀត ?
ជួន គំហក ៖
– ចេះដើរលេងទៅឆ្ងាយ… ចោលកូនចោលប្តី… អ៊ីចឹងកើត យើងនេះ… ខុសពីមុនឆ្ងាយណាស់…!
វណ្ណី ហួសចិត្ត សើចចំអកតិចៗ ៖
– អ៊ីចឹងអ្ហេស ? ខ្ញុំប្លែកអ្ហេស ? ល្អតើ…បើបងយល់ថាខ្ញុំនេះប្លែកគឺល្អ មានន័យថាខ្ញុំនេះបានរើបម្រះពីគុកកម្មលោកិយដែលគ្មានអ្នកក្រៅដឹងហើយ…!
ជួន បើកភ្នែកធំៗ ៖
– និយាយនេះមានន័យថា រាល់ថ្ងៃនេះឯងហ្នឹងជាប់គុកអ្ហី ?

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច