រឿង «ថ្ងៃណា ?» ( ភាគ ៨ )

ដារា មិនមាត់-កអ្វីទេ គេជួយធ្វើចលនាឱ្យនាងយ៉ាងយូរ ទើបនាងបានធូរស្រាល ។
ស៊ីថន រាងធូរចិត្ត ក៏ងាកមករក នីតា និយាយ ៖
– យ៉ាងម៉េច បានធូរបន្តិចទេ នីតា ?
នីតា ខំញញឹមយ៉ាងស្ងួត ៖
– ចាស ! លែងអីហើយ លោកប្រធាន…! អរគុណលោក ដារា ច្រើនហើយ ដែលបានជួយខ្ញុំ… !
ដារា ញញឹមគ្រវីក្បាល និយាយ ៖
– មិនអីទេ…! មិញនេះ ខ្ញុំភ័យពេក… ក៏ភ្លេច គិត បីនាងមកលើ និង ជួយធ្វើចលនាឱ្យដោយមិនបានសុំការអនុញាត សុំទោសផង…!
ស៊ីថន គ្រវីក្បាល សើចរាងហួសចិត្ត ៖
– ស្អីគេ សម្លាញ់អាប់ ? អីក៏សុភាពបុរសម្ល៉េះវ៉ឺ… ពេលមានអាសន្នបែបនេះហើយនៅគិតពីរឿងសមមិនសមស្អីទៀត… ជួយជីវិតមនុស្សសំខាន់ជាងណា៎…! គ្នាក៏អរគុណឯងដែរ…
វណ្ណី ញញឹមលូកមាត់មកបន្ត ៖
– មែនហើយ…! មិញនេះ បើកុំតែលោក ដារា មកជួយទាន់ កុំអី នីតា មិនដឹងជាទៅយ៉ាងណាយ៉ាងណីហើយទេ…! ខ្ញុំក៏អរគុណលោក ដារា ច្រើនដែរ…!
នីតា ញញឹមរាងអៀនបន្តិច ដារា មើលមុខនាងរួចងាកមកវិញនិយាយ ៖
– ឥឡូវអស់អីហើយ… តោះយើងត្រឡប់ទៅសម្រាកវិញទៅ ចាំស្អែកទៅដើរលេងទៀត…!
ស៊ីថន ងក់ក្បាលនិយាយ ៖
– អ៊ីចឹងក៏បានដែរ… ! គ្នាទុកចិត្តលើសម្លាញ់ឯងដែលជាម្ចាស់ផ្ទះហើយ… ចង់នាំទៅចូលរូងខ្លា ក៏ទៅដែរវើយ !
ដារា សើចគ្រវីក្បាល ៖
– កុំទុកចិត្តគ្នាពេក…! តិចលោ… ខកចិត្តទៅទាំងអស់គ្នាសើចព្រមគ្នា ។ វណ្ណី គ្រាហ៍ នីតា ដើរតិចៗ ស៊ីថន និង ដារា ដើរពីក្រោយ ។ នីតា ដើរទៅទាំងមិនអស់ចិត្តស្នាមអនុស្សាវរីយ៍មុននេះធ្វើឱ្យនាងគិតមិនអស់មិនហើយសោះ ។ សុខៗមានរឿងចៃដន្យកើតឡើងធ្វើឱ្យគេមកប៉ះពាល់ខ្លួនប្រាណនាងពេញទំហឹងបែបនេះ អីយ៉ូយ ! គួរឱ្យខ្មាសគេដល់ហើយ ធ្លាប់តែជាសត្រូវជួបមុខគ្នាមិនបាននិយាយ មិនត្រូវគ្នាសោះ ឥឡូវព្រះអើយ… គួរឱ្យព្រឺខ្លួនដល់ហើយ… ។
ដំណើរកម្សាន្តរបស់ពួកគេបានមកដល់ឆ្នេរសមុទ្ររាមហើយ ។ នីតា និង វណ្ណី ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះទេសភាពដ៏ស្រស់ត្រកាលគួរឱ្យគយគន់នេះពិតជាល្អមែន ដូចជាផ្ទាំងគំនូរអ៊ីចឹង ។ ល្អណាស់ពិតជាល្អ ទោះចង់និយាយឱ្យអស់ក៏មិនបានដែរ ។ ដារា បានជួលទូកម៉ាស៊ីនមួយនាំ ស៊ីថន វណ្ណី និង នីតា ជិះលេងកម្សាន្ត គយគន់ទេសភាពតាម កោះនានាទស្សនាសមុទ្រដ៏ធំល្វឹងល្វើយ ។ នីតា ស្ញើបនឹងលំហសមុទ្រនេះណាស់ តែនាងមិនហ៊ាននិយាយចេះតែពីញញឹមរហូត ។ ដារា យកម៉ាស៊ីនថតមកចុចភ្លឹបភ្លែតៗជាច្រើនប៉ុស្តិ៍ ។ វណ្ណី ខំសម្លឹងមើលកោះដ៏ធំមួយដែលស្ថិតនៅខាងឆ្វេងដៃរួចងាកមកសួរ ដារា ៖
– សុំទោស ! លោក ដារា នេះជាកោះអ្វីទៅ ?
ដារា សើចតបវិញ ៖
– បាទ ! គឺជាកោះតាកៀវណា៎…!
ស្រាប់តែពេលនោះ នីតា ភ្លាត់មាត់ ៖
– កោះតាកៀវអ្ហេស ? ងាប់ហើយ ធ្លាប់ឮតែឈ្មោះ ឥឡូវបានមកស្គាល់ហើយ ពិតជាស្អាតមែន !
វណ្ណី សើចងក់ក្បាល ៖
– គិតទៅបទចម្រៀងសមុទ្រទឹកភ្នែករបស់លោក ស៊ិន ស៊ីសាមុត ច្រៀងរៀបរាប់ពីរឿងរ៉ាវលើកោះតាកៀវនេះ ពីរោះអើយពីរោះ…ទោះស្តាប់ប៉ុន្មានដងក៏នៅតែពីរោះដែរ…!
នីតា សើចនិយាយបន្ថែម ៖
– ខ្ញុំទើបតែនឹកឃើញនៅមានមួយបទទៀតដែលមានក្នុងរឿងសមុទ្រទឹកភ្នែកនេះដែរ គឺបទសម្បថមួយពាន់ពាក្យ ដែលច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ…! ស្តាប់ទៅដូចជាលន្លង់លន្លោចអារម្មណ៍យើងហោះហើរទៅរកខ្សែជីវិតគូស្នេហ៍ភក្តីមួយគូដែលស្រឡាញ់គ្នាតាំងពីក្មេងវ័យតែមិនបានជួបគ្នា… ហ៊ឺ… កម្សត់ដល់ហើយ… !
ស៊ីថន ងក់ក្បាល ៖
– មែន…! ខ្ញុំក៏ដូចគ្នា…ស្តាប់បទពីដើមមានអារម្មណ៍ថា បានទៅដល់ទីនោះ និង ស្តាប់ចម្រៀងមួយបទហាក់ដូចជាបានដឹងរឿងដែរ… កវីរៀមច្បងពីដើមពិតជាមានទឹកដៃខ្ពស់មែន…!

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច