រឿង «ថ្ងៃណា ?» ( ភាគ ៧ )

វណ្ណី សើចយកចិត្ត នាងរៀបចំចានស្លាបពាឱ្យ ឯ នីតា គិតតែពីទ្រឹងមិនមាត់ក ។ នាងញ៉ាំហាក់ដូចជាឆ្អែតហើយ… ពេលឃើញមុខសម្លាញ់ ចាស់របស់ប្រធាននាង ។ ក្រោយពេលបរិភោគរួចរាល់ហើយ… ! ស៊ីថន សើចមើលមកបុគ្គលិក រួចងាកមកវិញនិយាយណែនាំ ៖
– ឥឡូវយើងឆ្អែតគ្រប់គ្នាហើយ… ខ្ញុំសូមណែ នាំ… នេះគឺជា ដារា គេជាមិត្តរបស់ខ្ញុំតាំងពីតូច ក្រូចឆ្មារមក… គេធ្វើការនៅក្រុងព្រះសីហនុនេះ ហើយ ដារា… នេះជា វណ្ណី ហើយនេះជា នីតា … បុគ្គលិកឈានមុខ មានស្នាដៃល្អរបស់ក្រុមហ៊ុនខ្ញុំ… !
ដារា សើចងក់ក្បាលមើលទៅ នីតា យ៉ាងមុត នីតា ធ្វើហី រួចខំញញឹមធ្វើជារាក់ទាក់វិញ ៖
– ធ្លាប់ជួបម្តងហើយ.. ទើបតែថ្ងៃនេះបានស្គាល់ឈ្មោះលោកពិត ៗ !
វណ្ណី សើចងក់ក្បាល ៖
– អូ… មែនហើយ ! ពីមុនខ្ញុំធ្លាប់តែលោកប្រធាននិយាយថា លោកជាសម្លាញ់ចាស់គំរឹលៗ ឥឡូវបានស្គាល់ឈ្មោះពិតហើយ… !
ដារា សើចងក់ក្បាលនឹកក្នុងចិត្ត ៖
– នីតា ! និយាយខុសហើយ នាង និង ខ្ញុំ មិនមែនជួបគ្នាបានម្តងទេ គឺច្រើនដងទៀតផង… នាងកំពុងតែនិយាយកុហកទៀតហើយ !
ស៊ីថន សើចរួចនិយាយ ៖
– អីនិយាយអ៊ីចឹងម៉េចទៅហើយ ម៉ាដាមឯងនោះ ?
ដារាប្រែទឹកមុខរួចនិយាយតិចៗ ៖
– នៅតែដដែលហ្នឹង… គ្មានប្រែប្រួលទេ… !
ស៊ីថន ស្រងូតបន្តិចរួចនិយាយតិចៗ ៖
– សុំចូលរួមសោកស្តាយផងណា៎… សម្លាញ់ធ្វើម៉េចនេះជាកម្មពៀរ ! ដូច្នេះឯងមានតែទ្រាំដល់ថ្ងៃណាមួយនោះទេ !
ដារា ដង្ហើមធំមួយ រួចនិយាយ ៖
– មានពេលខ្លះគ្នាចង់តែសម្រេចចិត្តភ្លាមៗតែធ្វើមិនរួចចិត្តមិនដាច់ ព្រោះតែអំពើល្អរបស់នាងកាលពីមុននោះមកលើគ្នា ធ្វើឱ្យគ្នាសុខចិត្តទ្រាំបៀមទុក្ខទោសតទៅទៀតទៅ !
ស៊ីថន មើលមុខ ដារា រួចញញឹមស្ងួត ៖
– តុះ ! បានហើយ កុំនិយាយអីច្រើន មក ជល់កែវមួយដើម្បីសុភមង្គលក្នុងគ្រួសារ និង ជីវិតការងាររបស់យើង !
គ្រប់គ្នាងក់ក្បាល រួចលើកកែវជល់គ្នាហើយលើកមកផឹក…ទាល់តែអស់ដូចគ្នា ។ នីតា លួចសម្គាល់មើលទឹកមុខ ដារា ដូចជាមានទុក្ខកង្វល់ តែនាងមិនហ៊ានសួរនាំឡើយ បានត្រឹមតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះ ។ វណ្ណី ក៏មិនខុសពីនាងដែរ នាង មើលមុខ ដារា ហើយគិតក្នុងចិត្តថា ដារា ពិតជា មានអ្វីដែលលាក់ក្នុងចិត្តមិនអាចនិយាយបាន… មិនខុសពីនាងដែរ… រឿងដែលកើតមានក្នុងគ្រួសារ មិនអាចហែកពោះវៀនឱ្យក្អែកចឹកបានឡើយ មានន័យថា ចង្កៀងផ្ទះណា គឺភ្លឺតែផ្ទះហ្នឹងទេ… ផ្ទះផ្សេងមិនអាចភ្លឺបានឡើយ….ហ៊ឺ ចំជាពិបាក និង ស្មុគស្មាញមែន… ឱ ! ជីវិតអើយ !
ព្រះសុរិយាអស្តង្គតរលត់រស្មីបន្តិចម្តងៗ លាភពផែនដីចោលពន្លឺក្រហមច្រាលមកក្រាលលើទឹកសមុទ្រ ញ៉ាំងរំលេចឱ្យផ្ទៃសមុទ្រទាំងមូលមានពណ៌ស្រស់ត្រកាល ឃើញហើយចង់ឃើញទៀត និង ចង់ហាមាត់ឃាត់មិនឱ្យព្រះអាទិត្យយាងចាកចោលទៅទេ…។ ជំនោររំភើយៗត្រជាក់ស្រេងលើកាយា ធ្វើឱ្យបេះដូងត្រជាក់ស្រេងលន្លង់លន្លោចទៅតាមចង្វាក់នៃវាយោ ។ នីតា និង វណ្ណី ដើរសរសៀរៗឱ្យឆ្ងាយ ពី ស៊ីថន និង ដារា រួចពួកគេនាំគ្នាចុះងូតទឹកប្រឡែងគ្នាលេងយ៉ាងសប្បាយរីករាយ ។ វណ្ណី ងូតផង នឹកឧទ្ទិសក្នុងចិត្តឱ្យទឹកសមុទ្រជួយហូរនាំទុក្ខកង្វល់នាងទៅជាមួយផង ។ នីតា មិនដឹងរឿងអ្វីទេ នាង គិតតែងូតទឹកហែលលេងសប្បាយស្រាប់តែពេលនោះនាងធ្វើមុខជូរ យកដៃអង្អែលកំភួនជើងរួចស្រែក ៖
– វណ្ណី ជួយផង… គ្នារមួលក្រពើហើយ ! អូយ…!
វណ្ណី ភ័យណាស់ ក៏ស្ទុះទៅជួយ… តែ នីតា ចុកពេកទប់មិនជាប់ក៏លិចចូលទៅក្នុងទឹកបន្តិចម្តងៗ វណ្ណី ភ័យក៏ស្រែកខ្លាំងៗ ៖
– ជួយផងៗៗៗ ! ជួយ នីតា ផង… នីតា រមួលក្រពើ ៗ ៗ !
សំឡេងនាងស្រែកឮទៅដល់ ដារា និង ស៊ីថន ដែលកំពុងតែអង្គុយជជែកគ្នាលេងនៅមាត់ឆ្នេរ ។ រហ័សជាងផ្លេកបន្ទោរ ដារា រត់យ៉ាងលឿនរួចលោតចូលទឹកសមុទ្រសំដៅកន្លែង នីតា និង វណ្ណី ងូតទឹក ។ គេខំហែលទៅរកនាង រួចចាប់នាងបីហើយនាំមកគោកវិញទាំងអារម្មណ៍ភ័យរន្ធត់ ។ មកដល់គោក វណ្ណី ភ័យនិយាយញ័រមាត់ ៖
– កំពុងតែងូតទឹកសប្បាយៗ ស្រាប់តែ នីតា ស្រែកថារមួលក្រពើៗ ខ្ញុំភ័យពេកក៏ស្រែកឱ្យគេជួយទៅ…!

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច