រឿង «ថ្ងៃណា ?» ( ភាគ ៦ )

វណ្ណី យកដៃជូតទឹកភ្នែក ៖
– បងកុំនិយាយយកឈាមព្រួសដាក់អ្នកដទៃណា៎.. បងធ្វើអ្វីដាក់ខ្ញុំក្នុងនាមជាប្រពន្ធនោះ ? ខ្ញុំមិនដឹងថា រាល់ថ្ងៃនេះបងចាត់ទុកខ្ញុំជាប្រពន្ធ ឬក៏ជាស្រីបម្រើតណ្ហា ឬក៏ជាអ្នកមើលថែកូនរបស់បងនោះទេ ?
ជួន រាងខឹងដែរ មុខក្រហមនិយាយគំហក ៖
– យ៉ើស ! ថ្ងៃនេះបានដៃណាស់តើ ! និយាយហូរហែតាប៉ែលតអីវែងម៉េះវ៉ើយ !
វណ្ណី យំផងនិយាយផង ៖
– ខ្ញុំត្រូវតែនិយាយ.. ខ្ញុំខ្លាចស្លាប់មុនអាយុ មិនបាននិយាយ ! រាល់ថ្ងៃនេះខ្ញុំរស់ព្រោះតែកូនៗតែប៉ុណ្ណោះ ខ្ញុំអាណិតគ្នាដែលមិនដឹងអី… ! បងដឹងដែរទេ… ថាខ្ញុំនេះតូចចិត្តប៉ុនណានៅពេលមានប្តីជាអ្នកកាន់លុយនោះ ? មនុស្សម្នាក់ៗកើតមកសុទ្ធតែមានខួរក្បាលដែរ… មិនមែនដូចជាបង… ព្រឹកឡើងមកសួរខ្ញុំត្រូវការលុយអ្ហីអត់ហ្នឹង ? គ្មានអ្នកណាម្នាក់ដែលថាមិនចង់បានលុយនោះទេ ? ចេះតែត្រូវការហើយ… តែបងរកបានទុកលុយខ្លួនឯង… ក្តាប់ទុកខ្លួនឯង… ជាងដប់ឆ្នាំមកនេះ ខ្ញុំមិនមែនជាប្រពន្ធបងទេ ខ្ញុំគ្រាន់តែជាកញ្ជះកាមតណ្ហារបស់បងតែប៉ុណ្ណោះ… សំណាងហើយដែលខ្ញុំចេះមានការងារធ្វើដោយខ្លួនឯង កុំអីខ្ញុំនេះត្រូវរស់ដោយឈឺចាប់ប៉ុនណាទៅ ?
ជួន ប្រែប្រួលទឹកមុខ លួចមើលមុខ វណ្ណី ៖
– ខ្ញុំមិនដែលចាត់ទុកឯងជាស្រីបម្រើនោះទេ… គឺជាប្រពន្ធណា៎… !
វណ្ណី យកដៃជូតទឹកភ្នែកនិយាយ ៖
– បើទុកជាប្រពន្ធ ម៉េចក៏មិនទុកចិត្តខ្ញុំ ? ខ្លាចខ្ញុំយកលុយទៅចាយវាយផ្តេសផ្តាសអី ?
ជួន គិតបន្តិចនិយាយ ៖
– មិនមែនអ៊ីចឹងទេ ? តែរឿងនេះ… អឺ…
វណ្ណី មើលមុខប្តីនិយាយ ៖
– បងដើរសួរប្រុសគ្រប់ៗគ្នាមើលទៅ សម័យនេះទៅហើយមានប្តីណាគេកាន់លុយជាប់ស្អិតដូចជាបងអ៊ីចឹងដែរទេ… ខ្ញុំនេះមិនខុសពីចម្រៀងគេច្រៀងថា ទុក្ខស្រីប្តីកាន់លុយនោះទេ… !
ជួន សម្លក់នាងបន្តិច រួចធ្វើហ៊ឺស រួចក៏ដើរចេញទៅ វណ្ណី អង្គុយយំឱ្យអស់ចិត្ត ។ អ្ហូ៎ ! ការពិត នេះគឺជារឿងសម្ងាត់របស់ វណ្ណី ទេតើ ព្រះអើយ !… ប្តីនាងកាន់លុយរហូតតាំងពីបាននាងជាប្រពន្ធមកជាងដប់ឆ្នាំមកហើយ អីយ៉ូយ ! ពិតជាពិបាកទ្រាំណាស់… ! រឿងនេះស្មុគស្មាញមែនហើយ !
វណ្ណី យំអស់ចិត្តយកដៃជូតទឹកភ្នែកនិយាយតិចៗ ៖
– តើថ្ងៃណាទៅទើបខ្ញុំបានរួចផុតពីរឿងរ៉ាវបែបនេះទៅហ្ន៎ ? ឬ មួយខ្ញុំត្រូវរងទុក្ខទោសបែបនេះអស់មួយជីវិតទៅ ? ព្រះអើយសូមជួយបំភ្លឺផ្លូវឱ្យខ្ញុំផង… !
ចុងសបា្តហ៍នេះ ក្នុងក្រុមហ៊ុនធ្វើការរបស់ វណ្ណី ត្រូវមានបេសកកម្មចេញទៅខេត្តព្រះសីហនុ ។ លោក ស៊ីថន វណ្ណី និង នីតា ក៏មានឈ្មោះទៅជា មួយគ្នាដែរ ។ វណ្ណី សប្បាយចិត្តណាស់… ព្រោះបានទៅសម្រាកលម្ហែកម្សាន្តអារម្មណ៍ឱ្យជ្រះថ្លានៅមាត់សមុទ្រ ឯកូនៗនាងបានយកទៅផ្ញើជាមួយប្អូនៗឱ្យជួយមើលផង ។ តាមផ្លូវពីភ្នំពេញទៅខេត្តព្រះ សីហនុ នីតា បានសម្តីជាងគេ នាងខំរករឿងកំប្លែងៗ មកនិយាយឱ្យគេស្តាប់ហើយសើចកំដរបរិយាកាសកុំឱ្យងងុយ ហើយហាក់ដូចជាឆាប់ដល់ទៀតផង ។
មកដល់ទីរួមខេត្តព្រះសីហនុ លោក ស៊ីថន បានខលទៅប្រាប់សម្លាញ់ចាស់ឱ្យបានដឹងពីការមក ដល់របស់គាត់ ។ លោកនិយាយទាំងញញឹម ៖
– អាឡូ… ! គ្នាមកដល់ហើយ… បន្តិចទៀត ជួបគ្នាណា៎… !
គាត់និយាយហើយញញឹមងក់ក្បាលរួចងាកទៅរក នីតា ៖
– យើងរកញ៉ាំអីសិនទៅ ចាំរកអូតែលសម្រាកណា៎… !
នីតា សើចងក់ក្បាល ៖
– ចា៎ លោកប្រធាន… !
ឃើញរថយន្តលោក ស៊ីថន បើកចូលភោជ-នីយដ្ឋានមួយនៅមាត់សមុទ្រ ។ ខ្យល់ជំនោរសមុទ្របក់មកល្ហើយត្រសៀកធ្វើឱ្យអារម្មណ៍ដែលតានតឹងអាចស្រាកស្រាន្តមួយគ្រាដែរ ។ កំពុងឆ្ងាញ់បាយផង ស្រាប់តែពេលនោះវត្តមានសម្លាញ់ចាស់របស់លោក ស៊ីថន មកដល់ល្មម នីតា គ្រាន់តែក្រឡេកឃើញក៏ភាំងដៃនាងកាន់បង្គា ក្តាម នៅទ្រឹងមើលនិយាយមិនចេញ ។ ស៊ីថន ក្រឡេកឃើញក៏និយាយ ៖
– អ្ហូ៎… មកដល់ហើយអ្ហី ? មក… អង្គុយមកនេះគ្នាទើបតែចាប់ផ្តើមទេណា៎ !
សម្លាញ់ចាស់សើចងក់ក្បាលដៀងភ្នែកមើលទៅ នីតា រួចងាកមកវិញនិយាយ ៖
– អឺ… ល្អតើ ! តុះ !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច