រឿង «ថ្ងៃណា ?» ( ភាគ ៥ )

នីតា សើច ៖
– ចា៎ ! អញ្ជើញ !
លោក ស៊ីថន សើចរួចដើរចេញទៅ នីតា ទាញការងារមកធ្វើដោយយកចិត្តទុកដាក់ស្រាប់តែពេលនោះនាងឮសម្រឹប
ជើងដើរចូលមកទៀត នាងនិយាយទាំងមិនងាកមើលមុខ ៖
– លោកប្រធានមានការអីទៀតមែនទេ ?
តែពេលនោះមិនឮសំឡេងតបវិញ នាងឆ្ងល់ក៏ងើបមុខឡើងនាងភ្ញាក់ ៖
– គឺលោក ? ព្រះអើយ ! ម៉េចក៏…
គឺជាម្ចាស់ទាំងសាច់ទាំងឈាមហើយ ។ គេសើចស្រស់មើលមកនាង ៖
– ភ្ញាក់ផ្អើលខ្លាំងមែនទេ ?
នីតា ខំទប់អារម្មណ៍មិនឱ្យរំជួល នាងនិយាយ រាងហំហាន ៖
– អត់អីទេ ! ខ្ញុំនេះវាស៊ាំនឹងការជួបមុខលោកទៅហើយ ! ធម្មតាៗ… !
ម្ចាស់រថយន្តសើចគ្រវីក្បាល ៖
– នាងកុហកទៀតហើយ ! នាងពូកែកុហកណាស់… ធម្មតាៗស្អីមើលចុះមុខឱ្យស្លេក ដៃជើងញ្ញ័រឱ្យទទ្រើក… នាងពិតជាកំពូលកុហកមែន… ! កត់ឈ្មោះ លេខទូរស័ព្ទ កន្លែងធ្វើការឱ្យខ្ញុំកុហកទាំងអស់… ទេវតាពិតជាមានភ្នែកមែន… នាងចាំបាច់កុហកខ្ញុំធ្វើអី ?
នីតា មុខមាំ និយាយតបវិញ ៖
– ទើបនឹងជួបមុខគ្នាម្តង ហើយមានរឿងមិនល្អអ៊ីចឹង រឿងអីថាខ្ញុំប្រាប់លោកតាមត្រង់នោះ ?
ម្ចាស់រថយន្តសើចគ្រវីក្បាល ៖
– នាងពិតជាឆ្លាតមែន… នាងកំពូលកុហក !
នីតា ដល់ចិត្តដែរ នាងមើលមុខរួចនិយាយ ៖
– លោកក៏កំពូលអ្នកតាមរករឿងដែរ ! ខ្ញុំដាក់ រហស្សនាមឱ្យលោកអ៊ីចឹង… លោកមិនពេញចិត្តក៏ខ្ញុំមិនខ្វល់ដែរ… លោកកំពូលអ្នកតាមរករឿង… យ៉ាងម៉េច លោកចង់ប្តឹងខ្ញុំក៏តាមចិត្តចុះ !
ម្ចាស់រថយន្តមើលមុខនាងរួចសើចក្អាកក្អាយ ៖
– អស្ចារ្យ ! ពិតជាអស្ចារ្យមែន… ! ឆ្លាត ឆ្លាត… ខ្ញុំចូលចិត្ត
…ថាហើយម្ចាស់រថយន្តសើចដើរចេញទៅ នីតា តាមមើលខឹងខាំមាត់រអ៊ូតិចៗ ៖
– ពិតជាកើតរោគចិត្តពេញទំហឹងហើយ បើកភ្នែកឡើងតាមមករឿងបែបនេះ ? អ្ហើយ ! ថ្ងៃនេះ ពិតជាស៊យទាំងព្រឹកហើយខ្ញុំ… !
រឿងរ៉ាវជីវិតរបស់ វណ្ណី គ្មានអ្នកណាដឹងទេ… មកពីនាងពូកែលាក់រឿងជីវិតផ្ទាល់ខ្លួនដាក់ទុកក្នុងទ្រូង មិននិយាយសោះ ។ ថ្ងៃនេះជាថ្ងៃអាទិត្យ នាងកំពុងតែបោសសម្អាតផ្ទះ ស្រាប់តែលេចប្តីនាងចេញមកមុខមិនស្រស់ សម្លឹងមើលមុខនាងបន្តិច រួចសួរ ៖
– ត្រូវការលុយអ្ហីអ្ហាស ?
វណ្ណី ប្រែទឹកមុខបន្តិច និយាយរាងហី ៖
– បើបងគិតថាខ្ញុំត្រូវការ ក៏ឱ្យមក៍… តែបើគិតថាខ្ញុំមិនត្រូវការ មិនឱ្យក៏មិនអីដែរ តាមចិត្តបងចុះ !
ជួន ប្រែទឹកមុខបន្តិចនិយាយ ៖
– ហ៊ឹះ ! យ៉ាប់ណាស់… មើលនិយាយចុះ ដូចអត់ទឹកដមម៉េចមិនដឹងទេ ? អ៊ីចឹងម៉ងស្រីៗ ឱ្យតែរៀនចេះដឹងបន្តិច មានការងារធ្វើរាងវាយឫកឡូយម៉ងហ្នឹង !
វណ្ណី រាងឆេវដែរ នាងខំទ្រាំយូរហើយ ពេលនោះនាងងើបមុខមើលប្តីនិយាយ ៖
– បង កុំនិយាយបែបនេះវាមិនត្រូវ វាមិនសម ! ខ្ញុំមិនចូលចិត្តទេ…! សម័យនេះស្រីៗក៏មានសិទ្ធិដូចប្រុសៗដែរ… លក្ខណៈយេនឌ័រណា៎…
ជួន រាងខឹងនិយាយគំហក ៖
– យេនឌ័រ យេនដាំង ស្អី ? យកល្អស្រីៗត្រូវនៅផ្ទះមើលថែកូន ដាំបាយ ថែផ្ទះទៅវាបានទៅហើយ ធ្វើឯងទៅធ្វើការស្អី បានប្រាក់ខែប៉ុន្មានហ្នឹង ?
វណ្ណី គ្រហ៊ឹមងឺស នាងសើចចំអកតិចៗ ៖
– មែន ! ប្រាក់ខែខ្ញុំបានតិចមែន… តែវាជាញើសឈាមរបស់ខ្ញុំ… ខ្ញុំចង់ចាយ ខ្ញុំចង់ទិញស្អី តាមតែចិត្តខ្ញុំ ខ្ញុំមិនបាច់លាដៃតាមសុំលុយពីបងរាល់ថ្ងៃនោះទេ… !
ជួន មុខមាំ និយាយគំហក ៖
– គ្រាន់បើណាស់… ថ្ងៃនេះដូចជានិយាយស្តីបានច្រើនជាងរាល់ដងអ្ហេស ?
វណ្ណី ងក់ក្បាលនិយាយទាំងអួលដើមក ៖
– មែន ! ខ្ញុំចង់និយាយឱ្យអស់ជាយូរមកហើយ អារឿងដែលកប់ជ្រៅក្នុងបេះដូងខ្ញុំគ្មានអ្នកណាគេដឹងនោះ… ខ្ញុំគ្រាំគ្រារាល់ថ្ងៃ គ្មានអ្នកណាដឹងទេ… ?
ជួន ធ្វើហ៊ឺសងាកទៅម្ខាង ៖
– គ្មានអ្នកណាធ្វើស្អីឱ្យឈឺចាប់ទេ មានតែខ្លួនឯងយកទុក្ខមកដាក់ខ្លួនឯង… !

                                                                     ( សូមរង់ចាំអានភាគបន្ត )

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច