បាត់​កូនក្រមុំ ២ ថ្ងៃ​កាន់​រូបថត​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ឱ្យជួយ

រាជធានី​ភ្នំពេញ​៖ ក្មេងស្រី​ជំទង់​អាយុ ១៤ ឆ្នាំ​ម្នា​ក់បាន​បាត់​ខ្លួន​រយៈពេល ២ ថ្ងៃ​មកហើយ ត្រូវបាន​ឪពុកម្តាយ​កាន់​រូបថត​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​កាលពី​វេលា​ម៉ោង ១ សៀ​ល​ថ្ងៃទី ១០ ខែកុម្ភៈ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​រក ។ ក្មេងស្រី​ដែល​បាត់​ខ្លួន​ត្រូវបាន​ក្រុមគ្រួសារ​ឱ្យដឹងថា​ឈ្មោះ ជួរ ស្រី​ម៉ី អាយុ ១៤ ឆ្នាំ​ជា​អ្នក​ជួយ​លក់ដូរ​ឱ្យ​ម្តាយមីង មាន​ម្តាយ​ឈ្មោះ ជៀម ច័ន អាយុ ៤៥ ឆ្នាំ​ជា​កម្មការិនី​កាត់ដេរ និង ឪពុក​ឈ្មោះ ជួរ កុសល់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ​ជាជាង​ផ្ទះ ស្នាក់នៅ​ផ្ទះជួល​ក្រុមទី​៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ស្ត្រី​ជា​ម្តាយ​បានឱ្យដឹងថា​កូនស្រី​របស់គាត់ បាន​ស្នាក់នៅ​ជួយ​លក់ដូរ​ម្តាយមីង​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ហើយ​ទើបតែ​ត្រឡប់​មកលេង​ផ្ទះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ ។ នៅវេលា​ម៉ោង ៦ និង ២០ នាទី​ល្ងាច​ថ្ងៃទី ៨ ខែកុម្ភៈ កូនស្រី​របស់គាត់ បាន​សុំ​ប្រាក់​ចំនួន ៤ ពាន់​រៀល​ទៅ​ហូប​បង្អែម​ជាមួយ​មិត្តភក្តិ​ហើយ​បាត់​រហូត​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ ទូរស័ព្ទ​តេ​មិន​ចូល និង ដើររក​គ្រប់​ទីកន្លែង​មិនឃើញ ។

ស្ត្រី​ជា​ម្តាយ​បន្តទៀតថា​កន្លងមក​កូ​ន​ស្រី​មិនដែល​មានរឿង​អ្វី ឫ ក៏​ខឹង​នឹង​ឪពុកម្តាយ​នោះទេ ។ បន្ទាប់ពី​បាត់​ខ្លួន ពួកគាត់ ក៏បាន​សំរេចចិត្ត​យក​រូបថត​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ឱ្យជួយ​រកតែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យដឹងទៀតថា​បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង​បងប្រុស បាន​ព្យាយាម​តេ​ទូរស័ព្ទ​ចូល​ហើយ​ត្រូវ​ក្មេងស្រី​និយាយថា​ខ្លួន​មិន ចូល​ផ្ទះ​វិញ​ទេ​ដោយ​មូលហេតុ​ខឹង និង ឪពុកម្តាយ ព្រមទាំង​និយាយថា ចង់តែ​លោតទឹក​សំលាប់ខ្លួន​នោះទេ​រួច​បិទ​ទូរស័ព្ទ​តែម្តង ៕ ម៉េង ធា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច