រឿង « ថែ​ស្នេហ៍​ជូន​បង » (​ភាគ​ទី ១៦)

– តាម​ការពិតទៅ​យើង​គឺជា​ស្រី​ទេ ហើយ​ថែមទាំង​មាន​ទំនាក់ទំនង​ជាមួយ​បង វ៉ាន់​ថន យ៉ាង​ជ្រាលជ្រៅ​ថែម​ទៀតផង !
​រាសី ភាន់ភាំង ៖
– ថា​ម៉េច​ឯង​ជា​ស្រី ?
– ត្រូវ​ហើយ !
​វ៉ាន់​ថន ដែល​បាន​ស្តាប់ឮ​ការសន្ទនា​គ្នា​នេះ​តាំងពីដើម​មក​នោះ​ក៏​ប្រ​ញ​a​ប់​ចេញមក​ធ្វើ​អន្តរាគមន៍ ។​
– នែ ! ឯង​កុំ​និយាយ​ផ្តេសផ្តាស​ឱ្យ​សោ​ណា តិច​ថា​យើង​នេះ​មិនបាន​ប្រាប់ !

​រាសី ច្រឡោ​តតូង ៖
– បង​ទៅបាន​ស្រី​នេះ​មកពីណា ? ហើយ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​បង​ដែរ ?
​វ៉ាន់​ថន ស្រដី​តប​ទាំង​មិនមាន​ការស្ទាក់ស្ទើរ​ចិត្ត ៖
– គ្មាន​ទំនាក់ទំនង​អី​ជាមួយ​បង​ទេ គឺ​អ្នកដទៃ​សុទ្ធសាធ !
– ចុះ​ម៉េច​បានជា​គេ​មក​នៅផ្ទះរ​បស់បង​ទៅវិញ ?
– គឺ​នាង​ជិះ​រថយន្ត​បង​អត់ឱ្យ​លុយ អា ជី អាណិត​ដោយ​ឃើញថា​គេ​ជា​កូនកំព្រា​ក៏​ហៅ​ឱ្យមក ធ្វើជា​ព្រូឡាន​បង !

រាសី វាចា​ទាំង​ធ្វើ​ឫកពា​រំអួយ​ទៅកាន់ វ៉ាន់​ថន ៖
– តែ​អូន​មិន​ទុកចិត្ត​នាង​ហ្នឹង​ទេ !
– បើ​អូន​មិន​ទុកចិត្ត​គេ​ទេ​ចាំ​បង​ដេញ​គេ​ចេញ ពី​ផ្ទះ​នេះ​មិន​ឱ្យនៅ​ទើសមុខទើសមាត់​អូន​ទៀត​ទេ !
​ថា​រួច​នាយ វ៉ាន់​ថន ក៏​ងាក​ទៅរក សម្ផស្ស​ភួង ៖
– សង្ឃឹមថា​ពេលដែល​ខ្ញុំ​ត្រឡប់​មកពី​ដើរលេងយប់​នេះ​វិញ គឺ​មិនឃើញ​មាន​រូបនាង​នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​នេះ​ទៀត​ទេ ។ បើ​មិន​ដូច្នេះ​ទេ​ខ្ញុំ​នឹងធ្វើ​ឱ្យ​នាង​បានភ្លឺភ្នែក​ម្តង ។

​បញ្ចប់​សម្តី​នេះ​អ្នក​ប្រុស​យើង​ក៏​ត្រសង​កាយ រាសី ចេញទៅ​… រាសី ដើរ​សំដៅ​ទៅរក​រថយន្ត​ទាំង​អារម្មណ៍​នៅ​ក្តៅក្រហាយ​មិនទាន់​រសាយ​ចេញ​បាន អំពី​បេះដូង​នេះ​នៅឡើយ ។​
​ល្ងាច​នេះ​នាយ វ៉ាន់​ថន បាន​ត្រឡប់មកផ្ទះ​វិញ​ដោយ​ញំនាំ​កំហឹង​មក​ជះ​ដាក់ សម្ផស្ស​ភួង ដែលពេលនេះ​នួនស្រី​ល្អ​កំពុងតែ​បោកគក់​សម្លៀកបំពាក់របស់​នាយ​នៅក្បែរ​ពាងទឹក​ខាងក្រោយ​ផ្ទះ ។​
​វ៉ាន់​ថន បាន​ជះ​សម្តី​ទៅកាន់​ឆោមស្រី​ដោយ​កំហឹង​បីដូច​ជា​ភ្នំភ្លើង​ផ្ទុះ ៖

– នាង​គឺជា​ដើម​ហេតុដែល​ធ្វើឱ្យ​ជំងឺ​ខួរក្បាល​របស់ រាសី ត្រូវ​រើ​ឡើងវិញ ហើយ​ពេលនេះ រាសី កំពុងតែធ្វើការ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ នាង​អាក្រក់​ខ្លាំងណាស់ ខ្ញុំ​ខំ​តែ​អាណិត​នាងឱ្យ​នាង​បានរស់នៅ​ក្នុងផ្ទះ​នេះ​ដោយ​គ្រាន់តែ​ឱ្យ​នាង​គោរព​ទៅតាម​លក្ខខណ្ឌ​របស់ខ្ញុំ តែ​ឥឡូវ​គឺ​នាង​បាន​បំពាន​លក្ខខណ្ឌ​របស់ខ្ញុំ​ធ្វើឱ្យ រាសី ត្រូវ​ទទួលរង​នូវ​ការ​រំជួលចិត្ត​រហូតធ្វើឱ្យ​ជំងឺ​ខួរក្បាល​របស់​នាង​ត្រូវ​រើ​ឡើងវិញ ។ ម្យ៉ាងទៀត​កាលពី​ម្សិលមិញ​គឺ​នាង​បាន​ច្រាន រាសី ទៅ បុក​នឹង​ជ​ញ្ជាំ​ទៀត​នាង​គឺជា​ស្រី​អាក្រក់​ស្រី​ដែល​អាង​តែ​កម្លាំងបាយ ខ្ញុំ​ស្អប់​នាង​ខ្លាំងណាស់ !

ឃើញ​ឆោមស្រី​ល្អ​អង្គុយ​ស្ងាត់ស្ងៀម​បៀម​ទៅដោយ​ទុក្ខសោក​ដូច្នេះ មិត្ត​យើង​មានឱកាស​ដ៏​បរិបូរ​ក្នុងការ​បន្ត​វាចា​ខឹង​ក្រោធ​នេះ​ទៀត ៖
– នាង​គឺជា​អ្នក​ដែល​មក​បំបែកបំបាក់​ស្នេហា​របស់ខ្ញុំ​តើ​នាង​ជា​នរណា ? មកពី​ទីណា ? ហើយ មាន​គោលបំណង​អ្វី​ក្នុង​ការប្រើ​ជីវិត​ឱ្យមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ ? នាង​ឆាប់​ចេញពីផ្ទះ​របស់ខ្ញុំ​ភ្លាម​ដើម្បីឱ្យ​ខ្ញុំ​រស់នៅ​បាន​ស្ងប់ចិត្ត​ជាពិសេស​គឺ​អូន រាសី ។ ឥឡូវនេះ​ខ្ញុំ​ត្រូវ​ចេញ​រថយន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ពេល​ត្រឡប់មកវិញ​សូម​កុំឱ្យ​ខ្ញុំ​បានឃើញ​មុខ​នាង​ទៀត ឱ្យសោះ ខ្ញុំ​ឈប់​ឱ្យ​នាង​នៅ​ទៀតហើយ ហើយ​សូម​នាង​មេត្តា​ដល់​ស្នេហា​របស់ខ្ញុំ​ផង ។ សូម​កុំឱ្យ​ខ្ញុំ​នឿយហត់​ជាមួយ​នាង​ច្រើន​ជាងនេះទៀត ។ ខ្ញុំ​សូម​អង្វរ​ទៅឱ្យ​ឆ្ងាយ​ពី​ជីវិត​របស់ខ្ញុំ ទៅឱ្យ​កាន់តែ​ឆ្ងាយ​គឺ​កាន់តែ​ប្រសើរ ព្រោះ​នាង​គឺជា​បន្លា​នៅក្នុង​កែវភ្នែក​របស់ខ្ញុំ ។

​ថា​រួច​អ្នក​កំលោះ​ក៏​យាត្រា​ចូលទៅ​ក្នុងផ្ទះ​… បន្តិច​មក​ទើប​ឃើញ​គេ​ចេញមក​ខាងក្រៅ​វិញ ហើយ ក៏​ប្រញាប់​បញ្ជា​រថយន្ត​ចាក​ចេញទៅ ។​
​អា ជី ដើរ​ចូលមក​អង្គុយ​ក្បែរ​ឆោមស្រី​កម្សត់ យើង ទាំងពីរ​នាក់​ក៏​បង្ហូរទឹកភ្នែក​មក​ព្រមៗ​គ្នា​បី​ដូចជា​ណាត់គ្នា​យំ​ទុក​មុន ។​
​អា ជី ពោល​ទាំង​អួលអាក់ ៖
– កុំ​ទៅណា​ចោល​ខ្ញុំ​ឱ្យសោះ​ណា៎ បង វ៉ាន់​ថន អាក្រក់​តែ​មាត់​ទេ តែ​ចិត្ត​របស់គាត់​ល្អ​ខ្លាំងណាស់ ។​
នាយ យុ​ទ្ធា ក៏​ដើរចូល​មកហើយ​អង្គុយ​ចុះ​ក្បែរ សម្ផស្ស​ភួង ដែល​​ស្លៀកពាក់​ជា​ស្រី​វិញ ហើយ​… យុ​ទ្ធា ស្រដី​ទាំង​ទឹកមុខ​ស្មើ ៖
– ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា នាយ គ គឺជា​ស្រី ឡើយ !

​ពោល​មកដល់​ត្រឹមនេះ នាយ យុ​ទ្ធា ញញឹម​ស្រស់ រួច​បន្ត​ពំនោល​ស្ថិត​ក្នុងន័យ​ផ្តល់​កម្លាំងចិត្ត ស្រស់​ស្រី​យើង​ឱ្យមាន​ក្តីសង្ឃឹម​បន្ត​រស់ក្នុង​ឆាកជីវិត​ថ្មី ៖
– នាង​កុំ​គិត​ច្រើនពេក ខ្ញុំ​ស្គាល់​អា ថន ច្បាស់​រហូតដល់​ទៅ​ពោះវៀន​របស់​វា​ទៀតផង ។ វា​បាន តែ​ថា​ទេ ក៏ប៉ុន្តែ​ចិត្ត​របស់​វា​មិនអាក្រក់​ដូច​សម្តី​របស់​វា​នោះឡើយ បណ្តោយ​តាម​កំហឹង​វា​មួយ​ខ្យល់​ទៅ​ចុះ​នាង​ធ្វើ​តែ​មិនដឹង​ខ្លួន​ទៅ ហើយ​បើ​នាង​ឈឺចាប់ រហូត​មិនអាច​ទ្រាំ​បាន​នោះ​គឺ​នៅមាន​ខ្ញុំ​ម្នាក់ទៀត​ដែល​ស្ម័គ្រ​ខ្លួន​ជួយ​យកអាសា​នាង ។ ផ្ទះ​របស់ខ្ញុំ ស្វាគមន៍​នាង​គ្រប់ពេលវេលា​ទាំង​អស់ហើយ អា ថន ប្រាប់ថា ផ្ទះ​របស់ខ្ញុំ នាង​ក៏​ស្គាល់​ដែរ គឺ​នៅឯ​ភូមិ​ជង្ហុក ម្តុំ​វត្ត​នគរ​បា​ជ័យ​នោះ​អី !

​អា ជី ប្រែ​ទឹកមុខ​ទៅជា​ស្អុយ ៖
– បង​កុំទៅ​ឱ្យសោះ​ណា​បង​នៅទីនេះ​ជាមួយ អា ជី ហើយ អា ជី នឹង​ការពារ​បង​មិនឱ្យ​នរណាម្នាក់​ធ្វើ​អី​បង​បានទេ អា ជី ប្តូរ​ស្លាប់ អា ជី សុំ​តែ​ម្យ៉ាង​គត់ គឺ​ការរស់នៅ​ជួបជុំគ្នា ។ ពេល​បើកភ្នែក​ឡើង​ខ្ញុំ​ឃើញ​មុខ​បង​ខ្ញុំ​សប្បាយចិត្ត តែបើ​អត់​ពី​បង មិនដឹងថា អា ជី ត្រូវ​រស់នៅ​យ៉ាងម៉េច​ទេ ? ខ្ញុំ​ច្បាស់​ជា​យំ​នឹក​បង​រហូត​ដាច់ខ្យល់​ស្លាប់​ហើយ ។​
​សម្ផស្ស​ភួង អង្អែល​ក្បាល​អា ជី ថ្នមៗ​ទាំង​វាចា​ទឹកភ្នែក​រំជួលចិត្ត ព្រោះតែ​ស្រណោះ​អាឡោះ អាល័យ​ដល់​សម្តី​ដ៏​ស្មោះសរ​ដែល​ផុស​ចេញពី​បេះដូង របស់​អា ជី មុននេះ ៖

– បង​មិន​ទៅណា​ចោល​ឯង​ទេ !
​អា ជី បង្ខំចិត្ត​ញញឹម​ទាំង​ក្រៀមក្រំ ព្រោះ អា ជី ហាក់ដូច​ជាមាន​ប្រផ្នូល​មិនល្អ​ទាល់តែសោះ គេ​ចេះតែ​ថប់​បារម្ភ​នៅក្នុង​ចិត្ត​ខ្លាច​ក្រែងតែ​គេ​ត្រូវ​បាត់បង់​បងស្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​ជាង​ជីវិត​របស់ខ្លួន​ទៅទៀត​នេះ​នៅក្នុង​ថ្ងៃ​ណាមួយ​បើ​មិនឆាប់ គឺ យូរ​តែប៉ុណ្ណោះ ។​

​វគ្គ​ទី ៨ ៖ កំណប់​ស្នេហ៍​
​អា ជី បាន​សុំ សម្ផស្ស​ភួង ទៅ​មើល​គេ​លេង​រាំវង់​ឯ​ចុង​ភូមិ​ជាមួយ​នាយ យុ​ទ្ធា​… សម្ផស្ស​ភួង​គេង យំ​តែម្នាក់ឯង​ហាក់ដូចជា​កំពុងតែ​នឹក​កម្សត់​ខ្លួន ។ ពាក់កណ្តាល​អា​ធ្រា​ត្រ​ទៅហើយ ទើប​នាយ វ៉ាន់​ថន បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ ទាំង​ញំនាំ​មកជា​មួយ​នូវ ភាពស្រវឹង​មក​ផងដែរ ។​
​វ៉ាន់​ថន ក៏​ចូល​មករក សម្ផស្ស​ភួង ដែល​កំពុងតែ​សំងំ​បិទ​ភ្នែក​លង់លក់​បាន​មួយស្រឡេត ។ វ៉ាន់​ថន ពោល​ទាំង​អារម្មណ៍​ខឹងសម្បា​លាយ​នឹង​ក្តី​អាណិត ស្រឡាញ់ ៖
– នាង​ពិតជា​មុខ​ក្រាស់​ខ្លាំងណាស់ យើង​ដេញ​ប៉ុន្មាន​លើក​ហើយ​នៅតែ​មិន​ព្រម​ចេញ​សោះ នាង ប្រហែលជា​ស្រឡាញ់​ខ្ញុំ​ពេញចិត្ត​ខ្ញុំ​ខ្លាំងណាស់​ហើយមើល៍ទៅបានជា​មិន​ព្រម​ចេញ​ទៅណា​សោះ ?

​ពោល​មកដល់​ត្រឹមនេះ នាង វ៉ាន់​ថន ក៏​ប្រែ ភក្ត្រ​ទៅជា​ក្រៀម​ស្រពោន​រញម​ដួងចិត្ត​…​បន្តិច​មក ទើប​ឮ​មិត្ត​យើង​ពោល​ឡើង​នូវ​សំនៀង​សោយសោក ៖
– តាម​ការពិតទៅខ្ញុំ​ក៏​ស្រឡាញ់​នាង​វិញ​ដែរ​តែ​ខ្ញុំ​មាន​ផលវិបាក​របស់ខ្ញុំ ។ តើ​នាង​មាន​យល់​អំពីផលវិបាក​របស់ខ្ញុំ​ដែរ​ទេ ?
​នាងក្រមុំក៏​ក្រោក​អង្គុយ​ទាំង​បេះដូង​លោត​ក្តុក​ក្តា​ក់​ភ្ញាក់​នឹង​សំឡេង​ វ៉ាន់​ថន ដែល​ពោល​មុននេះ … ។ (​សូម​រង់ចាំ​អាន​ភាគ​បន្ត​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច