សង្ឃ​ធុតង្គ​គង់នៅ​អាស្រម​ភ្នំ​ជ្រោះ​ទឹក ល្បី​ព្យាបាល​ជំងឺ​

​ព្រះសង្ឃ​ធុតង្គ​មួយអង្គ​គង់នៅ​ក្នុង​អាស្រម​ភ្នំ​ជ្រោះ​ទឹក​ដែល​អ្នក ស្រុក​នៅ​ទីជិត​ឆ្ងាយ​មានជំនឿថា​ចេះ​ទស្សន៍ទាយ ព្យាបាល​ជំងឺ និង ប្រាប់លេខឆ្នោត​បាន​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ ។ កន្លងមក​មាន​អ្នក​ចាក់​លេខឆ្នោត​ត្រូវចំ​លេខ​ធំ ហើយ​គេ​បាន​ជួយ​កសាង​ផ្លូវលំ​មួយ​ខ្សែ​ចូលទៅ​អាស្រម​ប្រគេនព្រះអង្គ​ទៀតផងដើម្បី​ជា​កិច្ច​តបស្នង​សងគុណ ។​

អាស្រម​ភ្នំ​ជ្រោះ​ទឹក​ស្ថិតនៅ​ក្នុងភូមិ​នៀល ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទីតាំងឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​បន្តិចដែល​នៅតាម​ជើងភ្នំ​គេ​សង្កេតឃើញ​មាន​ចម្ការ​ដំណាំ​ម្ទេស ត្រឡាចរាប់ហិកតារ ។ បើតាម​ប្រសាសន៍​លោកតា នុ​ន ភន ដែលជា​អ្នក​ផ្តើមកសាង​អាស្រម​បានឱ្យដឹងថា សាលា​ទីនេះ ទើប​ចាប់ផ្តើម​កសាងបាន​មួយឆ្នាំ​ប៉ុណ្ណោះ​ពីមុន​ជា​ព្រៃភ្នំ​ស្ងាត់ឈឹង ។ មូលហេតុ​ដែល​កសាង​ទីកន្លែង​នេះ​អាស្រ័យ​ដោយនៅ​ខែអាសាឍ​ជា​រៀងរាល់ឆ្នាំ ពួក​អ្នក​ស្រុកភូមិ​តែងតែ​និមន្ត​ព្រះសង្ឃ​មក​ធ្វើបុណ្យ​សុំ​ទឹកភ្លៀង​នៅទីនេះ ។ ទំនៀមទម្លាប់​បុណ្យ​សុំ​ទឹកភ្លៀង​នៅ​ភ្នំ​ជ្រោះ​ទឹក​នេះ​បាន​បន្តវេន​ដូនតា​តាំងពី​ជំនាន់​ដើមរហូតមកដល់​សព្វថ្ងៃ​មិនដែល​ខាន​នោះទេគឺ​ខាន​តែ​សម័យ ប៉ុល ពត ប៉ុណ្ណោះ ។

https://drive.google.com/file/d/0B5gqN3FWIxPzdDJIS0EzN0dIOXM/view?usp=sharing

មូលហេតុ​គេប្រកាន់យក​ទីនេះ​ជា​កន្លែង​គោរព​សក្ការៈ ព្រោះតែ​នៅទីនេះ​មាន​អ្នក​ត្រង់​បង់បត់​ស្នាក់នៅ​តែងតែមាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ ។ លោកតា​បញ្ជាក់ថានៅទីនេះ​កាលពីដើម​ពូកែ​ខ្លាំងណាស់ បន្ទាប់ពី​ធ្វើ បុណ្យ​ហើយ​សា​រោង​កន្ទេល​មិនទាន់​ផង ភ្លៀង​ធ្លាក់​ពេញៗ​ស្រែ​ភ្លាម ។ សម័យ​ឥឡូវ​ហាក់​លែង​សូវ​ស័ក្តិសិទ្ធិ​ដូច​មុនៗ ជួន​ភ្លៀង​ជួន​អត់​ខុសពី​សម័យ​ដើម ព្រោះ​ព្រះសង្ឃ​ចេះ​សូត្រធម៌​មហាមេឃនិងមហា​កល្បតែ​ឥឡូវនេះ​ព្រះសង្ឃ​មិនសូវ​ចេះ​ធម៌​នោះទេ​ទើបបានជា​មិន​ស័ក្តិសិទ្ធិ​បែបនេះ ។ ទោះបីជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​យើង​នៅតែ​ប្រារឰ​បុណ្យ​នេះ​ដដែល ដោយ​មិន​ហ៊ានអាក់ខាន​ទេ ព្រោះ​ខ្លាច​បាត់បង់​ទម្លាប់​ដូនតា ។

មួយទៀត​បន្ទាប់ពី​សាង​សង់សាលា​រួចមកអ្នកស្រុកភូមិ​បាន​និមន្ត​ព្រះសង្ឃ​ធុតង្គ​មួយអង្គ​មក​គង់នៅ​ទីនេះ​ព្រោះ​ព្រះអង្គ​ពូកែ​ខាង​ទស្សន៍​​ទាយ​រាសី និង មើលជំងឺ ។ លោកតា​ឱ្យដឹង​បន្ថែមទៀតថា កាលពី​ជំនាន់ដើម​អ្នក​ស្រុកភូមិ​នៅទីនេះ​តែងតែ​មក​អុជ​ធូប​សុំ​ខ្ចីចាន​ឆ្នាំង និង ប្រដាប់​កី តម្បាញ​ពី​អ្នក​ត្រង់​បង់បត់ តែ​ឥឡូវ​ជំនឿ​នេះ​បាន​សាបសូន្យ​អស់ហើយ ។​

https://drive.google.com/file/d/0B5gqN3FWIxPzckgtM09paTE0OHc/view?usp=sharing

​ព្រះ​តេជគុណ ផន ហៅ​លោកតា ប៉ោក ជា​សង្ឃ​ធុតង្គ​គង់​ចាំ​ព្រះវស្សាក្នុង​អាស្រម​ភ្នំ​ជ្រោះ​ទឹក​នោះ​មាន​ថេរ​ដីកា​ឱ្យដឹងថា​«​អាត្មា​ទើបតែ​មក​គង់នៅក្នុង​ទីនេះ​​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ អាត្មា​បួស​តាំងពី​តូច​មកម៉្លេះដោយ​បួស ដំបូង​គង់នៅ​វត្ត​អង្គ​ឈូក ស្រុក​ឈូក ខេត្តកំពត ហើយ​តែងតែ​និមន្ត​ធ្វើ​ធុតង្គ គ្រប់​ព្រៃភ្នំ​មិនសូវ​ដែល​នៅ​វត្ត​កំណើត​ឡើយ ។ អាត្មា​តែងតែ​និមន្ត​ទៅគ្រប់​ភ្នំ ដូចជា​ភ្នំ​ព្រះ​ឱង្ការ ភ្នំ​ដំរី​រមៀល ភ្នំ​ជ្រោះ​តូច ជ្រោះ​ធំ និង គង់នៅ​ជាប់​បានយូរ​ជាងគេ​គឺ​នៅ​ភ្នំ​ឈ្ងោក បច្ចុប្បន្ន​មក​គង់នៅ​ភ្នំ​ជ្រោះ​ទឹក​នេះឯង ។ កាលពី​អាត្មា​មក​គង់នៅ​ដំបូង អាស្រម​ភ្នំ​ជ្រោះ​ទឹក​ពិបាក​ណាស់​ផ្នែក​ទឹក​ប្រើប្រាស់ ចំណែក​ចង្ហាន់ ភេសជ្ជៈ មិន​ខ្វះខាត​ឡើយ​ព្រោះ​បរិស័ទ​ប្រគេន​ជាប់ ។

អាស្រ័យហេតុនេះ​អាត្មា​បាន​ដុត​ធូប​និយាយប្រាប់​បារមី​ភ្នំ​ថា បើ​ចង់ឱ្យ​អាត្មា​គង់ នៅ​កសាង​ទីនេះ លុះត្រាតែ​មានទឹក​ស្រង់ ចង្ហាន់​ឆាន់​គ្រប់គ្រាន់ ។ បើ​មិន ដូច្នោះ​ទេ​អាត្មា​នឹង​និមន្ត​ត្រឡប់​ទៅវិញ​ហើយ ។ ក្រោយមក​មិនយូរប៉ុន្មាន ស្រាប់តែ​កើតហេតុ​អស្ចារ្យ​មួយ​មាន​ថ្លុក​ថ្ម​មួយ​ស្រាប់តែ​ទឹក​ចេញ​ថ្លាឈ្វេង ទោះ បី​ដង​ប្រើប្រាស់​យ៉ាងណា​ក៏​មិនចេះ​រីង​ដែរ ។ មួយទៀត​ភ្នំ​នេះ​កាលពី​កំលុង ឆ្នាំ ២០០០ ស្រាប់តែ​ប្រេះ​ចេញពី​គ្នា​ប្រវែង​ជា ១០ ម៉ែត្រ ធ្វើឱ្យ​ផ្អើល​អស់​មនុស្សម្នា​ទៅ​មើល​គ្រប់ៗ​គ្នា រួច​ក៏​ជាប់​ឈ្មោះ​ថ្មី​មួយ​ទៀតថា​ភ្នំ​ប្រេះ ។

ដោយសារ​តែ​ហេតុការណ៍​នេះ​បានធ្វើឱ្យ​អ្នកស្រុក​ភូមិ​មួយចំនួន​ភិតភ័យ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា នឹង​កើតហេតុ​ការណ៍​ផ្ទុះ​ភ្នំភ្លើង ។ អាត្មា​បាន​បកស្រាយ​តាម សមាធិ​ថា មិនមែន​ភ្នំភ្លើង​ផ្ទុះ​នោះទេ​វា​គ្រាន់តែ​បាក់ស្រុត​ធម្មតា​គ្មានអ្វី​គួរឱ្យបារម្ភ​ឡើយ ។ ទន្ទឹមគ្នា​នោះដែរ​នៅពេល​អាត្មា​មក​គង់នៅ​ទីនេះ​ហាក់​មាន ឫទ្ធិ​កាន់តែ​ពូកែ​ជាង​មុនៗ​ទៅទៀត ហើយ​មាន​ញាតិ​ញា​ម​អ្នកជំងឺ និង អ្នកមក​ទស្សន៍ទាយ​រាសី​រកស៊ី​កាន់តែច្រើន​ចេញចូល​រក​អាត្មា​រាល់ថ្ងៃ​»​។

https://drive.google.com/file/d/0B5gqN3FWIxPzWXhVeDE0SnMxZVU/view?usp=sharing

​ព្រះ​តេជគុណ ប៉ោក មាន​ថេរ​ដីកា​បន្តថា ‘​មន្ត​វិជ្ជាការ​នេះ​កើតឡើង ពី​បារមី​អ្នក​ត្រង់​បង់បត់​ម្ចាស់​ភ្នំ ដែល​កាលពី​ជំនាន់​ដើម​អ្នកស្រុក​ភូមិ​ធ្លាប់​ខ្ចី ចានឆ្នាំង​បាន ឥឡូវ​ខ្ចី​លែង​បាន​ហើយ តែ​បែរជា​មកកាន់​អាត្មា​ដើម្បី​ជួយ​ប្រោស សត្វលោក​ទៅវិញ ។ មួយទៀត​ទឹក​ចេញពី​ថ្លុក​ថ្ម​នេះ​ជា​របស់​អ្នក​ត្រង់​បង់បត់ នោះ​ដែល​អាត្មា​បួងសួង​សុំ​មិន​ត្រឹម​ផឹក​ងូត​ស្រង់​បានទេ តែ​កប​ទៅលើ​ជំងឺ​ច្រើន​មុខ ។ ពេល​ស្រោច​ទឹក​អ្នក​ឈឺ អាត្មា​តែងតែ​ដងទឹក​ថ្លុក​ថ្ម​នេះ ហើយ​រហ័ស​ជាសះស្បើយ​ណាស់ ជាង​ទឹក​ដង​ពី​កន្លែង​ផ្សេងៗ ។ មិន​ត្រឹមតែ​ទស្សន៍ទាយ និង មើលជំងឺ​ប៉ុណ្ណោះ​ទេ ពេលខ្លះ​អាត្មា​ក៏​រពឹសមាត់​ប្រាប់​លេខឆ្នោត​គេ ចាក់​ត្រូវ​ទៀតផង ។

រាល់ថ្ងៃ​មាន​អ្នកខ្លះ​មកសុំ​លេខ​ដែរ ប្រាប់​ទៅ​ខ្លះ​ចាក់​ត្រូវ ខ្លះទៀត​ចាក់​ខុស​ក៏មាន តែ​អាត្មា​មិន​ងាយ​ប្រាប់​ទេ​ព្រោះ​ជា​ល្បែងស៊ីសង ។ កាលពីមុន​មិនមាន​ផ្លូវ​ចូលមក​អាស្រម​នេះ​ទេ គឺ​ធ្វើដំណើរ​កាត់​ចម្ការ​របស់​អ្នក ស្រុក ហើយ​ផ្លូវ​នេះ​ទើបតែ​កសាង​រួចរាល់​នៅ​ប៉ុន្មាន​ខែ​កន្លងមក​ប៉ុណ្ណោះ ។ បន្ទាប់ពី​អាត្មា​ធ្លាប់​ប្រាប់​កន្ទុយលេខ​ឱ្យគេ​ចាក់​ត្រូវបាន​ប្រាក់​ច្រើន ហើយ​គេ​ក៏ ដឹងគុណ​ចេញ​ប្រាក់​មួយចំនួនធំ​ដើម្បី​ជួយ​ធ្វើ​ផ្លូវលំ​មួយ​ខ្សែ​ប្រគេន​អាត្មា រួម ជាមួយ​បរិស័ទ​ខ្លះទៀត មាន​ប្រវែង ១.១០០ ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើ ដំណើរ​ទៅមក​» ។​

​លោក ខាត់ មាស ជា​ប្រធាន​សហគមន៍​ព្រៃឈើ​ភូមិ​នៀល​បាន​មាន ប្រសាសន៍​ឱ្យដឹងថា ‘​ព្រះ​តេជគុណ​អង្គ​នេះ​លោក​ជាស​ង្ឃ​គួរឱ្យ​ជ្រះថ្លា ប្រាថ្នា តិច តែងតែ​ធ្វើ​ធុតង្គ និង កិច្ចការ​ក្នុង​វត្ត​ព្រឹកល្ងាច​មាន​ឥន្ទ្រិយ​រំងាប់ ហើយ ស័ក្តិ​សមជា​ស្រែបុណ្យ​ដ៏​ល្អ​មែន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​តែងតែ​មក​ពឹង​ឱ្យ​ព្រះអង្គ​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ ហើយ​បានជា​សះស្បើយ​ច្រើន​គ្នា​មកហើយ ។ ព្រះអង្គ​ព្យាបាល​កប​នឹង​ជំងឺ​គ្រប់មុខ មាន​រលាក​ក្រពះ ឈឺ​តម្រង នោម ត្រូវ​អំពើ​គេ ខ្មោច​ព្រាយ​បិសាច ជាដើម ។ របៀប​ព្យាបាល​របស់​ព្រះ អង្គ​គឺ​ស្រោច​ទឹក ដោយ​ប្រើ​បាលី​គាថា​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ រួមផ្សំ​នឹង​ទឹក​ថ្លុក ថ្ម​អ្នក​ត្រង់​បង់បត់​នេះ​ផង ។ ក្រៅពី​មាន​អ្នក​មក​ទស្សន៍ទាយ និង ព្យាបាល ជំងឺ ខ្ញុំ​តែង​សង្កេតឃើញ​អ្នកខ្លះ​មកសុំ​កន្ទុយលេខ​ផងដែរ​» ។​

​ចាប់តាំងពី​ប្រជា​បរិស័ទ​បង្កើត​អាស្រម​ហើយ​មាន​ព្រះសង្ឃ​មក​គង់ នៅ​កាលណា​ព្រៃឈើ​ទំហំ ៤១១ ហិកតារ នៅទីនេះ​គង់វង្ស​ច្រើន​លែងមាន អ្នក​កាប់បំផ្លាញ​ដូច​មុន​ទៀតឡើយ ។ លោក ខាត់ មាស បានឱ្យដឹង​ទៀតថា​ភ្នំ​ជ្រោះ​ទឹក​នេះ​អ្នកខ្លះ​ហៅថា​ភ្នំ​គុហា ព្រោះ​មាន​រូង​ថ្ម​ធំ​មួយ​នៅលើ​កំពូលភ្នំ មិនដឹង​ជា​រូង​សត្វ​សាហាវ ឬ រូង​អ្នក​ត្រង់​បង់បត់​នោះទេ តែ​គ្មាន​នរណា​ហ៊ានចូល​ឡើយ មានតែ​ព្រះសង្ឃ​ធុតង្គ​នេះ​មួយអង្គ​ប៉ុណ្ណោះ​ដែល​ធ្លាប់​ទៅធ្វើ សមាធិ​នៅ​ទីនោះតែ​មិនមាន​ឃើញ​អ្វី​ឡើយ​ក្រៅតែពី​ស្បៃ​ងងឹត ។ កាលពីជំនាន់​ដើម​វិញ​រៀងរាល់​ថ្ងៃសីល​ពេល​គេ​មករក​កាប់​អុស បោចវល្លិ គឺ​តែង តែ​ឮ​សំឡេង​ពិណពាទ្យ​អ្នក​ត្រង់​បង់បត់​លាន់ឮ​ឡើង​រងំ​ព្រឺក្បាល​ខ្ញាកៗ ។ នៅយប់​ថ្ងៃសីល​ខ្លះ​មើល​ពី​ភូមិ​ស្រុក​ទៅ​ឃើញ​ពន្លឺ​ចង្កៀងម៉ាំងសុង​អ្នក​ត្រង់​បង់បត់​ភ្លឺ​ចិញ្ចាច​ពី​កំពូលភ្នំ ៕​ ​ ​​កែវ សិលា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច