កូន​ទុក​ម្តាយ​ជរា​ឲ្យ​នៅឯ​កោ​

ឆាកជីវិត​មនុស្ស​រមែង​កើតមក​មិន​ដូចគ្នា​ទេ អ្នកខ្លះ​បានកើត​ក្នុង​ត្រកូល​អ្នកមាន​ស្តុកស្តម្ភ​មាន​ប្រាក់​ចាយវាយ​មិន​អស់ ដោយ​ចាត់ទុកថា​ជា​ព្រេងវាសនា​ល្អ​របស់គេ​ដែលជា​ទម្លាប់​ចាស់ៗ​ពី​ដើម​តែង​និយាយថា គេ​មាន​សម្ពាយ​បុណ្យ​ច្រើន​ទើប​ជាតិ​នេះ​មាន​ភ័ព្វសំណាង​ខ្ពស់​បែបនេះ ។ ចំណែក​អ្នក​ខ្លះទៀត​កើតមក​ភ្លាម​ក៏បាន​ក្លាយទៅជា​ក្មេង​កំព្រា​ឬ អនាថា​ដែល​គេ​ចាត់ទុកថា​ជាសម្ពាយ​កម្ម​របស់គេ បើ​និយាយ​តាម​ធម៌​ព្រះពុទ្ធគឺ​មកពី​គេ​សាង​បាបកម្ម​ច្រើន​កាលពី​ជាតិ​មុនទើប​កើត​ក្នុង​ជាតិ​នេះ​លំបាក​វេទនា ។ ជាក់ស្តែង​ដូច​លោកយាយ ម៉ាង ថូន ដែលមាន​ទីលំនៅ​ក្នុងភូមិ​សម្បួរ ឃុំ​ព្រៃ​តា​ហ៊ូ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បច្ចុប្បន្នជីវភាព​រស់នៅ​របស់​គាត់​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង ហើយ​ថែមទាំង​មាន​ជំងឺ​ប្រចាំកាយ​ទៀតផង ។

https://drive.google.com/file/d/0B5gqN3FWIxPzNkJjLVgzbzRNaWc/view?usp=sharing

​បើតាម​លោក ប៉ុល ប៉ាន់ អាយុ ៧២ ឆ្នាំ ជា​មេភូមិ​សម្បួរ បាន​ប្រាប់​ឱ្យដឹងថា ពីដំបូង​ឡើយ​លោកយាយ ម៉ាង ថូន មាន​ជីវភាព​គ្រាន់បើ​ដូច​គេដូច​ឯង​ដែរ និយាយ​ទៅ​គាត់​មាន​ដី​សម្រាប់ធ្វើ​ផ្ទះ រួមទាំង​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល​ដូច​អ្នកភូមិ​ដទៃទៀត​ដែរ ។ ចាប់តាំងពី​គាត់​បាន​ផ្លាស់ប្តូរ​ទីលំនៅទៅ​រស់នៅ​ជាមួយ​ប្តី​អស់​រយៈពេល​ជា​យូរ​ឆ្នាំ ហើយ​ទើប​វិលត្រឡប់​មកវិញ អីចឹ​ង​អ្វីៗ​ដែល​ធ្លាប់ជា​កម្មសិទ្ធិ​របស់លោក​យាយ​មួយចំនួនបាន​ធ្លាក់​ទៅជារបស់គេ​អស់រលីងមិន​ថា​ជា​ដី​ផ្ទះ ឬ ដីស្រែ​នោះទេ ។ ​លោកតា​ប្រធានភូមិ​បាន​និយាយ​បន្តទៀតថា សព្វថ្ងៃ​លោកយាយ ម៉ាង ថូន មាន​ជីវភាព​លំបាក​ណាស់​ដោយ​មិនមាន​មុខរបរ​ធ្វើ​ពិតប្រាកដ​គ្មានអ្វី​ជាទី​ពឹង​នោះទេ ។

ជីវភាព​របស់គាត់​ពឹងពាក់​អ្នកជិតខាង និង ប្អូនស្រី​បង្កើត​ម្នាក់​ដែលមាន​ផ្ទះ​នៅក្បែរនោះ​តែងតែ​ហុច​បាយទឹក​ដល់​លោកយាយ​ជា​ញឹកញាប់​ដែរ ។ លោកយាយ​រស់នៅ​ដោយ​ក្តី​វេទនា​អស់​រយៈពេល​ជា​យូរ មកហើយ ហើយ​គាត់​ជា​ស្ត្រី​មេម៉ាយ​ផងដែរ ដោយ​ប្តី​របស់គាត់​បាន​ស្លាប់ចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ លោកយាយ ម៉ាង ថូន មិនមែន​ធ្លាប់មាន​ប្តី​ម្នាក់​នោះទេ គឺ​គាត់​ធ្លាប់មាន​ប្តី​ដល់​ទៅ​ពីរ​នាក់ ដោយ​ប្តី មុន​បាន​ស្លាប់​ក្នុងសម័យ ក ៥ កំលុង​ឆ្នាំ ១៩៨៥ ទៅ ១៩៨៧ ពោលគឺ​បាត់ដំណឹង​សូន្យឈឹង​តែម្តង ដែល​ការរួមរស់​ជាមួយ​ប្តី​មុន​លោកយាយ​មានកូន បីនាក់​ដែរ ។

https://drive.google.com/file/d/0B5gqN3FWIxPzbWRCa2pGNFpna3M/view?usp=sharing

បន្ទាប់មក​គាត់​យកប្តី​មួយទៀត ហើយ​គាត់​ទៅ​រស់នៅ​ស្រុក ខាង​ប្តី​ក្រោយ បានកូន​ប្រុស​ម្នាក់ ។ រស់នៅ​មិនបាន​យូរ​ប៉ុន្មាន​ប្តី​ក្រោយ របស់គាត់​ក៏​លាចាក​លោក​ចោល​គាត់​ទៀត ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​ស្ត្រីមេម៉ាយ​ម្តងទៀតរស់នៅក្នុង​ក្តី​ទុក្ខសោក​ក្រៀមក្រំ​បំផុត ។ ក្រោយពី​ប្តីក្រោយ​ធ្វើ​មរណកាល​ទៅ​លោកយាយ​ក៏បាន​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅក្នុង​ដី​កំណើត​វិញគឺ​នៅ​ក្នុងភូមិ​សម្បួរ​នេះឯង ដោយមាន​ដី​មួយ​ប្លង់​តូច និង ដីស្រែ​ដ៏​តិចតួច​ប៉ុណ្ណោះ​សម្រាប់​បង្កបង្កើនផល​គ្រាន់​នឹង​ចិញ្ចឹម​ក្រពះ ។

លោក​ប្រធានភូមិ​បាន​បន្ថែមថា កូនប្រុស​ពៅ​របស់​លោកយាយ ម៉ាង ថូន មាន​សតិ​ដូចជា​មិនសូវ​គ្រប់​នោះទេ ហើយ​មាន​ពេល​មួយ​កូន គាត់​ចង់​បួស​ជា​លោកសង្ឃ​តែ​គ្មាន​ប្រាក់កាស​ដើម្បី​សាង​ផ្នួស លោកយាយ ក៏​សម្រេចចិត្ត​យក​ដីស្រែ​ចុងក្រោយ​មួយ​ប្លង់​ដាក់បញ្ចាំ​ដើម្បី​យកប្រាក់​ឱ្យ កូនពៅ​បាន​សាង​ផ្នួស​នឹង​គេ តែ​បួស​មិន​បានយូរ​ប៉ុន្មាន​ក៏​សឹក​មកវិញ ដោយ លោកយាយ​មិនទាន់​ទាំង​បាន​លោះ​ដី​បញ្ចាំ​នោះមក​វិញ​ផង ។ នេះ​រឹតតែបន្ថែម​បន្ទុក​ដល់​លោកយាយ គឺ​ធ្វើឱ្យ​គាត់​កាន់តែ​ក្រីក្រ​ជាង​មុន​ទៅទៀត ។សព្វថ្ងៃ​កូនប្រុស​របស់លោក​យាយ​ម្នាក់នេះ​បាន​ទៅធ្វើ​ការ​សំណង់​នៅឯ​ខេត្ត សៀមរាប​ឯណោះ ហើយក៏​មិនមាន​ដំណឹង​អ្វី​នោះដែរ ។

https://drive.google.com/file/d/0B5gqN3FWIxPzbFNwSnZQejJFRlE/view?usp=sharing

​បើតាម​បងស្រី ម៉ាង ថន ជា​ប្អូនស្រី​របស់លោក​យាយ ម៉ាង ថូន បាន ប្រាប់​ឱ្យដឹងថា លោកយាយ ម៉ាង ថូន មាន​អាយុ ៥៥ ឆ្នាំ មានកូន ៤ នាក់ ( ប្រុស ២ នាក់ ស្រី ២ នាក់ ) សព្វថ្ងៃ​រស់នៅ​តែម្នាក់ឯង​មិនមាន​កូន​ណា ម្នាក់​រស់​ក្បែរ​គ្រាន់​នឹង​បាន​មើលថែ​លោកយាយ​ក្នុង​វ័យ​ចាស់ជរា​នោះឡើយ ។ ប្តី​លោកយាយ ម៉ាង ថូន ស្លាប់​តាំងពី​កូនប្រុស​ពៅ​ទើបតែ​មាន​អាយុ​ប្រហែល ៦ ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​គាត់​ត្រូវ​ចិញ្ចឹម​កូនៗ​ទាំង ៤ នាក់​តែម្នាក់ឯង​ក្នុង​ភាពលំបាក​វេទនា​ក្រៃលែង ដល់​កូនៗ​ធំ​ពេញវ័យ​មាន​ប្តី​ប្រពន្ធ​អស់​ទៅ​គេ​បែក គ្រួសារ​ទៅ​រស់នៅ​ទីទៃ ។

កូនៗ​ទាំងនោះ​មិនដែល​បាន​ប្រាក់កាស ឬ បាន​អ្វី​ជូន​ម្តាយ​វិញ​ឡើយ គេ​គិតតែ​ប្តី​ប្រពន្ធកូនៗ​របស់គេ​តែប៉ុណ្ណោះ ដោយទុកឱ្យ​លោកយាយ​រស់នៅ​ម្នាក់ឯង​ក្នុង​វ័យ​ជរា​ដែល​ត្រូវការ​ការថែទាំ និង ការយកចិត្តទុកដាក់​ពី​កូនៗ​ទាំងនោះ​វិញ ព្រោះ​គ្មាន​កម្លាំងកំហែង​មាំមួន​អាចធ្វើការ​បាន​ដូច​មុន​ឡើយ ។ មិន​ត្រឹម​តែមាន​ជីវភាព​ក្រីក្រ​នោះទេសព្វថ្ងៃគាត់​ក៏មាន​ជំងឺ​ប្រចាំកាយ​ផងដែរ​គឺ​គាត់​មាន​ជំងឺ​សតិ​មិនល្អ ពេលខ្លះ​សភាព ធម្មតា​អាច​និយាយ​ស្តាប់​គ្នា​បាន ពេលខ្លះទៀត​និយាយ​ស្តាប់​គ្នា​មិនបាន​ទេគឺ​វង្វេងវង្វាន់ ។

លើសពីនេះ​លោកយាយ​តែង​ដើរ​ចេញពី​ខ្ទម​រៀងរាល់ ថ្ងៃ គឺ​ដើរ​ទៅនេះ​បន្តិចទៅនោះ​បន្តិច តែ​មិនដែល​ដើរ​ទៅណា​ឆ្ងាយ​នោះទេ ដល់ពេល​រសៀល​បន្តិច​គាត់​ត្រឡប់មក​ខ្ទម​កម្សត់​របស់គាត់​វិញ ។ ​ជីវិត​សត្វលោក​កើតមក​តែងតែ​មិន​ទៀង ជួន​ជួប​ភ័ព្វ​សំណាងល្អជួនជួប​រឿង​ទុក្ខសោក និង រឿង​លំបាក​វេទនា​ក្នុង​ជីវិត​ដែល​មិនអាច​គេចផុត តែអ្វីៗ​មិនមែន​សុទ្ធតែ​មកពី​ព្រេងវាសនា​ទាំងអស់​នោះទេគឺ​វា​ក៏​អាស្រ័យ​ទៅលើ​បុគ្គល​ម្នាក់ៗ​ជា​អ្នកកំណត់​ព្រេងវាសនា និង អនាគត​របស់​ខ្លួនឯង​ដែរតាមរយៈ​ការខិតខំ​ប្រឹងប្រែង និង ការព្យាយាមដើម្បី​ជម្នះ​ឧបសគ្គចំពោះមុខមិនត្រូវ​ដេកចាំ​ព្រេងវាសនាឬព្រហ្ម​លិខិត​នោះទេ៕​ ​ភោគ តុលា​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច